ក្រុមអ្នកវិទ្យាសាស្រ្ត រកឃើញផ្កាយដុះកន្ទុយទទឹង២០គ.ម មកពីក្រៅប្រព័ន្ធព្រះអាទិត្យ

វិទ្យាសាស្ត្រ
0
202
តារាវិទូសញ្ជាតិអ៊ុយក្រែនម្នាក់ បានរកឃើញផ្កាយដុះកន្ទុយ ដែលអាចមកពីក្រៅប្រព័ន្ធព្រះអាទិត្យ។ វាគឺជាផ្កាយដុះកន្ទុយលើកទី២ហើយដែលត្រូវបានគេរកឃើញ បន្ទាប់ពីផ្កាយដុះកន្ទុយ Oumuamua ត្រូវបានរកឃើញកាលពីឆ្នាំ២០១៧។ មន្ទីរភពតូច MPCនៃសាកលវិទ្យាល័យ Harvardបានចេញសេចក្តីប្រកាសផ្លូវការនៃការរកឃើញផ្កាយដុះកន្ទុយមួយនេះ។ ផ្កាយដុះកន្ទុយនេះ ទំនងជាមានគន្លងអ៊ីពែបូល ដែលអាចបញ្ជាក់ថា វាមកពីប្រព័ន្ធភពមួយផ្សេងទៀត។ គន្លងអ៊ីពែបូល គឺជាគន្លងខុសប្លែកពីគេ ជាកន្លែងដែលទម្រងរបស់វាងាកចេញពីរាងជារង្វង់។ កាលពីដំបូងឡើយផ្កាយដុះកន្ទុយនេះ ត្រូវបានគេឲ្យឈ្មោះថា gb00234ប៉ុន្តែឥឡូវគេស្គាល់ឈ្មោះវាថា ជាផ្កាយដុះកន្ទុយ C/2019 Q4 (Borisov)។ ផ្កាយដុះកន្ទុយនេះត្រូវបានរកឃើញដោយតារាវិទូ Gennady Borisovកាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅមន្ទីរអង្កេតតារាសាស្រ្ត Crimean Astrophysical Observatoryស្ថិតក្នុងទីក្រុង Bakhchysaraiនៃតំបន់គ្រីមេ ដោយផ្កាយដុះកន្ទុយមួយនេះ ស្ថិតនៅចម្ងាយប្រហែល៤៥០លានគ.មពីព្រះអាទិត្យ។ ផ្កាយដុះកន្ទុយ Oumuamua ត្រូវបានរកឃើញកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ប៉ុន្តែវាគឺជាផ្កាយដុះកន្ទុយតូច ហើយផ្កាយដុះថ្មីនេះ ធំជាង និងមានទទឹងប្រហែលប្រវែង២០គ.ម ហើយមានពន្លឺភ្លឺខ្លាំង។ តារាវិទូ Karl Battams មកពីមន្ទីរស្រាវជ្រាវ Naval Research Laboratory ស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក បានសរសេរលើបណ្តាញសង្គម Twitterថា ផ្កាយដុះកន្ទុយមួយនេះ មិនដូចជាផ្កាយដុះកន្ទុយ Oumuamua ដែលប្រៀបដូចជាអាចន៍ផ្កាយប៉ុណ្ណោះ ប៉ុន្តែលើកនេះ គឺជាផ្កាយដុះកន្ទុយពិតប្រាកដតែម្តង៕