ជន​ស៊ីវិល​ជាង ២០​នាក់​បាត់បង់​អាយុជីវិត​ដោយ​ការវាយប្រហារ​នៅ​ស៊ី​រី​

ព្រឹត្តិការណ៍ថ្មីៗ
0
238
​យោងតាម​សារព័ត៌មាន​អាល់​ចា​ហ្ស៊ី​រ៉ា​នៅ​ថ្ងៃទី​២៩ ឧសភា​នេះ មនុស្ស​ជាង ២០​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​អង្គារ ខណៈដែល​រដ្ឋាភិបាល​អាសាដ បន្ត​បាញ់​ផ្លោង​ដាក់​មូលដ្ឋាន​ក្រុម​បះបោរ​នៅ​ភាគ​និរតី​នៃ​ប្រទេស​នេះ​។​ ​ការវាយប្រហារ​ចុងក្រោយ​នេះ​ត្រូវបាន​ធ្វើឡើង ខណៈដែល​អង្គការសហប្រជាជាតិ​បាន​រិះគន់​មហាអំណាច​ពិភពលោក​ដែល​មិន​បានធ្វើ​អ្វី​សោះ ក្នុង​បញ្ចប់​ការបង្ហូរ​ឈាម និង​ការបំផ្លិចបំផ្លាញ​ក្នុងប្រទេស​នេះ​។​ ​មួយខែ​នៃ​ការបង្កើន​ការទម្លាក់​គ្រាប់បែក​ទៅលើ​តំបន់​នោះ​ដោយ​ស៊ី​រី និង​សម្ព័ន្ធមិត្ត​រុស្ស៊ី បានសម្លាប់​ជន​ស៊ីវិល ២២៩​នាក់ និង ៩២៧​នាក់​ផ្សេងទៀត​រងរបួស​។ នេះ​បើតាម​អង្គការ​សប្បុរសធម៌​ផ្នែក​ថែទាំ​សុខភាព និង​សង្គ្រោះ​អង្គការសហប្រជាជាតិ​។​ ​ក្រុម​ឃ្លាំមើល​សង្គ្រាម​ស៊ី​រី​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា កុមារ ៩​នាក់​ក្នុងចំណោម ២១​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់ប្រហារ​រ​បស់​រដ្ឋាភិបាល​ទៅលើ​ទីប្រជុំជន​ជាច្រើន​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប និង​តំបន់​ជនបទ​នៃ​ខេត្ត​អា​ឡេ​ប៉ូ​កាលពី​ថ្ងៃ​អង្គារ​។​ ​ក្រុម​អ្នក​ជួយសង្គ្រោះ​ការពារ​ជន​ស៊ីវិល ដែល​ធ្វើការ​នៅក្នុង​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​បក្សប្រឆាំង​បញ្ជាក់ថា អ្នកស្លាប់​មាន​ចំនួន ២៤​នាក់​។ ក្រុមអ្នកតាមដាន​បាន​និយាយថា ការវាយប្រហារ​ទៅលើ​ផ្លូវ​មមាញឹក​មួយ​នៅ​ភូមិ Kafr Halab នៅ​ភាគ​ខាងលិច​នៃ​ខេត្ត​អា​ឡេ​ប៉ូ​បានសម្លាប់​ជន​ស៊ីវិល​យ៉ាងហោចណាស់ ៩​នាក់​។​ ​ខេត្ត​អ៊ី​ដ​លី​ប និង​ផ្នែក​ខ្លះ​នៃ​ខេត្ត Aleppo, Hama និង Latakia គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ ក្រុម Hay'et Tahrir al-Sham (HTS) ដែលជា​អតីត​សម្ព័ន្ធមិត្ត​របស់​ក្រុម​អាល់​កៃ​ដា​ស៊ី​រី ដែល​រដ្ឋាភិបាល​ស៊ី​រី​បាន​ប្តេជ្ញា​កម្ទេច​ក្រុម​នេះ​ចោល​។​ ​ទន្ទឹមនឹង​នេះដែរ សហរដ្ឋអាមេរិក​បាន​និយាយថា ខ្លួន​នៅតែ​បន្ត​ព្រួយបារម្ភ​ចំពោះ​ការវាយប្រហារ​របស់​ស៊ី​រី និង​រុស្ស៊ី ដោយ​ថា ពួកគេ​កំពុង​បង្ក​ឲ្យ​មានការ​កើនឡើង​នៃ​អំពើហិង្សា​។​ ​រូបភាព​ផ្កាយរណប​ថ្មី​ដែល​ត្រូវបាន​ផ្តល់​ដោយ DigitalGlobe Inc បានបង្ហាញ​ពី​ផ្សែងខ្មៅ​ងងឹត ដី​គ្របដណ្តប់​ដោយ​ភាព​ខ្មៅ រីឯ​អគា​គ្រប​ដោយ​ភ្លើង​ដែល​កំពុង​លេប​ត្របាក់​ចេញពី​តំបន់​ភូមិ al-Habeet នៃ​ខេត្ត​អ៊ី​ដ​លី​ប និង​ទីប្រជុំជន​តូច Kafr Nabuda ក្នុង​ខេត្ត​ហា​ម៉ា​។​ ​អង្គការ​ការពារ​ជន​ស៊ីវិល​នៅ​ភាគ​ពាយ័ព្យ​ដែលជា​សេវាកម្ម​ជួយសង្គ្រោះ​នៅក្នុង​ទឹកដី​នៃ​គណបក្សប្រឆាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​បាន​វាយប្រហារ​ទៅលើ​វាលស្រែ​នៃ​ខេត្ត​អ៊ី​ដ​លី​ប ដែល​គ្រប់​ដោយ​ផ្សែងភ្លើង​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​សា​ណា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​បះបោរ​បាន​បាញ់​គ្រាប់ផ្លោង​ការ​ណុង​ធំ​ទៅលើ​ភូមិ​នៅ​ភាគ​ខាងជើង​នៃ​តំបន់​ហា​ម៉ា ដោយបាន​បំផ្លាញ​ផ្ទះសម្បែង និង​បាន​ដុត​ស្រែ​៕​