ករណី​រឿងក្តី​គ្រូពេទ្យ យ៉ែម ជ្រិ​ន បានធ្វើ​ឲ្យ​ជនរងគ្រោះ​ដែល​ឆ្លង​មេរោគ​អេដស៍​នៅ​ភូមិ​រកា ខកចិត្ត ក្រោយ​តុលាការ​កំពូល​លើក​ពេល​សវនាការ​

សុខភាព
0
409
​កាលពី​ម្សិលមិញ តុលាការ​កំពូល​បាន​លើក​ពេល​សវនាការ​សំណុំរឿង​គ្រូពេទ្យ យ៉ែម ជ្រិ​ន ដែល​បាន​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នកភូមិ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​ជិត ៣០០ នាក់ ខណៈ​ជនរងគ្រោះ​បន្ត​ស្លាប់ និង​កំពុង​រក​ជំនួយ​មនុស្សធម៌​ជា​សំណុំរឿង​ដែល​តុលាការ​ថ្នាក់ក្រោម​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ ២៥ ឆ្នាំ​។​ ​ការលើក​ពេលនេះ​ត្រូវបាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ចៅក្រម ស៊ឹង បញ្ញាវុធ បាន​ប្រាប់ថា​ដោយសារ​គ្មាន​មេធាវី​តំណាង និង​អវត្តមាន​ជនជាប់ចោទ​ដែល​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​។​ ​លោក​បញ្ជាក់ថា​៖ «​ដោយសារ​រឿងនេះ​ជា​រឿង​ឧក្រិដ្ឋ​ដែល​ត្រូវការ​មេធាវី ហើយ​ជនជាប់ចោទ​សុំ​ពន្យារ​ដើម្បី​រក​មេធាវី ដូច្នេះ​ក្រុមប្រឹក្សា​សូម​ជម្រាប​ដើមបណ្ដឹង​រដ្ឋប្បវេណី​ថា សវនាការ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃក្រោយ​»​។​ ​លោក យ៉ែម ជ្រិ​ន ត្រូវបាន​តុលាការខេត្ត​បាត់ដំបង​កាត់ទោស​ដាក់ពន្ធនាគា​រ ២៥ ឆ្នាំ​កាលពី​ឆ្នាំ ២០១៥ ពាក់ព័ន្ធ​នឹង​ការចម្លង​មេរោគ​អេដស៍​ដល់​អ្នកភូមិ​រកា សរុប ២៩៦ នាក់ ហើយ​កាលពី​ឆ្នាំមុន សាលាឧទ្ធរណ៍​ក៏បាន​តម្កល់​សាលក្រម​នេះ​ផងដែរ​។​ ​ប៉ុន្តែ​ការលើក​ពេលនេះ ធ្វើឱ្យ​តំណាង​ជនរងគ្រោះ សម្ដែង​ការខកចិត្ត ដោយ​ទាមទារ​ឲ្យ​តុលាការ​កំពូល រក្សា​ទោស​លើ​គ្រូពេទ្យ​នោះ​ដដែល​។​ ​លោក លឿម ឡោម វ័យ ៥៤ ឆ្នាំ តំណាង​ម្នាក់​របស់​ជនរងគ្រោះ​ជា​ង​២០០​នាក់​នោះ បានបង្ហាញ​ការមិនសប្បាយចិត្ត​ឡើយ ចំពោះ​ការលើក​ពេល​សវនាការ​នេះ​។​ ​លោក​មានប្រសាសន៍​នៅក្រៅ​តុលាការ​កំពូល​ថា​៖ «​ខ្ញុំ​អារម្មណ៍​ខកចិត្ត ព្រោះ​អី​ឆ្ងាយ ខ្ញុំ​មកពី​ចម្ងាយ​មក ខ្ញុំ​អត់​មាន​លុយ មាន​កាក់​ផង ដូច​គាត់​និយាយ​ម្នាក់​មិញ​ហ្នឹង យកប្រាក់​ចងការ​គេ​មក មក​ចឹ​ង អត់​បាន​កាត់ទោស យ៉ែម ជ្រិ​ន​ហ្នឹង ខ្ញុំ​មក​វគ្គ​ក្រោយ​ទៀត ខ្ញុំ​អត់​មាន​លុយ មានកា​ក់មក​ទេ​»​។​ ​ចំណែក​ជនរងគ្រោះ​១​រូប​ទៀត លោក សំ ឡ​ម វ័យ​៨៤​ឆ្នាំ ដែល​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ដែរនោះ មានប្រសាសន៍​នៅក្រៅ​សាល​សវនាការ​ក្នុង​តុលាការ​កំពូល​ថា លោក​មិន​ចង់ឃើញ តុលាការ​បន្ធូរបន្ថយ​ទោស​ដល់​លោក យ៉ែម ជ្រិ​ន នោះទេ ព្រោះ​គ្រូពេទ្យ​ប្រចាំ​ភូមិ​រកា​នេះ បាន​បង្ក​ការលំបាក​ដល់ ពលរដ្ឋ​ពេញ​មួយ​ឃុំ​រកា​។ ​លោក​ថ្លែង​ក្នុងន័យ​ដើម​ថា​៖ «​បន្ធូរបន្ថយ​យ៉ាងម៉េច​កើត ព្រោះ​មិនមែន​ឆ្លង​តែ​ម្នាក់នេះ តែ​នេះ​មួយ​ឃុំ​រកា​»​។ «​មនុស្ស​ឥឡូវ​រស់នៅ ដូច​ក្នុង​ចម្ការមីន យូរៗ​ផ្ទុះ​មួយ​»​។​ ​លោក សំ ឡ​ម ចង់​បញ្ជាក់ថា អ្នកភូមិ​រកា ត្រូវបាន​រកឃើញថា​មាន​ផ្ទុកមេរោគ​អេដស៍ ម្នាក់​ម្តងៗ បន្ទាប់ពី​ពួកគេ​បាន​ផ្ទុកមេរោគ​នេះ ជាច្រើន​ឆ្នាំ​។​ ​ស្ត្រី​រងគ្រោះ មួយរូប​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ដែល​បានមក​បង្ហាញមុខ​នៅ​តុលាការ​កំពូល​នា​ព្រឹក​ថ្ងៃ​ពុធ​នេះដែរ បាន​ពណ៌នា​ថា ជនរងគ្រោះ​នាពេល​បច្ចុប្បន្ននេះ បាន​បាត់បង់​ការគាំទ្រ ដោយ​មិនមាន​ក្រុម​ថែទាំ​សុខភាព​ចុះទៅ​ជួប​ពួកគេ​ដូច​មុន​ឡើយ​។​ ​អ្នកស្រី​ថា ជនរងគ្រោះ​ខ្លះ​បានទទួល​ថ្នាំផឹក​បន្ថយ​មេរោគ​គ្រប់គ្រាន់ ឯ​ខ្លះទៀត កំពុង​ឈឺ ដេក​លើ​កន្ទេល​។ អ្នកស្រី​បាន​ស្ដីបន្ទោស​លើ​លោក យ៉ែម ជ្រិ​ន ថា បានធ្វើ​ឲ្យ​គ្រួសារ​អ្នកស្រី មានការ​បែកបាក់ ដោយហេតុថា អ្នកស្រី​ត្រូវបាន​ពិនិត្យឃើញថា មាន​ផ្ទុកមេរោគ តែ​បែរជា​ប្តី​អ្នកស្រី មិនបាន​ឆ្លង​មេរោគ​នេះ​ទៅវិញ​។​ ​អ្នកស្រី​និយាយថា​៖ «​ប៉ះពាល់​ដល់​អារម្មណ៍​ខ្លាំង​មែនទែន រហូតដល់​ប្តី​បែកចិត្ត និយាយ​តាម​ត្រង់​»​។​ ​ក្រុម​តំណាង​ជនរងគ្រោះ​ទាំងបី និយាយថា ពួកគេ​នៅ​មិនទាន់​ទទួលបាន​យុត្តិធម៌​ពេញលេញ​នៅឡើយ នៅពេលដែល​ជនជាប់ចោទ​បន្ត​ប្ដឹង​សារទុក្ខ ហើយ​សំណង​ខាង​រដ្ឋប្បវេណី ក៏​មិនទាន់​ត្រូវបាន​ផ្ដល់ជូន​ដល់​ជនរងគ្រោះ​។​ ​សូម​រំលឹកថា កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ជនរងគ្រោះ​បីនាក់​ខាងលើ ដែលជា​អ្នកតំណាង​ឲ្យ​ជនរងគ្រោះ​ជាច្រើន​ទៀត​ដែល​បាន​ឆ្លង​មេរោគ​អេដស៍​ក្នុង​ឃុំ​រកា ខេត្តបាត់ដំបង បានមក​បង្ហាញខ្លួន​នៅ​តុលាការ​កំពូល ដែល​បានគ្រោង​បើកសវនាការ​លើ​បណ្ដឹង​សារទុក្ខ​របស់​ជនជាប់ចោទ យ៉ែម ជ្រិ​ន ដែល​ត្រូវបាន​កាត់ទោស​ពីបទ​បង្ក​ការចម្លង​មេរោគ​អេដស៍​ក្នុង​ឃុំ​រកា​នោះ​។ តែ​ដោយ​ជនជាប់ចោទ មិនមាន​មេធាវី ដើម្បី​ការពារ​ខ្លួន​នោះ តុលាការ​កំពូល បានប្រកាស​លើក​ពេល​បើកសវនាការ​នាពេល​ក្រោយ​ទៀត ដោយ​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​៕ ​ប្រភព​៖ VOA News ប្រែ​សម្រួល​៖ ណា​រ៉ូ​