សង្គ្រាម​ចិន និង​អាមេរិក​ទំនងជា​អាច​ត្រូវ​ផ្ទុះឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះៗ​! អាមេរិក​បញ្ជូន​ក្រុម​នាវា​ធ្វើដំណើរ​ទៅកាន់​ច្រក​សមុទ្រ​តៃវ៉ាន់ ដើម្បី​បង្ហាញ​ពី​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍​

ព្រឹត្តិការណ៍ថ្មីៗ
0
334
​សារព័ត៌មាន CNN បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៣ តុលា ២០១៨​នេះ​ថា កងទ័ពជើងទឹក​មហា​កំណាច​រញ្ជួយ​ពិភព​គុន​របស់​អាមេរិក បាន​បញ្ជូន​នាវាចម្បាំង​ចំនួន ២​គ្រឿង​ទៅធ្វើ​នាវាចរណ៍​ដោយ​សេរី​នៅក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ដើម្បី​បង្ហាញ​កម្លាំង​សាច់ដុំ​យោធា​របស់ខ្លួន ទៅកាន់​ទីក្រុង​ប៉េកាំង ខណៈដែល​ភាព​តានតឹង​បាន​កើនឡើង​ដល់​ចំណុចកំពូល​រវាង​ចិន និង​សហរដ្ឋអាមេរិក ដែល​ស្ទើរតែ​បង្ក​ទៅជា​សង្គ្រាម​រវាង​មហាអំណាច​ទាំងពីរ​។​ ​នាវា​ពិឃាត​បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល USS Antietam និង​នាវា​ពិឃាត​បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល USS Curtis Wilbur បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ចាប់ពី​ភាគខាងត្បូង រហូត​ទៅដល់​ភាគ​ខាងជើង​។​ ​អ្នកនាំពាក្យ​កង​នាវាចម្បាំង​របស់​អាមេរិក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វី​កបាន​ប្រាប់​សារព័ត៌មាន CNN ថា «​នាវា​ពិឃាត USS Curtis wilbur និង​នាវា​ពិឃាត USS Antietam បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ទៅតាម​ទម្លាប់ កាលពី​ថ្ងៃទី​២២ តុលា​ម្សិលមិញ​នេះ ដោយ​អនុ​ឡោម​ទៅតាម​ច្បាប់​អន្តរជាតិ​តែប៉ុណ្ណោះ​»​។ លោក​បន្តថា នាវាចម្បាំង​ទាំងពីរ​គ្រឿង​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ទាំងនេះ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក ក្នុង​ការធ្វើ​នាវាចរណ៍​ដោយ​សេរី និង​បើកចំហ​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​ក​។​ ​ការបញ្ជូន​នាវាចម្បាំង​មហា​កំណាច​ទៅធ្វើ​នាវាចរណ៍​ជាថ្មី​ម្តងទៀត នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី ចិន​បាន​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​របស់ខ្លួន​ដេញ​បុក​នាវាចម្បាំង​អាមេរិក ដែល​កំពុង​ធ្វើ​នាវាចរណ៍​ដោយ​សេរី​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​ ​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ មាន​ចម្ងាយ​ស្ថិតនៅ​ប្រមាណ ១៧៧​គីឡូម៉ែត្រ ដែល​ញែក​ប្រទេស​ចិន និង​តៃវ៉ាន់​ចេញពី​គ្នា ហើយ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ គឺជា​តំបន់​ភូមិសាស្ត្រ​នយោបាយ​ដ៏​មាន​សក្កដានុពល ខណៈដែល​ចិន​កំពុង​សម្លឹង​រកមើល​ឱកាស ក្នុងការ​ក្រសោប​យក​កោះ​ស្វយ័ត​តៃវ៉ាន់​មកវិញ​។​ ​ទីក្រុង​ប៉េកាំង​នៅតែ​បន្ត​អះអាងថា កោះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន​។ លោក​ប្រធានាធិបតី​ចិន​ស៊ី​ជិន​ពីង​ធ្លាប់បាន​ប្រកាស​ហើយ​ថា ការប្រកាស​ឯករាជ្យរ​បស់​តៃវ៉ាន់​អាច​នឹងត្រូវ​ជួប​ជាមួយនឹង​កណ្តាប់ដៃ​ដែក​របស់​ទីក្រុង​ប៉េកាំង​។ ​ការបញ្ជូន​នាវាចម្បាំង​ចំនួន ២​គ្រឿង​របស់​អាមេរិក​ទៅកាន់​ច្រក​សមុទ្រ​តៃវ៉ាន់​នាពេលនេះ ក៏បាន​ធ្វើឡើង​ចំពេល​ដែលមាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​ចិន និង​តៃវ៉ាន់ ខណៈដែល​អាមេរិក​គិតថា ចិន​អាច​នឹង​ប្រកាសសង្គ្រាម​ទៅលើ​តៃវ៉ាន់​ភ្លាម ក្នុងករណី​មានការ​ប្រកាស​ឯករាជ្យ​។ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ក្រុម​អ្នក​ជាតិនិយម​តៃវ៉ាន់​បាន​ងើបឈរ​តវ៉ា​ឲ្យ​ទាមទារ​ឲ្យ​លោកស្រី Tsai Ing-wen ប្រកាស​ឯករាជ្យ​ផ្តាច់ខ្លួន​ពី​ប្រទេស​ចិន​។ យ៉ាងណាក៏ដោយ មិនទាន់មាន​ចម្លើយ​ណាមួយ​ពី​លោកស្រី​សៃ​នោះទេ​។ អ្នកវិភាគ​មើលឃើញថា លោកស្រី​សៃ​កំពុងមាន​សម្ពាធ​ពី​ចិន​ផង និង​ពលរដ្ឋ​របស់ខ្លួន​ផង​។ អ្នកវិភាគ​មើលឃើញថា បើសិនជា​តៃវ៉ាន់​ប​ន្រ​កាស​ឯករាជ្យ​នាពេលនេះ សង្គ្រាម​នឹង​ផ្ទុះឡើង​រវាង​ចិន និង​តៃវ៉ាន់​។ ប៉ុន្តែ​នាពេលនេះ អ្វីដែល​តៃវ៉ាន់​ចង់បាន​គឺ​ការ​ឈរ​នៅ​ពី​ក្រោយខ្នង​កាន់តែ​ស្និទ​របស់​អាមេរិក ដែល​តៃវ៉ាន់​អាច​កាន់តែ​ទុកចិត្តបាន នោះ​តៃវ៉ាន់​នឹង​ប្រកាស​ឯករាជ្យ​តែម្តង​ ​ចិន​គិតថា វត្តមាន​កងទ័ព​អាមេរិក​នៅក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ គឺជា​ចំណុចរសើប ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អាមេរិក​បានត្រឹមតែ​បានធ្វើ​នាវាចរណ៍​ដោយ​ប្រើ​នាវា​ពិឃាត​ប៉ុណ្ណោះ ដោយ​មិនបាន​ប្រើ​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​នោះទេ​។ នាវា​ផ្ទុក​យន្តហោះ​ខកខាន​ក្នុង​ការធ្វើ​នាវាចរណ៍​ឆ្លងកាត់​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​ចាប់តាំងពី​ឆ្នាំ ២០០៧​មកម្ល៉េះ​។​ ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ មន្ត្រី​សហរដ្ឋអាមេរិក​លើកឡើង​ថា ខ្លួន​កំពុងតែ​ធ្វើ​ឲ្យ​កងទ័ព​របស់ខ្លួន​មាន​ទម្ងន់​កាន់តែខ្លាំង ក្នុងការ​បង្ហាញ​កម្លាំង​ទ័ព​មហា​សម្បើម​របស់ខ្លួន ដើម្បី​បង្ហាញថា សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ប្រឆាំងនឹង​កងទ័ព​រំដោះប្រជាជន​ចិន​។​ ​កាលពី​ដើមខែ​នេះ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បានស្នើ​ឲ្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បើកភ្លើង​ខៀវ​ដល​ខ្លួន ក្នុងការ​បង្ហាញ​កម្លាំង​មហា​សម្បើម​របស់ខ្លួន បញ្ជូន​សារ​ទៅកាន់​ទីក្រុង​ប៉េកាំង ដោយ​នឹង​លើក​កងទ័ព​ទៅធ្វើ​សមយុទ្ធ នៅ​ជិត​មូលដ្ឋានទ័ព​ចិន ដែល​កំពុងតែ​វ៉ាងទី​ទាំង​ខុសច្បាប់​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​តែម្តង​។ ចាំ​មើលថា បើ​អាមេរិក​លើក​កងទ័ព​ទាំង​ហ្វូង​ទៅធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង តើ​ចិន​នឹង​ហ៊ាន​ក្អក​ជាមួយ​អាមេរិក​ដែរឬទេ​?​