មេបក្សកាន់អំណាចនៅឥណ្ឌាម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនដោយជាប់សង្ស័យចាប់រំលោភនិស្សិតស្រីម្នាក់

ព័ត៌មានអន្តរជាតិ
0
317
មេដឹកនាំគណបក្សបារ៉ាទីយ៉ាហ្សណាតា(BJP) ដែលកំពុងកាន់អំណាចនៅឥណ្ឌា និងជាអតីតរដ្ឋមន្ត្រីត្រូវបានចាប់ខ្លួនដោយប៉ូលិសរដ្ឋអ៊ុតតាប្រាដែស កាលពីព្រឹកថ្ងៃសុក្រទី២០កញ្ញានេះ នៅពេលជាង១ខែបន្ទាប់ពីនិស្សិតវ័យ២៣ឆ្នាំម្នាក់ដាក់ពាក្យប្តឹងទៅប៉ូលិសថា លោកអ្នកនយោបាយរូបនេះចាប់ពង្រត់និងរំលោភនាង។ និស្សិតវ័យ២៣ឆ្នាំម្នាក់មកពីក្រុងសាចាហានពួរនៃរដ្ឋអ៊ុតតាប្រា ដែសបានចោទប្រកាន់លោកស្វាមីជីនម៉ាយ៉ាណាន់ថាបានចាប់ពង្រត់ និងរំលោភនាងអស់ពេលជាង១ឆ្នាំមកហើយ។ក្មេងស្រីនេះកំពុងសិក្សាផ្នែកច្បាប់នៅវិទ្យាល័យដែលជនជាប់ចោទគ្រប់គ្រង។ពួកមេដឹកនាំបក្សប្រឆាំង និងសង្គមស៊ីវិលបានចោទប្រកាន់គណបក្សកាន់អំណាចថាការពារជនខ្លាំងរូបនេះ នៅពេលគាត់មិនត្រូវបានចោទប្រកាន់ពីបទចាប់រំលោភអស់ពេលជិតមួយខែបន្ទាប់ពីស្ត្រីរងគ្រោះដាក់ពាក្យប្តឹង។នារីរងគ្រោះអះអាងថា នាងត្រូវបាននាំទៅកាន់បន្ទប់លោកជីនម៉ាយ៉ាណាន់ដោយការភ្ជង់កាំភ្លើង។នាងថែមទាំងអះអាងថា ជនល្មើសបានថតរូបនាងងូតទឹកនិងទូរស័ព្ទមកគំរាមបញ្ចេញរូបវីដេអូរបស់នាង និងទីបំផុតបានរំលោភនាង។ កាលពីថ្ងៃទី ០២ ខែកញ្ញា តុលាការកំពូលឥណ្ឌាបានបញ្ជាអោយមានការស៊ើបអង្កេតពិសេសមួយនិងបញ្ជាទៅតុលាការរដ្ឋអ៊ុតតាប្រាដែសអោយបង្កើតក្រុមមួយដើម្បីតាមដានការស៊ើបអង្កេតលើអតីតរដ្ឋមន្ត្រីមហាផ្ទៃស្វាមីជីនម៉ាយ៉ាណាន់។លោកជីនម៉ាយ៉ាណាន់ជាមេដឹកនាំទី២នៃគណបក្សកាន់អំណាចBJP ដែលជាប់ពាក់ព័ន្ធក្នុងការរំលោភផ្លូវភេទ។សមាជិកសភាក្នុងតំណែងម្នាក់មកពីរដ្ឋអ៊ុតតាប្រាដែសក៏កំពុងជាប់គុកចំពោះការចោទប្រកាន់ស្រដៀងគ្នា៕