អា​រ៉ា​ប៊ី​សា​អូឌីត បញ្ជា​ឲ្យ​និស្សិត​របស់ខ្លួន​ចំនួន​ជាង ១​ម៉ឺន​នាក់​ចាក​ចេញពី​ប្រទេស​កាណាដា ខណៈ​មាន​ភាព​តានតឹង​នឹង​គ្នា​កាន់តែខ្លាំង​

ព្រឹត្តិការណ៍ថ្មីៗ
0
298
​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​លុបចោល​នូវ​អាហារូបករណ៍​និស្សិត ១​ម៉ឺន ៦​ពាន់​នាក់​ដែល​កំពុងតែ​សិក្សា​នៅក្នុង​ប្រទេស​កាណាដា ហើយ​បានចេញ​បញ្ជា​ឲ្យ​និស្សិត​ទាំងនោះ​ធ្វើការ​ចាក​ចេញពី​ប្រទេសមួយ​នេះ ដើម្បី​ស្វែងរក​កម្មវិធីសិក្សា​នៅ​កន្លែង​ផ្សេងទៀត​។​ ​ការចេញ​បញ្ជា​ឲ្យ​មានការ​ចាកចេញ​ពី​កាណាដា​នេះ បានកើត​ឡើង​ចំពេល​ដែលមាន​ភាព​តានតឹង​ផ្នែក​ការទូត​រវាង​ប្រទេស​ទាំងពីរ បន្ទាប់ពី​ការបញ្ចេញមតិ​ដោយ​រដ្ឋមន្ត្រីការបរទេស​កាណាដា ដែល​បានធ្វើ​ការរិះគន់​ទៅលើ​បញ្ហា​សិទ្ធមនុស្ស​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​រី​យ៉ា​ដ​ដោះលែង​សកម្មជន ដែល​ត្រូវបាន​ឃុំខ្លួន​។ ជាការ​ឆ្លើយតប​ទៅនឹង​ការរិះគន់​នេះ អា​រ៉ា​ប៊ី​សា​អូឌីត​ក៏បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​កាណាដា​ផងដែរ ដោយ​មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​បង្កក​ការធ្វើ​ពាណិជ្ជកម្ម ព្រមទាំង​លុបចោល​នូវ​ទិ​ដ្ឋ​ការ​ជើងហោះហើរ​របស់ខ្លួន​ទៅកាន់​ទីក្រុង​តូ​រ៉ុ​ន​តូ​ថែម​ទៀតផង​។​ ​ឥឡូវនេះ និស្សិត​អារ៉ាប់​រាប់ពាន់នាក់​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​កាណាដា​តាមរយៈ​កម្មវិធី​អាហារូបករណ៍ ការបណ្តុះបណ្តាល និង​កម្មវិធី​ភាពជា​ដៃគូ ត្រូវបាន​លុបចោល​ទាំងអស់​។ នេះ​បើតាម​សារព័ត៌មាន Saudi Gazette ដែល​បាន​រាយការណ៍​។ ខណៈដែល​ប្រទេស​នេះ​នឹង​បន្ត​ការចំណាយ​លើ​ការសិក្សា​របស់​ពួកគេ​លើ​កម្មវិធីសិក្សា​ថ្នាក់មូលដ្ឋាន និស្សិត​ទាំងអស់​ត្រូវបាន​បង្ខំ​ឲ្យ​ស្វែងរក​ឱកាស​ថ្មី ដើម្បី​សិក្សា​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត​។​ ​កាលពី​សបា្ដហ៍​មុន បន្ទាប់ពី​ការឃុំ​ឃាំង​សកម្មជន​អា​រ៉ា​ប៊ី​សា​អូឌីត​ដ៏​ល្បីឈ្មោះ Samar Badawi ប្អូនស្រី​របស់ លោក Raif Badawi ដែលជា​អ្នកនិពន្ធ​ម្នាក់​ប្រចាំ​នៅ​គេហទំព័រ​មួយ​ដែល​រិះគន់​រដ្ឋាភិបាល រដ្ឋមន្ត្រីការបរទេស​កាណាដា លោកស្រី Chrystia Freeland បាន​សរសេរ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​របស់លោក​ស្រី ដោយបាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​នេះ​។​ ​ជា​ប្រតិកម្ម ទីក្រុង​រី​យ៉ា​ដ​បាន​និយាយថា ខ្លួន​នឹងមិន​អនុ​ញ្ញា​ត្តិ​ឱ្យ​ប្រទេស​ណាមួយ​កំណត់​សេចក្តីសម្រេច​ផ្ទៃក្នុង​របស់ខ្លួន ដោយ​ប្រទេស​របស់ខ្លួន​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​បណ្តា​ប្រទេស​ដទៃទៀត​ដូចជា បា​រ៉ែ​ន អេ​មី​រ៉ាត់​អារ៉ាប់​រួម និង​ប្រធានាធិបតី​នៃ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ខ្លួន​។ បើតាម​វិចារណកថា​របស់​សារព័ត៌មាន​អារ៉ាប់​បាន​លើកឡើងថា ភាព​តានតឹង​អាច​នឹង​បន្ត រហូត​ទាល់តែ​កាណាដា​ចេញ​សេចក្តី​ថ្លែង​ការសុំ​ទោស​ជា​សាធារណៈ​។​ ​យោងតាម​សារព័ត៌មាន​រ៉​យ​ទ័​រ បើទោះជា​មានប្រតិកម្ម​ខឹង​មែន លោកស្រី Freeland បាន​អះអាង​ជាថ្មី​ពី​ជំហរ​របស់​ទីក្រុង​អូ​តា​វ៉ា​កាលពី​ថ្ងៃ​ចន្ទ​ដោយ​និយាយថា «​ប្រទេស​កាណាដា​នឹង​តែងតែ​ឈរលើ​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​កាណាដា និង​នៅ​ជុំវិញ​ពិភពលោក ហើយ​សិទ្ធិ​ស្ត្រី គឺជា​សិទ្ធិមនុស្ស​»​។ ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​នេះដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ស្នើរ​ឲ្យ​ទីក្រុង​រី​យ៉ា​ដ​បញ្ជូន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​ករណី​ដៃ​ការឃុំ​ខ្លន​នេះ​៕DNT-NEWS