ស្លាប់ជាង២០ឆ្នាំគ្មានអ្នកណាដឹងសោះស្រាប់តែដើររកឃើញនៅក្នុងត្រពាំងខាងក្រោយផ្ទះទៅវិញ

ព័ត៌មានអន្តរជាតិ
0
427
អស់រយៈពេលជាង២0ឆ្នាំមកហើយដែលបុរសម្នាក់ឈ្មោះ William Moldt បានបាត់ខ្លួនហើយក្រុមគ្រួសាររបស់លោកក៍មិនទទួលបានដំណឹងឬចម្លើយអ្វីសោះអំពីការបាត់ខ្លួនរបស់បុរសម្នាក់នេះ។ ឥឡូវនេះក្រុមគ្រួសារលោកទទួលបានចម្លើយហើយដោយសារតែមានការរកឃើញគាត់ដោយកម្មវិធី Google Earth។ លោក William Moldt ដែលពេលនោះមានអាយុ៤០ឆ្នាំ បានបាត់ខ្លួនពីតំបន់ Palm Beach ក្នុងរដ្ឋFlorida នៅថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ១៩៩៧។ នៅល្ងាចមួយលោកបានប្រាប់ទៅកាន់មិត្តស្រីរបស់គាត់នៅក្នុងបារមួយថាគាត់នឹងទៅផ្ទះឆាប់ៗ។ ភ្លាមៗនោះលោកត្រូវបានគេមើលឃើញថាបានចេញពីបារតែម្នាក់ឯងនិងបានចូលក្នុងឡានរបស់គាត់។ តាំងពីពេលនោះមកគាត់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន។ ការបាត់ខ្លួនរបស់លោកនៅពេលយប់នោះរហូតមកដល់បច្ចុប្បន្នមានរយៈពេល២២ឆ្នាំហើយ។ កាលពីពេលថ្មីៗនេះមានប្រជាជនម្នាក់ដែលធ្លាប់រស់នៅក្នុងផ្ទះមួយកន្លែងក្នុងទីក្រុងWellingtonរដ្ឋFloridaបានមើលម្តុំផ្ទះជិតខាងដែលគាត់ធ្លាប់រស់នៅតាមកម្មវិធី Google Earth ហើយក៏បានឃើញអ្វីមួយគួរឲ្យកត់សម្គាល់នៅក្នុងទឹក។ បើតាមរូបភាពបានពី Google Earth អ្នកអាចមើលឃើញថាវាទំនងដូចជាឡានមួយគ្រឿងស្ថិតនៅបាតត្រពាំង។ អតីតអ្នកធ្លាប់រស់នៅផ្ទះនោះក៏បានធ្វើការទាក់ទងទៅម្ចាស់ផ្ទះបច្ចុប្បន្នដែលរស់នៅក្បែរត្រពាំងដែលមានវត្ថុគួរឲ្យកត់សម្គាល់ស្ថិតនៅបាត។ បើតាមប៉ូលីសបានបញ្ជាក់ថា“អ្នករស់នៅក្បែរត្រពាំងនោះបានធ្វើការបង្ហោះដ្រូនរបស់គាត់ដើម្បីធ្វើការបញ្ជាក់ពីអ្វីដែលម្ចាស់ផ្ទះមុនបានឃើញហើយភ្លាមៗនោះគាត់ក៏បានទាក់ទងទៅប៉ូលីស”។ វត្ថុដែលគេមើលឃើញតាមរយៈដ្រូននោះគឺជារថយន្តហើយក្រោយពេលស្រង់វាចេញពីទឹកប៉ូលីសបានប្រទះឃើញគ្រោងឆ្អឹងនៅខាងក្នុង។ គ្រោងឆ្អឹងនោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពិសោធន៍ហើយ កាលពីថ្ងៃអង្គារកន្លងទៅនេះគេបានបញ្ជាក់ថាគ្រោងឆ្អឹងនោះជារបស់លោក William Moldt ដែលបានបាត់ខ្លួន៕