ហ្វីលីពីន​កំពុងតែ​ធ្វើ​ឲ្យ​វិស័យ​យោធា របស់ខ្លួន កាន់តែ​ខ្លាំងក្លា​ថែមទៀត ពេលនេះ​បាន ទិញ​នាវាមុជទឹក​ពី​បារាំង ដើម្បី​ទប់ទល់​ឥទ្ធិពល​យោធា​នៅ ក្នុង​តំបន់​

ព័ត៌មានអន្តរជាតិ
0
336
​រហូតមកដល់​ពេលនេះ ហ្វីលីពីន​កំពុងតែ​ធ្វើ​ឲ្យ​វិស័យ​យោធា​របស់ខ្លួន កាន់តែខ្លាំង​ក្លា​ឡើង​ថែមទៀត ដោយ​គ្រោង​នឹង​ទិញ​មី​ស៊ី​ល​មាន​ល្បឿន​លឿន​ជាង​សំឡេង​នៅលើ​ពិភពលោក ពី​ប្រទេស​ឥណ្ឌា និង​នាវាមុជទឹក​ដ៏​ទំនើប​ពី​ប្រទេស​បារាំង ស្របពេល មាន ការ ប្រកួតប្រជែង លើ​វិស័យ​យោធា នៅក្នុង​តំបន់​។​បើតាម​គេហទំព័រ Businessmirror បាន​ផ្សាយ នៅ​ថ្ងៃទី​១៩ ខែធ្នូ នេះ​ថា ជា​ជំហាន​ដំបូង ទីក្រុង​ម៉ានីល និង​ប៉ារីស បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ការពា​រ​ដែនសមុទ្រ​។ នៅក្នុង​កិច្ចសហប្រតិបត្ដិការ​នោះ រដ្ឋបាល​របស់លោក Duterte ប្រធានាធិបតី ហ្វីលីពីន បាន​ផ្ដួច​ផ្ដើ​គំនិត​ធានា​សន្ដិសុខ​ដល់​នាវាមុជទឹក សម្រាប់​កង​នាវាចរណ៍​ហ្វីលីពីន ដោយមាន​បារាំង​ជា​អ្នកផ្គត់ផ្គង់​។​លោក Delfin N. Lorenzana រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ហ្វីលីពីន បាន​ថ្លែងថា នៅក្នុង​រដ្ឋបាល​របស់​លោក Duterte មាន​គោលបំណង ចង់​ធ្វើ​ឲ្យ​មាន​ទំនើប​ឧ​ប​នីយកម្ម​លើ​វិស័យ​យោធា​។ រីឯ​កិច្ចសហប្រតិបត្ដិការ​ការពា​រ​ជាតិ ផ្នែក​ជើង​ទឹក ក៏​ជា​ចំណុច​ដ៏​សំខាន់​ផងដែរ​។ ជាមួយគ្នានេះដែរ លោក​ក៏បាន​ចុះហត្ថលេខា​ជាមួយនឹង​សម​ភាគី បារាំង គឺ​លោក Florence Parly ផងដែរ ដោយសារ​យល់ឃើញថា ប្រទេស​បារាំង​ជា​ប្រភព​ផ្គត់ផ្គង់​នាវាមុជទឹក​ដ៏​សំខាន់បំផុត សម្រាប់​កងទ័ព​ហ្វីលីពីន​។​ប្រមុខ​ការពារជាតិ​ហ្វីលីពីន បានបញ្ជាក់ កាលពី​យប់ ថ្ងៃទី​១៨ ខែធ្នូ ម្សិលមិញ​ថា បារាំង​បាន​លក់​នាវាមុជទឹក ប្រភេទ Scorpene មក​ឲ្យ​កងទ័ព​ហ្វិ​លី​ពី​ន​។ នាវា Scorpene នេះ ជា​ប្រភេទ​នាវាមុជទឹក​ដ៏​ល្អ​បំផុត​របស់​បារាំង ហើយ​វា​ដំណើរការ​ដោយ​ថាមពល​ប្រេង​។ ​មន្ដ្រី​យោធា​ហ្វីលីពីន បាន​ឲ្យ​ដឹងថា ស្របតាម​កម្មវិធី​ធ្វើ​ឲ្យ​ទំនើប​ឧ​ប​នីយកម្ម​លើ​វិស័យ​កងទ័ព​នោះ ហ្វីលីពីន​កំពុងតែ​ស្វះស្វែង​ទិញ​មី​ស៊ី​ល BrahMos ដែលមាន​ល្បឿន​លឿន​បំផុត​របស់​ពិភពលោក មកពី​ប្រទេស​ឥណ្ឌា​។ មី​ស៊ី​ល​ប្រភេទ​នេះ អាច​បាញ់​ចេញពី​នាវាមុជទឹក នាវាចម្បាំង យន្ដហោះ​ចម្បាំង និង​បាញ់​ចេញពី​ទីតាំង​លើដី​។ ក្រៅពីនេះ រដ្ឋាភិបាល​ហ្វីលីពីន ក៏​នឹង​ទិញ​នាវាមុជទឹក ពី​ប្រទេស​បារាំង ផងដែរ​៕