ប្រធានាធិបតី​កូ​ឡុំ​ប៊ី ប្រតិកម្ម​ជុំវិញ​ការចោទប្រកាន់ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ !

ព្រឹត្តិការណ៍ថ្មីៗ
0
468
​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹងដាក់​បន្ទុក​ក្នុងការ​ទទួលខុសត្រូវ​ជុំវិញ​អរិភាព​ថ្មី​មួយ​ប្រឆាំងនឹង​ទីក្រុង​កា​រ៉ា​កាស់ ទៅលើ​រដ្ឋាភិបាល​កូ​ឡំ​ប៊ី បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ បានទទួល​បរាជ័យ​កាលពី​ម្សិលម្ង៉ៃ​នេះ​។​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​ភេរ​វករ ៦ នាក់ និង​ឃាតករ​ស៊ីឈ្នួល​ជាច្រើន​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ធ្វើឃាត​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ តាម​ការចោទប្រកាន់​វាយប្រហារ ដោយ​ប្រើ​យន្តហោះ​ដ្រូ​ន​។ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​លោក Nestor Reverol បាន​និយាយថា មនុស្ស​ជាច្រើន​នាក់ អាច​នឹងត្រូវ​ចាប់ខ្លួន​ជា​បន្តទៀត​នៅ​ប៉ុន្មាន​ម៉ោង​ខាងមុខនេះ​។​លោក Reverol បាន​និយាយថា ទាហាន ៣ នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង ៤ នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ការវាយប្រហា​រដែ​ល​គេ​សង្ស័យថា​មាន​ការជាប់​ទាក់ទិន​ទៅនឹង​យន្ត​ហ្រោះ​ដូន ២ គ្រឿង​។ លោក​បាន​ពិពណ៌នា​ពី​ការវាយប្រហារ​នោះ​ថា ជា​អំពើ​ឧក្រិដ្ឋកម្ម និង​ការធ្វើឃាត និង​បាន​ថ្លែងថា សម្ភារ និង​អ្នកបង្កើត​នៅ​ខាងក្នុង និង​ក្រៅប្រទេស​នេះ​ត្រូវ​បានកំណត់​អត្តសញ្ញាណ​។​ ​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយថា «​យើង​សូម​ប្រកាសថា យើង​នឹងធ្វើ​ការស្តីបន្ទោស​ទៅលើ​រដ្ឋាភិបាល​កូ​ឡំ​ប៊ី​សម្រាប់​ការឈ្លានពាន ឬ​ការប៉ុនប៉ង ដើម្បី​គាំទ្រ​ការ​ញុះញង់​ប្រឆាំង​រដ្ឋាភិបាល​សាធារណរដ្ឋ​បូ​លី​វ៉ា​រី ពី​សំណាក់​តំបន់​ព្រំដែន​កូ​ឡំ​ប៊ី​»​។​ ​ជុំវិញ​បញ្ហា​នេះ​ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក ហ័ន ម៉ា​នុយ​អែល សាន់​តូ​ស នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ទាត់ចោល ព្រមទាំង​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការចោទប្រកាន់ថា​លោក​ជា​អ្នក​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​។ នេះ​បើតាម​ការចេញ ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​ចន្ទ ទី​០៦ ខែសីហា ឆ្នាំ​២០១៨​។​ ​ប្រតិកម្ម​របស់ លោក សាន់​តូ​ស ធ្វើឡើង​បន្ទាប់ពី​លោក ម៉ា​ឌូ​រ៉ូ ផ្ទាល់​បាន​ចោទប្រកាន់​រូបលោក​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើ ឃាត​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​រូបនេះ ដោយ​យន្ដហោះ​ដ្រូ​ន ដែល​បំពាក់​ដោយ​គ្រឿងផ្ទុះ​។ មួយវិញទៀត លោក​សាន់​តូ​ស ក៏បាន​បរិហា​ផងដែរ​ថា ការចោទប្រកាន់​របស់​លោក ម៉ា​ឌូ​រូ គឺ​គ្រាន់តែ​ជា​លេស​ដើម្បី​ពង្រឹង​អំណាច​របស់ខ្លួន បង្ក្រាប​និង​បំបិទ សំឡេង​អ្នកប្រឆាំង​តែប៉ុណ្ណោះ​៕