ក្រសួងការពារជាតិ​រុស្ស៊ី​៖ ការវាយប្រហារ​តាម​អាកាស​សម្លាប់​ទាហាន​ស៊ី​រី ៤​នាក់ និង​បាញ់​ស្ទាក់​មី​ស៊ី​ល​បាន ៣០​គ្រាប់​

ព្រឹត្តិការណ៍ថ្មីៗ
0
265
​ក្នុង​រយៈពេល​ត្រឹមតែ ២​ថ្ងៃ​ប៉ុណ្ណោះ កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​ទៅលើ​ទីតាំង​ជាច្រើន ដែល​ខ្លួន​បាន​អះអាងថា ជាទី​តាំងរបស់​កងទ័ព​អ៊ីរ៉ង់​។​ ​យោងតាម​សារព័ត៌​មានរដ្ឋ​រុស្ស៊ី​នៅ​ថ្ងៃទី​២២ មករា​នេះ កងកម្លាំង​យោធា​រុស្ស៊ី​បានប្រកាសថា ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊ី​រី​បាន​កម្ទេច​គ្រាប់​មី​ស៊ី​ល​ចំនួន ៣០​គ្រាប់ នៅពេលដែល​អ៊ីស្រាអែល​បើក​ការវាយប្រហារ​ទៅលើ​ទីក្រុង​ដា​ម៉ាស់​។​ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ការពារ​ដែនអាកាស​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា «​នៅ​ថ្ងៃទី​២១ មករា ២០១៩ ចាប់ពី​ម៉ោង ២: ១១​នាទី ដល់​ម៉ោង ២: ៥៩​នាទី​អ៊ីស្រាអែល​បើក​ការវាយប្រហារ​ចំនួន ៣​គោលដៅ​ទៅលើ​ស៊ី​រី​ពី​ភាគ​ខាងលិច ភាគ​និរតី និង​ភាគខាងត្បូង​»​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​បានសម្លាប់​កងកម្លាំង​ស៊ី​រី ៤​នាក់ និង ៦​នាក់​ផ្សេងទៀត​រងរបួស ព្រមទាំង​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ដា​ម៉ាស់​យ៉ាងច្រើន​។​ ​សេចក្តីប្រកាស​អំពី​ការស្លាប់​របស់​កងកម្លាំង​ស៊ី​រី​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អ៊ីស្រាអែល​បានបញ្ជាក់​អំពី​ការវាយប្រហារ​របស់ខ្លួន​ទៅលើ​កងកម្លាំង Quds របស់​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី និង​បាន​បំផ្លាញ​ទីតាំង​អាវុធ​នៅក្នុង​អាកាសយានដ្ឋាន​ទីក្រុង​ដា​ម៉ាស់​៕