ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញទឹកជាលើកដំបូងនៅក្នុងបរិយាកាស

វិទ្យាសាស្ត្រ
0
177

យោងតាមការសិក្សាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញទឹកជាលើកដំបូងនៅក្នុងបរិយាកាសរបស់ភព K2-18b មានសណ្ឋានស្រដៀងគ្នានឹងផែនដី ដែលកំពុងដើរគន្លងជុំវិញតារានៅឆ្ងាយមួយដួង គឺជាភស្តុតាងបញ្ជាក់ពីរូបផ្សំសំខាន់មួយសម្រាប់ជីវិតមាននៅមិនឆ្ងាយប៉ុន្មានពីប្រព័ន្ធព្រះអាទិត្យរបស់ពួកយើង។

គួរឲ្យដឹងថា ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យគ្រប់ប្រភេទ និងគ្រប់ទំហំ ចំនួន៤.០០០ភព ត្រូវបានរកឃើញ។ ការរកឃើញចុងក្រោយនេះដែរ ត្រូវបានរាយការណ៍នៅក្នុងការស្រាវជ្រាវមួយដោយក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យក្រុងឡុងដ៍(UCL) និងបានចុះផ្សាយនៅលើទំព័រកាសែត Nature Astronomy ។

លោក Ingo Waldmann គឺជារូបតារាវិទូប្រចំានៅសាកលវិទ្យាល័យ UCL បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យើងបានរកឃើញទឹកពិតមែន ដែលការរកឃើញនេះ ធ្វើឡើងដោយកែវយឹត Hubble Space Telescope តាមរយៈការវិភាគលើបរិយាកាសរបស់ភព K2-18b ។ លោកនិយាយថា នេះគឺជាលើកដំបូងហើយដែលយើងបានរកឃើញទឹកនៅលើភពមួយដែលអាចរស់នៅបាន ជាទីដែលមានសីតុណ្ហភាពសមស្របល្មមអាចរស់នៅបាន។ លោក Ingo Waldmann បានឲ្យដឹងថា ភព K2-18b មានចម្ងាយ១១០ឆ្នាំពន្លឺ ពីតារានិករ Leo និងស្ថិតនៅចម្ងាយប្រហែល១០០ឆ្នាំពន្លឺពីផែនដី ហើយវាឆ្ងាយពេកមិនអាចបញ្ជូនយានអវកាសទៅស្រាវជ្រាវបាន។ ហេតុដូច្នេះមានជម្រើសតែមួយគត់គឺត្រូវរង់ចាំកែវយិតអវកាសជំនាន់ក្រោយ ដែលនឹងត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ ដើម្បីស្វែងរកឧស្ម័ននៅក្នុងបរិយាកាសរបស់ភពមួយនេះ ៕