កាលពីពេលកន្លងទៅនេះ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook ធ្លាប់បានប្រកាសថា គណនីអ្នកប្រើប្រាស់Facebook ប្រមាណ៥០លានគណនី ត្រូវបានក្រុមអនាមិកបាន ចូលបន្លំយកទៅប្រើប្រាស់។ ចំណែកអ្នកនាំពាក្យ Facebook បានអះអាងថា ក្នុងចំណោមគណនីដែលត្រួចបានគេលួច Hack ក៏មានគណនីរបស់លោក Mark Zuckerberg និងគណនីរបស់លោក Sheryl Sandberg ថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រុមហ៊ុននេះផងដែរ។ ក្រោយមានបញ្ហានេះ ភាគហ៊ុន Facebook បានធ្លាក់ចុះ ២,៦% ក្នុងខែកញ្ញា ឆ្នាំ២០១៨។
ថ្មីៗនេះបើតាមរបាយការណ៍ចុះផ្សាយដោយកាសែតWall Street Journal បានឲ្យដឹងថាគណៈកម្មាធិការការពារទិន្នន័យឯកជន ដែលដឹកនាំការឃ្លាំមើលយ៉ាងយកចិត្ដទុកដាក់លើក្រុមហ៊ុនហ្វេសប៊ុកនៅអឺរ៉ុប បានស្នើសុំឲ្យក្រុមហ៊ុនហ្វេសប៊ុកបញ្ជូនព័ត៌មានលម្អិត ទាក់ទងនឹងការចូលវាយប្រហារគណនីអ្នកប្រើប្រាស់៥០លានគណនីទៅឲ្យខ្លួន។ បើមិនអ៊ីចឹងទេក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ នឹងត្រូវប្រឈមការពិន័យជាប្រាក់១.៦៣ពាន់លានដុល្លារ ព្រោះតែការពារទិន្នន័យអ្នកប្រើប្រាស់មិនបាន។
ជុំវិញបញ្ហានេះ ខាងតំណាងរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សដ៏ល្បីល្បាញមួយនេះពុំទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេចំពោះបញ្ហដ៏ស្មុគស្មាញមួយនេះ ។ យ៉ាងណាមិញ អ្នកប្រើប្រាស់មួយចំនួនធំបានប្រកាសថា ពួកគេបិទគណនីបណ្តាញទំនាក់ទំនងសង្គមនេះចោលឈប់ប្រាស់ដោយសារក្រុមហ៊ុននេះរំលោភលើទំនុកចិត្តឯកជនភាព។ នាពេលបច្ចុប្បន្ន អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនកាន់តែបារម្ភពីសុវត្ថិភាពរបស់ខ្លួនជាមួយនឹងបណ្តាញសង្គមមួយនេះ ក្រោយពេលមានការវាយប្រហារយ៉ាងច្រើនពីសំណាក់ចោរបច្ចេកវិទ្យា ៕

