ក្រុមអ្នកវិទ្យាសាស្រ្តកំពុងសិក្សាលើការបង្កើតអាណាចក្រតូចក្នុងប្រព័ន្ធព្រះអាទិត្យដែលអាចដាក់មនុស្ស១៥លាននាក់

វិទ្យាសាស្ត្រ
0
163
បច្ចុប្បន្នមហាសេដ្ឋីរុស្ស៊ី កំពុងពន្លឿនផែនការសង្រ្គោះមនុស្សលោក តាមរយៈការបង្កើត អាណាចក្រ“សួនច្បារព្រះជាម្ចាស់”នៅក្នុងប្រព័ន្ធព្រះអាទិត្យ សម្រាប់មនុស្សមានសំណាង១៥លាននាក់។ កាលពីដើមឆ្នាំនេះ ក្រុមអាណាចក្រ Asgardia បានបញ្ចេញផែនការបង្កើតកងនាវាលោក Noah ដើម្បីគោចរតាមគន្លងផែនដី ដែលនឹងចំណាយលុយ១០០ពាន់លានផោនក្នុង១គ្រឿង សម្រាប់អាណាចក្រតូចរបស់ពួកគេ។ លោក Lembit Opik ត្រូវបានគេបោះឆ្នោតជាប្រធានសភាសម្រាប់អាណាចក្រតូច  Asgardia  អំឡុងអង្គប្រជុំលើកដំបូងរបស់ពួកគេ នៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។ លោកមានចំណែកមួយនៅក្នុងគម្រោងការមួយនេះ ដែលរួមទាំងលោក Nigel Evans គឺជាសមាជិកសភាអង់គ្លេស ដែលនឹងធ្វើជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភានៃអាណាចក្រតូច  Asgardia  និងលោក Philip Appleby គឺជាអតីតមន្រ្តីក្រសួងការពារជាតិអង់គ្លេស ។លោក Opik បាននិយាយថា មានមនុស្សច្រើនណាស់ គិតតែបង្កើតរ៉ុក្កែត ប៉ុន្តែសម្រាប់ក្រុមអាណាចក្រ Asgardia នឹងបង្កើតសង្គមអវកាសមួយដើម្បីអាចរស់នៅទីនោះបាន។ នៅពេលណាមួយក្នុងពេលអនាគត មនុស្សធម្មតាក៏អាចទៅរស់នៅលើទីអវកាសបានដែរ ហើយយើងនឹងមិនបង្កើតហេដ្ឋារចនាសម្ព័ន្ធពីការគ្រប់គ្រងបេសកកម្មនោះទេ តែយើងនឹងបង្កើតចក្រវាឡតូចមួយនៅលើទីអវកាស។ ក្រុមអាណាចក្រ Asgardia បាននិយាយថា អាណាចក្រតូចមួយនេះ នឹងអាចទ្រទ្រង់បាន តាមរយៈការទូទាត់ពីសមាជិកអាណាចក្រ៧លាននាក់ ពោលគឺ៩០០ផោនសម្រាប់សិទ្ធិជាពលរដ្ឋផ្លូវការ និងលិខិតឆ្លងដែនទៅកាន់អាណាចក្រថ្មីនេះ ហើយពួកគេនឹងស្វែងរកថវិកា៩០លានផោនបន្ថែមទៀតពីក្រុមហ៊ុនវិនិយោគទុន៧ផ្សេងទៀត។ ប្រាក់ចំណូលដែលទទួលបាន នឹងផ្តល់ប្រាក់បម្រុង១៣.៤ពាន់លានដុល្លារសម្រាប់ឲ្យក្រុមអាណាចក្រមួយនេះ វិនិយោគទុនលើការស្រាវជ្រាវ និងបង្កើតវិទ្យាស្ថានរបស់ពួកគេ។ នៅខែតុលាខាងមុខ ក្រុមអាណាចក្រ Asgardia នឹងធ្វើសន្និសីទវិទ្យាសាស្រ្តរយៈពេល៣ថ្ងៃនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយមានការចូលរួមពីមនុស្សសំខាន់ៗមកពីគ្រឹះស្ថានវិនិយោទុកធំៗជាច្រើន ដែលរួមមានទាំងមន្រ្តីមកពីក្រុមហ៊ុនជាប់កិច្ចសន្យាការពារជាតិអង់គ្លេស QinetiQ និងអតីតបុគ្គលិកអង្គការ NASAផងដែរ។ គោលដៅចុងក្រោយ គឺនឹងជ្រើសរើសពលរដ្ឋ១៥០លាននាក់របស់អាណាចក្រ Asgardia ក្នុងនោះ១៥លាននាក់ក្នុងចំណោមពួកគេ នឹងក្លាយជាអ្នករស់នៅលើទីអវកាស៕