បើ​សង្គ្រាម​ផ្ទុះឡើង​ពិតមែន​រវាង​អាមេរិក និង​អ៊ីរ៉ង់ តើ​ភាគី​ណាមួយ​រងគ្រោះ​ខ្លាំងជាងគេ​?

ព័ត៌មានអន្តរជាតិ
0
318
​នៅ​ថ្ងៃ​សុក្រ ទី​៣ ខែមករា​កន្លងមកនេះ កងកម្លាំង​សហរដ្ឋអាមេរិក ដោយមាន​ការបង្គាប់បញ្ជា​ដោយផ្ទាល់​ពី​លោក​ប្រ​ធា​នាធ​បិ​តី​ដូ​ណា​ល់ ត្រាំ បាន​ប្រើប្រាស់​ដ្រូ​ន បាញ់​មី​ស៊ី​ល​៤​គ្រាប់​មកលើ​ក្បួន​រថយន្ត​២​គ្រឿង​របស់លោក​ឧ​ត្ត​ម​សេនីយ៍ កា​សេម សូ​ឡេ​ម៉ា​នី គឺជា​មេបញ្ជាការ​កងកម្លាំង​សម្រាំង​ឃូ​ដ នៃ​ក្រុម​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ នៅក្បែរ​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់ ធ្វើ​ឲ្យ​រូបលោក និង​មន្ត្រី​យោធា​៤​នាក់​ផ្សេងទៀត បាត់បង់​ជីវិត ក្រោយពី​រូបលោក​ធ្វើដំណើរ​មកពី​ប្រទេស​ស៊ី​រី ដែល​ប្រតិកម្ម​បាញ់សម្លាប់​មន្ត្រី​យោធា​កំពូល​មួយរូប​របស់​អ៊ីរ៉ង់​នេះ សម្រេចបាន​ជោគជ័យ​ក្រោយពី​មន្ត្រី​យោធា​សហរដ្ឋអាមេរិក ទទួលបាន​របាយការណ៍​ចារកិច្ច​ពី​អ៊ីស្រាអែល និង​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​ប្រទេស​បច្ចាមិត្ត​ជាមួយ​ទីក្រុង​តេ​អេ​រ៉ង់​។​ ​ការស្លាប់​របស់លោក​កា​សេម គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​រដ្ឋបាល​រប​ស់លោក​ដូ​ណា​ល់ ត្រាំ បើទោះបីជា​មានការ​ជំទាស់​ពី​ក្រុម​ប្រជាធិបតេយ្យ​ក៏ដោយ ដោយសារតែ​ពួកគេ​ខ្លាចក្រែង​មាន​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​។ មន្ទីរ​ប​ច្ច​កោណ​បានប្រកាស​ការស្លាប់​រប​ស់លោក​កា​សេម ថា​ជា​ជោគជ័យ​ដ៏​ធំ​មួយ ព្រោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​កំពូល​មួយរូប​នេះ​គឺជា​អ្នក​ឈរ​នៅ​ពីក្រោយ​ការបាត់បង់​អាយុជីវិត​ពលរដ្ឋ​អាមេរិក​រាប់រយ​នាក់​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​កាល​វាយប្រហា​រ​កាលពីពេល​ថ្មីៗ​នេះ មកលើ​មូលដ្ឋានទ័ព​អាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​បានសម្លាប់​មន្ត្រី​ជាប់កិច្ចសន្យា​អាមេរិក​ម្នាក់ និង​ការវាយប្រហារ​ដោយ​ក្រុមបាតុករ​មកលើ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​បា​ដា​ដ ស្ថិតនៅក្នុង​តំបន់​សុវត្ថិភាព​បៃតង​។​ទោះបីជា​យ៉ាងណាក៏ដោយ ការស្លាប់​របស់លោក​កា​សេម បានក្លាយ​ជាការ​បាត់បង់​ដ៏​ធំ​មួយ​សម្រាប់​អ៊ីរ៉ង់ ពិសេស​គឺ​មេដឹកនាំ​កំពូល​អាមេរិក​លោក អាប់​តូ​ឡា អា​លី ខា​មេ​ណេ ដោយសារតែ​លោក​កា​សេម គឺជា​សេនា​ដៃស្តាំ​មួយរូប​របស់លោក អា​លី​។ ទាំង​លោក​អា​លី និង​រដ្ឋមន្ត្រីការបរទេស​អ៊ី​រ៉ាង់ លោក​ចា​វ៉ាដ ហ្សា​រី​ហ្វ បាន​និយាយថា នឹង​សងសឹក​ដល់ទី​បញ្ចប់​ចំពោះ​អ្នក​ឈរ​នៅ​ពីក្រោយ​ការស្លាប់​របស់លោក​កា​សេម ដែល​ការព្រមាន​ចំៗ​បែបនេះ បានធ្វើ​ឲ្យ​មានការ​ព្រួយ​ដល់​ការផ្ទុះ​សង្គ្រាម​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក ដែល​តាម​ភាសា​ការទូត ពួកគេ​កំពុង​ជាប់​ជម្លោះ និង​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ទៅហើយ ក្រោយពី​លោក​ត្រាំ ប្រកាស​ដក​ទីក្រុង​វ៉ា​ស៊ី​ង​តោន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង​ឆ្នាំ​២០១៥ កាលពី​ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅ​។​លោក​កា​សេម បាន​កសាង​ស្នាដៃ​ជាច្រើន​នៅក្នុង​អាណត្តិ​ជា​មេបញ្ជាការ​កងកម្លាំង​សម្រាំង​ឃូ​ដ ចាប់តាំងពី​លោក​ទទួលបាន​ការតែងតាំង​កាលពី​ឆ្នាំ​១៩៩៨​។ ស្នាដៃ​ធំ​បំផុត​របស់លោក គឺ​លោក​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ផ្តួលរំលំ​ក្រុម ISIS​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី តែ​ផ្ទុយទៅវិញ រូបលោក​ត្រូវបាន​អាមេរិក​ចាត់ទុកថា​ជា​អ្នកគាំទ្រ​ក្រុម​ភេរវកម្ម ដោយហេតុថា កម្លាំង​ឃូ​ដ គឺជា​គាំទ្រ​ក្រុម​ឧទ្ទាម​ហេស​ប៊ូ​ឡា នៅ​ប្រទេស​លី​បង់ និង​អ៊ីរ៉ាក់ ហើយ​និង​ក្រុម​ជី​ហាដ​នៅ​ប៉ា​ឡេ​ស្ទី​ន អា​ហ្វ​ហ្កា​នី​ស្ថាន និង​យេ​ម៉ែន​ជាដើម ដោយ​ពួកគេ​ជា​អ្នកផ្គត់ផ្គង់​អាវុធ និង​បង្វឹក​ក្រុម​សកម្មប្រយុទ្ធ​ទាំងអស់នោះ​។​តើ​សង្គ្រាម​ពិតជា​នឹង​ផ្ទុះឡើង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ឬ ស្រប​ពេលដែល​ទីក្រុង​តេ​អេ​រ៉ង់ សន្យាថា​នឹង​សងសឹក​ដល់ទី​បញ្ចប់​បែបនេះ​? ហេតុ និង​ផល គឺ​រង់ចាំ​មើលថា​តើ​អ្វី​ទៅជា​គោលដៅ​នៃ​ការ​សឹក​របស់​អ៊ីរ៉ង ឬមួយ​អ៊ីរ៉ង់​ត្រូវ​ប្រើប្រាស់​កាំភ្លើង​ធំ​របស់ខ្លួន​ដើម្បី​សងសឹក​? ក្រុមអ្នកវិភាគ​បាន​និយាយថា គោលដៅ​នៃ​ការសង​សឹក​របស់​អ៊ីរ៉ង់ អាចជា​គោលដៅ​មកលើ​មូលដ្ឋាន​យោធា​សហរដ្ឋអាមេរិក នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ពិសេស​គឺ​ពេល​រដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​តែម្តង ស្រប​ពេលដែល​ក្រសួងការពារជាតិ​អាមេរិក បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​អាមេរិក ទាំងអស់​ត្រូវ​ជម្លៀសចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដែល​ការអះអាង​បែបនេះ គេ​អាច​ព្យាករណ៍​បាន​ថា សង្គ្រាម​យូរ​មិនឆាប់ គឺ​មិនអាច​គេចផុត​នោះឡើយ ពី​ការផ្ទុះ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ហើយ​ភាគី​ដែល​រងគ្រោះ​ខ្លាំងជាងគេ​បំផុត ប្រហែលជា​មិនមែនជា​អាមេរិក និង​អ៊ីរ៉ង់​នោះទេ តែ​ជា​អ្នក​ដែល​រស់នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​នេះ​តែម្តង ខណៈពេលដែល​ប្រទេសមួយ​នេះ នៅ​កំពុងមាន​ការបែងចែក និង​ភាព​រំជើបរំជួល​ផ្នែក​នយោបាយ និង​សង្គ្រាម​នោះ​៕