បាតុភូត​សូរ្យគ្រាស នឹង​កើតឡើង​នៅ​កម្ពុជា​ថ្ងៃទី​២៦​ស្អែក​នេះហើយ !

វិទ្យាសាស្ត្រ
0
748
​ នៅ​ថ្ងៃ ទី ២៦ ខែធ្នូ​នេះ​នឹងមាន​បាតុភូត​សូរ្យគ្រាស​កើតឡើង​។ គ្រាន់តែ​មួយថ្ងៃ​បន្ទាប់ពី​បុណ្យ​ណូអែល​ប្រជាជន​ហ្វីលីពីន​នឹង​អាច​បានឃើញ​សូរ្យគ្រាស​ប្រចាំឆ្នាំ​។ ព្រះអាទិត្យ​និង​ព្រះ​ច័ន្ទ​នឹង​ចូល​គន្លង​តែមួយ​រយៈពេល ៣ ម៉ោង​១៥ នាទី នៅពេល​រសៀល​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ។​ ​ក្នុងនោះ​ប្រទេស​ដែល​អាច​មើលឃើញ រួមមាន​ប្រទេស​នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងកើត​អាហ្វ្រិក​, ប្រទេស​ភាគច្រើន​នៅ​អាស៊ី ដូចជា កោះ​ម៉ា​រី​អាណា​ខាងជើង កោះ​ខ្វាម ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី អូ​ម៉​ង់ កាតា អារ៉ាប៊ីសាអ៊ូឌីត សិង្ហ​បុរី ស្រីលង្កា និង​អារ៉ាប់​រួម ព្រមទាំង​ប្រទេស​អូស្ត្រាលី​ផងដែរ​។​ ​សម្រាប់​ប្រទេស​កម្ពុជា ថៃ និង​ភាគខាងត្បូង​វៀតណាម គឺ​នឹង​អាច​មើលឃើញ​បាតុករ​សូរ្យគ្រាស​ប្រចាំ​ឆ្នាំនេះ​ដូចគ្នា ប៉ុន្តែ​គឺ​ចាប់ពី ៥០% ដល់ ៨០%​ប៉ុណ្ណោះ ហើយ​មានតែ​ខេត្ត​យ៉ា​ឡា ដែល​ស្ថិតនៅ​ចុង​ភាគខាងត្បូង​ថៃ​ទេ ដែល​អាច​មើលឃើញ​រហូតដល់​ទៅ ៨៧% នៃ​បាតុភូត​សូរ្យគ្រាស ដែល​នឹង​កើតឡើង​នៅ​កំឡុង​ម៉ោង ១២៖០៥​នាទី (​ម៉ោង​នៅ​ទីក្រុង​បាងកក​) ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩​។​ ​គួរ​បញ្ជាក់ដែរថា សូរ្យគ្រាស គឺជា​បាតុភូតធម្មជាតិ ដែល​កើតឡើង ដោយសារតែ​ព្រះ​ចន្ទ អណ្តែត​មក​ចំ​បន្ទាត់ ចន្លោះ​ពី​ផែនដី​ទៅ​ព្រះអាទិត្យ​។ ដូច្នេះ ព្រះ​ចន្ទ​នឹង​មក​បាំង​កាំរស្មីព្រះអាទិត្យ ហើយ​ស្រមោល​ព្រះ​ចន្ទ នឹង​ជះ​មកលើ​ផែនដី នៅ​ទីកន្លែង​ណា ដែល​ស្ថិតនៅ​ចំពេល​នោះ​។ ចំណែក​បាតុភូត​ចន្ទ​គ្រាស ឬ​ខ្មែរ​យើង​និយម​ហៅថា រា​ហ៊ូ​ចាប់​ចន្ទ​នោះ គឺ​កើតឡើង​នៅពេល​ភពផែនដី​យើង អណ្តែត​ទៅ​ចំ​បន្ទាត់​ត្រង់ ចន្លោះ​ពី​ព្រះអាទិត្យ​ទៅ​ព្រះ​ចន្ទ ហើយ​ជះ​ស្រមោល​ង​ងិ​តទៅ​លើ​ព្រះ​ចន្ទ ធ្វើ​ឲ្យ​ព្រះ​ចន្ទ​ង​ងិ​ត មួយរយៈ​ពេល​។​ ​បាតុភូត​សូរ្យគ្រាស​ទាំងស្រុង ឬ​សូរ្យគ្រាស​ពេញ គឺ​នៅពេលដែល ព្រះ​ចន្ទ មក​បាំង​ព្រះអាទិត្យ​ជិតឈឹង​តែម្តង​។ តាម​ធម្មតា អង្កត់ផ្ចិត​របស់​ព្រះអាទិត្យ​មាន​ទំហំ ធំ​ជាង​ព្រះ​ចន្ទ ដល់​ទៅ​៤០០​ដង​ឯណោះ ក៏ប៉ុន្តែ​ព្រះ​ចន្ទ​ស្ថិតនៅ​ជិត​ផែនដី​យើង​ជាង​ព្រះអាទិត្យ ប្រមាណ​ជា​៤០០​ដង​ដែរ​។ ដូច្នេះ​បើ​យោងតាម​ការ​គុណគូរ របស់​តារាវិទូ គឺ​សម្រាប់​ភ្នែក​មនុស្ស​យើង នៅពេលដែល​ព្រះ​ចន្ទ មក​នៅ​បាំង ពីមុខ​ផែនដី យើង​នឹង​ឃើញ​ព្រះ​ចន្ទ មាន​ទំហំ​ប៉ុន​ព្រះអាទិត្យ​។ ហើយ​ក្នុង​ករណីខ្លះ ព្រះ​ចន្ទ បាន​អណ្តែត​មក​ចំ​ចំណុច​មួយ ដែល​នៅ​កៀក​នឹង​ផែនដី​បំផុត ដែល​ធ្វើ​ឲ្យ​យើង​មើលឃើញ​ព្រះ​ចន្ទ កាន់តែ​ធំ បាំង​ព្រះអាទិត្យ​ជិត​ទាំងស្រុង​តែម្តង​។ ក្នុងកំឡុងពេល​ដែល​បាំង​ទាំងស្រុង​នោះ តំបន់​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​បន្ទាត់ នៃ​ស្រមោល​ព្រះ​ចន្ទ នឹងត្រូវ​ងងឹតស្លុប​មួយ​រំពេច​៕