
ពិតជារន្ធត់ពេកក្រៃ បន្ទាប់ពីរថយន្តដឹកអ្នកដំណើរមួយគ្រឿងបានជួបឧបទ្ទវហេតុ ធ្លាក់ចូលទៅក្នុងជ្រោះជ្រៅមួយនៅឥណ្ឌូណេស៊ី ដែលបណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ២៥នាក់ បានបាត់បង់ជីវិត និង១៤នាក់ទៀត រងរបួស ។ នេះបើតាមការអះអាងពីសំណាក់ក្រុមអ្នកជួយសង្គ្រោះនៅថ្ងៃទី២៤ ខែធ្នូ។
អ្នកនាំពាក្យប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា រថយន្តក្រុងដឹកអ្នកដំណើរប្រមាណ៥០នាក់បានរេចង្កូតធ្លាក់ចូលក្នុងជ្រោះជំរៅ១៥០ម៉ែត្រមួយកាលពីថ្ងៃអាទិត្យនៅក្នុងខេត្ត ស៊ូម៉ាត្រាខាងត្បូង និងបានធ្លាក់ហូរចូលក្នុងទន្លេមួយ។
អ្នកនាំពាក្យបានអោយដឹងថា «រថយន្តបានបុករបាំងថ្មស៊ីម៉ងត៍មុនវាធ្លាក់ចូលក្នុងជ្រោះ។មនុស្សខ្លះនៅជាប់ក្នុងរថយន្តនៅឡើយ។
គួររម្លឹកដែរថា អាជ្ញាធរឥណ្ឌូណេស៊ី ក៏កំពុងបន្តប្រតិបត្តិការជួយសង្គ្រោះ និងតាមរុករកជនរងគ្រោះដែលអាច បាត់ខ្លួនផងដែរ។ រថយន្តក្រុងខាងលើ បានចាកចេញពីខេត្ត Bengkulu ដើម្បីឆ្ពោះទៅកាន់ក្រុង Pagar Alam នៃខេត្តស៊ូម៉ាត្រខាងត្បូង ជាមួយមនុស្សចំនួន២៧នាក់ធ្វើដំណើរលើ នោះ ៕