ភស្តុតាង​ថ្មី​៖ ផ្កាយព្រះគ្រោះ​ហោះ​បុក​ផែនដី​កាលពី​១២.៨០០​ឆ្នាំមុន បង្ក​ឲ្យ​មាន​យុគសម័យ​ទឹកកក​

ព័ត៌មានអន្តរជាតិ
0
368
​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ផ្កាយព្រះគ្រោះ​ដ៏​ធំ​មួយ ទំនងជា​បាន​ហោះ​បុក​ផែនដី​កាលពី​រយៈពេល​១២.៨០០​ឆ្នាំមុន បង្ក​ឲ្យ​មាន​បម្រែបម្រួល​អាកាសធាតុ និង​ការ​ផុត​ពូជ​របស់​សត្វលោក​នៅលើ​ផែនដី​។​ ​ភស្តុតាង​បាន​គាំទ្រ​ទ្រឹស្តី​មួយ​ដែលថា​ផ្កាយព្រះគ្រោះ​មួយ ឬ​ច្រើន បានធ្វើ​ឲ្យ​ចុះ​ត្រជាក់​ផែនដី និង​បានធ្វើ​ផុត​ពូជ​សត្វ​ធំៗ ដែល​ត្រូវបាន​គេ​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​   ​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​សញ្ញា​នៃ​ដែក​ប្លា​ទីន ដែល​បង្ហាញថា ផ្កាយព្រះគ្រោះ បាន​ហោះ​បុក គឺជា​ផ្កាយព្រះគ្រោះ​ដែល​សម្បូរ​ប្លា​ទីន នៅ​តំបន់ Wonderkrater ស្ថិតក្នុង​ខេត្ត Limpopo ភាគ​ខាងជើង​នៃ​រដ្ឋធានី Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​ ​មកទល់នឹង​ពេលនេះ ភស្តុតាង​បង្ហាញថា ផ្កាយព្រះគ្រោះ បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដែល​នាំ​ឲ្យ​មាន​យុគសម័យ​ទឹកកក​នៅ​អឌ្ឍគោល​ខាងជើង​។ តំបន់​សរុប​២៨​កន្លែង​ដែលមាន​កម្រិត​ផ្លា​ទីន​ខ្ពស់ ត្រូវបាន​រកឃើញ​។​ ​ប៉ុន្តែ​ភស្តុតាង​បច្ចុប្បន្ន​ដែល​បានបង្ហាញ​ពី​ទីតាំង​ស្រដៀង​គ្នា​នៅ​អឌ្ឍគោល​ខាងត្បូង ត្រូវបាន​រកឃើញ​ផងដែរ​។​ ​ការរកឃើញ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅឯ​សាកលវិទ្យាល័យ Witwatersrand ស្ថិតក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​គាំទ្រ​ទ្រឹស្តី ដែលថា ផ្កាយព្រះគ្រោះ បាន​ហោះ​បុក​ផែនដី ដែល​នាំ​ឲ្យ​មាន​ផលវិបាក​ដល់​ផែនដី ហើយ​ទីតាំង​ដែល​រង​ការបុក​ពី​ផ្កាយព្រះគ្រោះ ត្រូវបាន​រកឃើញ​ផងដែរ​នៅ​ប្រទេស​ឈី​លី​។​ ​ក្រោយពី​ការវាយប្រហារ​ដោយ​ផ្កាយព្រះគ្រោះ ការ​ផុត​ពូជ​សត្វ​ច្រើន​ប្រភេទ ពិសេស​គឺជា​សត្វ​ធំៗ បាន​កើតមានឡើង​កាលពី​រយៈពេល​១២.៨០០​ឆ្នាំមុន​។​ ​ខណៈពេលដែល​ទ្រឹស្តី​មួយ ធ្លាប់បាន​លើកឡើង​កាលពីមុន​ថា យុគសម័យ​ទឹកកក បាន​កើតឡើង​ដោយសារតែ​បម្រែបម្រួល​នៅក្នុង​ប្រព័ន្ធ​ចរន្ត​មហាសមុទ្រ​នោះ ទ្រឹស្តី​មួយទៀត ដែល​ផ្តល់ជូន​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក​កាលពី​ឆ្នាំ​២០០៧ បាន​អះអាងថា យុគសម័យ​រលាយ​ទឹកកក អាច​បង្កឡើង​ដោយសារតែ​ការធ្លាក់ចុះ​នូវ​ធូលី ដែល​សល់​ពី​ការបុក​របស់​ផ្កាយព្រះគ្រោះ​៕​