សមត្ថកិច្ច នៅ​ពុំទាន់​រកឃើញ​មូល​ហេតុដែល​បណ្តាល​ឲ្យ​ស្ត្រី​ជនជាតិ​អង់គ្លេស​ស្លាប់បាត់​បង់ជីវិត​នៅឡើយ​ទេ

ព័ត៌មានអន្តរជាតិ
0
367
​កាល​ពេល​ថ្មីៗ​នេះ នារី​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge អាយុ ២១ ឆ្នាំ ដែល​បាន​បាត់​ខ្លួន​នៅ​កោះរ៉ុង​កាលពី​ថ្ងៃទី ២៤ ខែតុលា ត្រូវបាន​រកឃើញ​សព​អណ្ដែត​នៅលើ​ទឹកសមុទ្រ ស្ថិត​នៅក្បែរ​ព្រំដែន​ថៃ​ដែលមាន​ចម្ងាយ​ជាង ៩១ គីឡូម៉ែត្រ​ពី​ទីតាំង​បាត់​ខ្លួន​។​ ​បើ​យោងតាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏បាន​បញ្ជាក់ថា តាម​ព័ត៌មាន​បឋម​ដែល​លោក​ទទួលបាន គឺ​ពិតជា​រកឃើញ​សព​របស់​នាង បាន​អណ្ដែត​ដល់​ខេត្តកោះកុង ហើយ​ពេលនេះ​កម្លាំង​នគរបាល អាជ្ញាធរ​បាន​ទាក់ទង​ទៅខាង​ក្រុម​លំហរ​សមុទ្រ​នាំយក​សព របស់​នាង មកលើ​គោក​វិញ​។​ ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ការងារ​នេះ​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​យកចិត្ត​យ៉ាងខ្លាំង និង​បាន​ចាត់​ឲ្យ​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ទាក់ទង​អន្តរាគមន៍​នាំយក​សព របស់​នាង មកលើ​គោក​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ព្រមទាំង​ចាត់ចែង​ប្រគល់ជូន​ក្រុមគ្រួសារ​។​   ​សូមបញ្ជាក់ថា ស្ត្រី​រងគ្រោះ ជា​ជនជាតិ​អង់គ្លេស​រូបនេះ មានឈ្មោះ AMELIA LOUISE បាន​ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅ​គោលដៅ​ក្រុង​កោះរុង នៅ​ម៉ោង​៥​និង​០០​ល្ងាច ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ មកដល់​កោះរុង នៅ​ម៉ោង​៦​ល្ងាច​។ នាង​បាន​ចូល​ស្នាក់នៅ​ផ្ទះសំណាក់ Ness Beach នៅ​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ដដែល ក្នុង​គោលបំណង​ទេសចរណ៍​។ មុន​បាត់​ខ្លួនគេ​បាន​ប្រទះឃើញ​នារី​រងគ្រោះ លើកចុងក្រោយ​នៅ​ម៉ោង​៣​និង​៣០​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ពិធីជប់លៀង​មួយ​នៅ​ឆ្នេរ​កោះរុង​(police beach) ក្រោយមក​ក៏​បាត់​ដំណឹង​តែម្តង​។ ​ក្រោយមក​គេ​បាន​ប្រទះឃើញ​កាបូប​របស់​ស្ត្រី​រងគ្រោះ​នៅលើ​ផ្ទាំង​ថ្ម​ជាប់​ឆ្នេរ​ក្បែរ​កន្លែង​ធ្វើ​ពិធីជប់លៀង​នោះដែរ ដោយ​បញ្ហា​នេះ ត្រូវបាន​គេ​សង្ស័យថា ស្ត្រី​រងគ្រោះ​ក្រោយពេល​ចប់​ពិធីជប់លៀង អាច​នឹង​ចុះ​លេង​ទឹក​ហើយ ក៏ត្រូវ​លង់ទឹក​ស្លាប់ ក៏​ថា​បាន ប៉ុន្តែ​ទោះជា​យ៉ាង​ក៏ដោយ នេះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន ក្រោយ​ផ្លូវការ​ប៉ុណ្ណោះ​៕