តើ​អ្នក​គួរ​រួមភេទ​ដំបូង​នៅ​អាយុ​ប៉ុន្មាន​?

សុខភាព
0
402
ពេលវេលា​ដែល «​ត្រឹមត្រូវ​» បំផុត​សម្រាប់​អ្នក​ក្នុងការ​រួមភេទ​ដំបូង គឺ​នៅពេលដែល​អ្នក​គិតថា​ខ្លួនប្រាណ​របស់​អ្នក និង​អារម្មណ៍​របស់​អ្នក​បាន​ត្រៀម​រួចរាល់​ក្នុងការ​ទទួលបាន​ភាព​រីករាយ​ក្នុងពេល​រួមភេទ​។ គ្មាន​វិធីសាស្ត្រ​ណាមួយ​អាច​បញ្ជាក់​ពី​ភាពជាក់លាក់​ថា អ្នក​បាន​ត្រៀមខ្លួន និង​មាន​ទំនុកចិត្ត​រួចហើយ​នៅពេល​នោះទេ​។ នៅក្នុង​ប្រទេស​កម្ពុជា ការ​រួមភេទ​ជាមួយ​កុមារី​ដែលមាន​អាយុ ក្រោម​១៥​ឆ្នាំ​ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​អនាចារ​។ ប៉ុន្តែ​មិន​មានន័យថា​នៅពេលដែល​អ្នក​អាយុ ១៦ ១៧ ឬ​១៨​ឆ្នាំទៅ អ្នក​ត្រូវតែ​រួមភេទ​នោះទេ​។​ ​ការរួម​ភេទ​ត្រូវបាន​ចាត់ទុកថា​ជា​សកម្មភាព​របស់​មនុស្ស​ពេញវ័យ​។ តើ​ពេលណា​ដែល​អ្នកជា​មនុស្សពេញវ័យ​? នៅ​អាយុ ១៨ ឆ្នាំ ឬ​២១​ឆ្នាំ​? អាច​នឹងមាន​ការយល់​ច្រឡំ​ច្រើន​ទៅលើ​អាយុ​នេះ ទៅនឹង​អាយុ​នៃ​ការបោះឆ្នោត ឬ​អាយុ​រៀបការ ឬ​បើកបរ​ជាដើម​។ មាន​មនុស្ស​ពេល​វ័យ​ជាច្រើន​ដែលមាន​អាយុ​២៥​ឆ្នាំ​ដែល​មិនមាន​ភាពចាស់ទុំ​ជាង​ក្មេង​ដែលមាន​អាយុ ១៧​ឆ្នាំ​។ ដូចនេះ ការយក​អាយុ​មក​កំណត់​ក្នុងការ​រួមភេទ​មិន​សម​ហេតុផល​ទាំងអស់​នោះទេ​។​ ​ចម្លើយ​សម្រាប់​សំណួរ​នេះ​ពី​យើង គឺ​ស្ថិតនៅលើ​ការវិភាគ​របស់​អ្នក​។ អ្នក​ត្រូវ​កំណត់​តម្លៃ​ដោយ​ផ្អែកលើ​បរិបទ​នៃ​ការរស់នៅ​របស់​អ្នក​។ យក​តម្លៃ​ទាំងនេះ​ដាក់​នៅ​កណ្តាល ហើយ​សម្រេចចិត្ត​ទៅលើ​ការរួម​ភេទ​របស់​អ្នក​។ សូម​ចងចាំ​ថា «​លទ្ធផល​» ដែល​មនុស្ស​ជាច្រើន​និយាយ​មិនមែន​ត្រឹមតែ​អ្វីដែល​កើត​លើ​រាងកាយ​របស់​អ្នក ដូច​ជាការ​មានកូន​ដោយ​ចៃដន្យ ឬ​ការឆ្លង​មេរោគ​នោះទេ​។ ការរួម​ភេទ​អាច​កំណត់​ការចាប់ផ្តើម​ដ៏​មានអំណាច​មួយ​ទៅលើ​ការឆ្លើយតប​អារម្មណ៍​របស់​អ្នក ហើយ​អ្នក​ត្រូវ​ពិចារណា តើ​អ្នកនឹង​ត្រៀមខ្លួន​ដូចម្តេច​ចំពោះ​អារម្មណ៍​នោះ​។ នេះ​មិន​មានន័យថា យើង​ព្យាយាម​ហាមឃាត់​អ្នក​ក្នុងការ​រួមភេទ​នោះទេ ប៉ុន្តែ​ដោយសារ​ការរួម​ភេទ​គឺជា​ផ្អែក​ដ៏​សំខាន់​មួយ​របស់​បុគ្គល​ម្នាក់ៗ ហើយ​អ្នក​គួរតែមាន​អារម្មណ៍​រីករាយ​ជាមួយ​វា​។ ការពិចារណា​លើ​ចំណុច​ទាំងនេះ​ពិតជា​សំខាន់​ណាស់ ដូចនេះ​នៅពេលដែល​អ្នក​ចាប់ផ្តើម​ជីវិត​រួមភេទ​របស់​អ្នក អ្នកនឹង​ទទួលបាន​បទពិសោធន៍​វិជ្ជមាន​។ វា​ប្រហែលជា​មិនល្អ​នោះទេ នៅពេលដែល​អ្នក​មិនបាន​ពិចារណា​មុនពេល​សម្រេចចិត្ត​រួមភេទ ហើយ​ក្រោយមក​អ្នកនឹង​រកឃើញថា ការប្រព្រឹត្ត​នោះ​គឺជា​ការគិត​ខ្លី​។ ដើម្បី​រីករាយ​ជាមួយ​ជីវិត​រួមភេទ​របស់​អ្នក អ្នក​ត្រូវ​ដឹងផង​ដែរ​ថា​តើ​អ្នក​ត្រូវ​ថែរក្សា និង​ការពារ​ខ្លួន​របស់​អ្នក​យ៉ាងដូចម្តេច​?​។ នេះ​មានន័យថា​អ្នក​ត្រូវ​ស្វែងយល់ថា តើ​អ្វី​ទៅជា​ការ​រួមភេទ អ្វី​ទៅ​ដែលជា​វិធី​ការការពារ​មិនឱ្យ​មានកូន ហើយ​អ្វី​ទៅជា​ការ​រួមភេទ​ដោយមាន​សុវត្ថិភាព និង​អ្វី​ទៅ​ដែល​អ្នក​ចូលចិត្ត និង​មិន​ចូលចិត្ត​អំពី​វា​។ អ្នក​ក៏​ត្រូវមាន​សមត្ថភាព​ក្នុងការ​និយាយថា «​ទេ​» ប្រសិនបើ​អ្នក​មិន​ចង់បាន​វា​។​ ​ការសម្រេចចិត្ត​រួមភេទ​មុនពេល​រៀបការ​គឺជា​រឿង​បុគ្គល​។ ជំនឿ​សា​សា​នា និង​វប្បធម៌​មួយចំនួន​មិន​អនុញ្ញាតឱ្យ​រូ​ម​ភេទ​មុនពេល​រៀបការ​។ ប៉ុន្តែ​នៅក្នុង​សង្គម​មួយចំនួន វា​មិនមែនជា​បញ្ហា​នោះទេ​។ សរុបសេចក្តី​មក ទាំងនេះ គឺជា​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​។ប្រភព៖​rhac.org