ក្រុមពួកឧទ្ទាម៣៥នាក់ ត្រូវបានកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបាញ់សម្លាប់

ព័ត៌មានអន្តរជាតិ
0
278
ការវាយប្រហារកាលពី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃរបស់ប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសថា ក្រុមជីវពលតាលីបង់ចំនួន៣៥នាក់បានត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ដែលបានប្រតិបត្តិការពិសេសស្ថិតនៅភាគខាងលិច ខេត្តFarah កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ។ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានបន្តថា ប្រតិបត្ដិការខាងលើធ្វើឡើងនៅក្នុងស្រុកAnar Dara ខេត្ត Farah ។ ក្នុងចំណោមអ្នកដែលបានស្លាប់ទាំងអស់នោះ ត្រូវប្រភពអះអាងថា មានឈ្មោះSayyed Azim មេដឹកនាំស្រមោលរបស់ក្រុមឧទ្ទាមតាលីបង់ប្រចាំនៅស្រុកAnar Dara និងឈ្មោះ Esmatullah ដែលជាមេចារកម្មរបស់ក្រុមឧទ្ទាម នៅក្នុងស្រុកខាងលើនេះដែរ។ ប្រភពដដែលបានបន្តថា កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដែលបានប្រតិបត្ដិការ ប្រកបដោយជោគជ័យ នេះ  ក៏បានអាស្រ័យការជួយគាំទ្រពីកងកម្លាំងជើងអាកាសផងដែរ។ ស្រុកខាងលើនេះមានព្រំដែនជាប់ជាមួយនឹងប្រទេសអ៊ីរ៉ង់។ គួរបញ្ជាក់ថាកងកម្លាំងសន្តិសុខរបស់ប្រទេស អាហ្វហ្គានីស្ថានបានខិតខំ ពង្រឹងប្រតិបត្តិការសន្តិសុខយ៉ាងខ្លាំងប្រឆាំងទៅលើក្រុមឧទ្ទាមក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលប្រទេសអាហ្វហ្គានីស្ថានបានកំពុងរៀបចំការបោះឆ្នោត ប្រធានាធិបតី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។ ការបោះឆ្នោតប្រធានាធិបតីលើកនេះ គឺជាការបោះឆ្នោតលើកទី៤ហើយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ២០០១ រៀងរហូតមក  គឺបន្ទាប់ពីសហរដ្ឋអាមេរិកបានឈ្លានពានលុកលុយ ចូលក្នុងទឹកដីអាហ្វហ្គានីស្ថាន ហើយទម្លាក់របបដឹកនាំដោយក្រុមតាលីបង់នោះ។ ក្រុមឧទ្ទាមតាលីបង់ ដែលប្រយុទ្ធប្រឆាំងជាមួយកងកម្លាំងរដ្ឋាភិបាលអាហ្គានីស្ថាននោះ បានប្រកាសប្តេជ្ញាថា នឹងឆាឆាវ រំខានដល់ដំណើរការបោះឆ្នោតនេះ៕