រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ហៅ​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ជា​ស្នាដៃ​របស់​ប្រទេស​កូ​ឡំ​ប៊ី ប៉ុន្តែ​សហរដ្ឋអាមេរិក​អះអាងថា​រដ្ឋាភិបាល​ទីក្រុង​កា​រ៉ា​កាស់​ខ្លួនឯង​ទំនងជា​អ្នក រៀបចំ​ឈុត​ឆាត​នៃ​ការវាយប្រហារ​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
331
(​ទីក្រុង​ម៉ិចស៊ីកូ​)៖ រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹងដាក់​បន្ទុក​ក្នុងការ​ទទួលខុសត្រូវ​ជុំវិញ​អរិភាព​ថ្មី​មួយ​ប្រឆាំងនឹង​ទីក្រុង​កា​រ៉ា​កាស់ ទៅលើ​រដ្ឋាភិបាល​កូ​ឡំ​ប៊ី បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ បានទទួល​បរាជ័យ​កាលពី​ម្សិលម្ង៉ៃ​នេះ​។​ ​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយថា «​យើង​សូម​ប្រកាសថា យើង​នឹងធ្វើ​ការស្តីបន្ទោស​ទៅលើ​រដ្ឋាភិបាល​កូ​ឡំ​ប៊ី​សម្រាប់​ការឈ្លានពាន ឬ​ការប៉ុនប៉ង ដើម្បី​គាំទ្រ​ការ​ញុះញង់​ប្រឆាំង​រដ្ឋាភិបាល​សាធារណរដ្ឋ​បូ​លី​វ៉ា​រី ពី​សំណាក់​តំបន់​ព្រំដែន​កូ​ឡំ​ប៊ី​»​។​ ​សេចក្តីថ្លែងការណ៍​បាន​និយាយថា ការពិត​ដែល​ប្រទេស​កូ​ឡុំ​ប៊ី​មិនបាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ទៅលើ​ម៉ា​ឌូ​រ៉ូ​នោះ គឺ​គួរឱ្យភ្ញាក់ផ្អើល​។ ទីក្រុង​កា​រ៉ា​កា​ក៏បាន​ចោទប្រកាន់​ទីក្រុង​បូ​ហ្គោ​តា ពីបទ​ធ្វើ​សកម្មភាព​ឈ​ញ​លាន​ពាន​បន្ត និង​ការ​បង្កហេតុ​ប្រឆាំងនឹង​ប្រជាជន និង​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​កត់សម្គាល់ថា ប្រជាជន​របស់ខ្លួន​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ការជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ក្រុម​ឧកញ៉ា​កូ​ឡុំ​ប៊ី​។​ ​សូម​រំឭកថា កាលពី​ថ្ងៃ​សៅរ៍ មាន​ករណី​ផ្ទុះ​មួយ​បាន​កើតឡើង​ក្នុងអំឡុងពេល​សុន្ទរកថា​របស់លោក​ម៉ា​ឌូ​រ៉ូ នៅឯ​ក្បួន​សមយុទ្ធ​យោធា​មួយ នៅក្នុង​ទីក្រុង​កា​រ៉ា​កា​។ អាជ្ញាធរ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក្រោយមក​បាន​និយាយថា​ឧបទ្ទវ​ហេតុនេះ​គឺជា​ការប៉ុនប៉ង​ធ្វើឃាត​ទៅលើ​លោក ម៉ា​ឌូ​រ៉ូ ជាមួយនឹង​ការប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​បំពាក់​គ្រឿងផ្ទុះ​។ លោក​ម៉ា​ឌូ​រ៉ូ​បាន​ចោទប្រកាន់​ក្រុមប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​កូ​ឡុំ​ប៊ី​ដោយបាន​បន្ថែមថា ជនល្មើស​មួយចំនួន​បានរស់នៅ​ក្នុង​សហរដ្ឋអាមេរិក​។ ដោយឡែក ទាំង​ទីក្រុង​បូ​ហ្គូ​តា និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ​ការពាក់ព័ន្ធ​ណាមួយ​នៅក្នុង​ហេតុការណ៍​នេះ​។​ ​ទំនាក់ទំនង​រវាង​កូ​ឡុំ​ប៊ី និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ដែល​ប្រទេស​ទាំង​ពីរបាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​រៀងៗ​ខ្លួន​ជាច្រើនលើក​ច្រើនសារ​ជុំវិញ​ការមិន​ឯកភាពគ្នា​។ តួយ៉ាង នៅក្នុង​សំណុំរឿង​កាលពី​ខែឧសភា កូ​ឡំ​ប៊ី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក្រោយ​ពេលដែល​លោក ម៉ា​ឌូ​រ៉ូ​បាន​ជាប់​ជា​ប្រ​ធា​ធិបតី​ឡើងវិញ ខណៈដែល​ទីក្រុង​បូ​ហ្គោ​តា​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។​ ​គួរ​បញ្ជាក់ដែរថា បើតាម​ការចេញផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ច​ន បូល​តុ​ន (John Bolton) បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​កា​រ៉ា​កាស់​ខ្លួនឯង​ទំនងជា​អ្នក រៀបចំ​ឈុត​ឆាត​នៃ​ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន ប៉ុនប៉ង​ធ្វើឃាត​លោក​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ​។​ថ្លែងប្រាប់ Fox News កាលពី​ថ្ងៃអាទិត្យ (​ម៉ោង​នៅ​អាមេរិក​) លោក​ទីប្រឹក្សា​សន្ដិសុខ​ជាតិ អាមេរិក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​រដ្ឋាភិបាល​អាមេរិក​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្វី​ទាំងអស់ ជុំវិញ​ការវាយប្រហារ​ដោយ​យន្ដហោះ ដ្រូ​ន​លើ​លោក ម៉ា​ឌូ​រ៉ូ​… ប៉ុន្តែ​ផ្ទុយទៅវិញ​រដ្ឋាភិបាល​លោក ម៉ា​ឌូ​រ៉ូ ខ្លួនឯង​គឺជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ ក្នុង​ចេតនា​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ និង​សកម្មភាព​គាបសង្កត់​លើ​គណបក្សប្រឆាំង​»៕ ​ដោយ​៖ DNT-NEWS