តារា​សម្តែង​ស្រី​កូរ៉េ Sulli ប្រទះឃើញ​ដេកស្លាប់​ក្នុងផ្ទះ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​

ព័ត៌មានអន្តរជាតិ
0
433
​នាង Sulli ដែលជា​តារាចម្រៀង និង​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ របស់​កូរ៉េខាងត្បូង បាន​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ផ្ទះ​របស់​នាង ស្ថិតនៅ​ទីក្រុង Seongnam កាលពី​ថ្ងៃ​ចន្ទ​។ នាង​បាន​ស្លាប់​នៅ​វ័យ​២៥​ឆ្នាំ​។​ ​ក្រុមនគរបាល បាន​ជូនដំណឹង​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន Yonap របស់​កូរ៉េខាងត្បូង​ថា តារា​ស្រី​ម្នាក់នេះ ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ផ្ទះ​របស់​នាង ក្នុង​ទីក្រុង Seongnam ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃ​ចន្ទ​។​   ​នាង Sulli ដែលមាន​ឈ្មោះ​ពិត Choi Jin-ri ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​ដោយ​ភ្នាក់ងារ​របស់​នាង នៅវេលា​ម៉ោង ៣ និង​២១​នាទី​រសៀល នៅក្នុង​ផ្ទះ​២​ជាន់ ស្ថិតនៅ​ទីក្រុង Seongnam ខេត្ត Gyeonggi ។​ ​នាង Sulli ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ពេលដែល​នាង​បង្ហាញខ្លួន​នៅក្នុង​ក្រុម​តារាចម្រៀង​ស្រី​កូរ៉េ f(x)​ប៉ុន្តែ​នាង​បាន​ចាក​ចេញពី​ក្រុម​មួយ​នេះ​វិញ កាលពី​ឆ្នាំ​២០១៤ ។​ ​ដោយឡែក មូល​ហេតុដែល​បណ្តាល​ឲ្យ​នាង​ស្លាប់ Sulli មិនត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ភ្លាមៗ​នោះទេ​។​ ​ក្រោយពី​ការចាកចេញ​ពី​ក្រុម f(x) នាង Sulli បាន​វិលត្រឡប់​មករក​ការសម្តែង​វិញ គឺជា​អាជីព​ដែល​នាង​ធ្លាប់បាន​បង្ហាញខ្លួន​នៅក្នុង​ខ្សែភាពយន្ត​ជាច្រើន អំឡុង​កាល​នៅ​វ័យ​កុមារ​របស់​នាង​។​ ​នៅ​វ័យ​១១​ឆ្នាំ នាង Sulli ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាតា​រា​សម្តែង​កូនក្មេង ដោយបាន​ដើរតួ​ជា​ម្ចាស់​ក្ស​ត្រី Seonhwa នៃ​វិមាន Silla​នៅក្នុង​រឿង “Ballad of Seodong”​របស់​ទូរទស្សន៍ SBS ក្នុង​ឆ្នាំ​២០០៥​។​ ​បន្ទាប់ពី​ភាពលេច​ធ្លោ នាង Sulli បន្ត​សម្តែង​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍ និង​ខ្សែភាពយន្ត​ជាច្រើន​ទៀត ដែល​រួមទាំង​រឿង​Vacation, Punch Lady ឆ្នាំ​២០០៦ និង​រឿង The Flower Girl is Here ឆ្នាំ​២០០៧ និង​រឿង BABO ឆ្នាំ​២០០៨​។​ ​នៅ​ខែសីហា ឆ្នាំ​២០១២ នាង Sulli បាន​សម្តែង​ជា​តួឯក​នៅក្នុង​រឿង “To the Beautiful You”​ដោយ​នាង​ដើរតួ​អង្គ​នាង Gu Jae-hee ៕​