យុវតី​ជនជាតិ​អង់គ្លេស​បានក្លាយ​ជា​ស្ត្រី​លើកដំបូង​គេ​របស់​ពិភពលោក​ឡើង​ចំណោត​ថ្ម​ដ៏​លំបាក​បំផុត​កម្ពស់​ជាង​៦០០​ម៉ែត្រ​នៅ​ប្រទេស​គុយ​យ៉ាន់​

ព័ត៌មានអន្តរជាតិ
0
536
​នាង Anna Taylor អាយុ​២១​ឆ្នាំ បានបញ្ចប់​ការឡើង​ភ្នំ​ដ៏​លំបាក​បំផុត​នៅលើ​ពិភពលោក ដើម្បី​ក្លាយ​នារី​លើកដំបូង អាច​ឡើងដល់​កំពូលភ្នំ Mount Roraima ស្ថិតនៅ​តំបន់​ព្រៃ​ត្រូ​ពិ​ក​នៃ​ប្រទេស​គុយ​យ៉ាន់ អាមេរិក​ឡាទីន ។​នារី​ជនជាតិ​អង់គ្លេស​ម្នាក់នេះ គឺជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​មាន​គ្នា​៦​នាក់ ដែល​បាន​ដើរ​ចម្ងាយ​៥៣​គ​.​ម ឆ្លងកាត់​ព្រៃ​យ៉ាង​ក្រាស់ ដើម្បី​ឡើងដល់​កំពូលភ្នំ​។​ ​បន្ទាប់មកទៀត ពួកគេ​បាន​ចំណាយពេល​២​សប្តាហ៍​ដើម្បី​ឡើង​តាម​ចំណោត​ថ្មដា​កម្ពស់​ជាង​៦០០​ម៉ែត្រ ដោយ​ពួកគេ​ដេក​ចង​តង់​ពិសេស​ជាមួយនឹង​គ្រោះថ្នាក់​គ្រប់​វិនាទី​នៅ​ពីក្រោម​ពួកគេ​។ ភ្នំ​មាន​កំពូល​រាង​សំប៉ែត​កម្ពស់​ជាង​២.៧​គ​.​ម​នេះ ត្រូវបាន​គេ​ចងក្រង​ផងដែរ​នៅក្នុង​សៀវភៅ​ប្រឡោមលោក The Lost World របស់លោក Sir Arthur Conan Doyle ជា​កន្លែង​ដែល​សត្វ​ដាយ​ណូ​ស័​រ ធ្លាប់​រស់នៅ​ទីនោះ ។​នាង Taylor មកពី​ស្រុក Cumbria ចក្រភព​អង់គ្លេស គឺជា​សមាជិក​ក្មេង​ជាងគេ​បំផុត​នៅក្នុង​ក្រុម​ផ្សងព្រេង​របស់​នាង ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ជាច្រើន​ដូចជា ពីងពាង​ពិស សត្វ​ពស់ ខ្យាដំរី ហើយ​ក្រុម​មួយ​នេះ ដឹកនាំ​ដោយ​លោក Leo Houlding វ័យ​៣៩​ឆ្នាំ​។​ពួកគេ​បាន​ឡើង​តាមផ្លូវ​ជ​ញ្ជាំ​ផ្ទាំង​ថ្ម​ថ្មី ដែល​តម្រូវ​ឲ្យ​ពួកគេ​ពាក់​ខ្សែពួរ​គ្រប់ពេលវេលា​។​បច្ចុប្បន្ន នាង Taylor បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ហើយ ហើយ​នាង​បាន​និយាយថា វា​គឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ឆាកជីវិត​របស់​នាង​។​ ​នាង​បន្តថា ចំណោត​ថ្ម​ទាំងអស់ ពិតជា​ចោទ​ខ្លាំងណាស់ ហើយ​វា​គឺជា​ការ​ប្រឈម​ផ្នែក​រាងកាយ​ខ្លាំង​បំផុត​។ យើង​ត្រូវ​ដេក​នៅលើ​ចំណោត​ផ្ទាំង​ថ្ម​ទាំងនោះ ពិសេស​គឺ​ត្រូវ​ដេក​ក្នុង​តង់​ពិសេស​សម្រាប់​អ្នក​ឡើង​តាម​ចំណោត​ផ្ទាំង​ថ្ម ដែល​យើង​ចងភ្ជាប់​ពី​ចំណោត​ថ្ម​មួយ​ទៅ​ចំណោត​ថ្ម​មួយទៀត​៕