ជាងកាត់សក់​ដៃ​ទេព តុបតែង​ជា​មុខមាត់​បុគ្គល​ល្បីៗ​ដោយ​កំទេច​សក់​

សង្គមប្លែកៗ
0
1001
…​ជាងកាត់សក់​ម្នាក់នេះ​មិន​ត្រឹមតែ​ប្រើ​កន្ត្រៃ​កាត់សក់​ភ្ញៀវ​បាន​យ៉ាង​ស្អាត​ប៉ុណ្ណោះ​ទេ​..​ថែមទាំង​មាន​ទេពកោសល្យ​ប្រើប្រាស់​កម្ទេច​សក់​របស់​ភ្ញៀវ​មក​តុបតែង​ជា​មុខមាត់​បុគ្គល​ល្បីៗ​មួយចំនួន​ទៀតផង​។​វីដេអូ​ឃ្លី​ប និង​រូបភាព​ជាច្រើន​សន្លឹក ជា​គំនូរ​សក់​ដែល​បាន​ទាក់ទាញ បង្ហោះ​ចែកចាយ​លើ​បណ្តាញ​សង្គម ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ​លោក Allen Chen គឺជា​ជាងកាត់សក់​ដ៏​មាន​ស្នាដៃ និង​ទេពកោសល្យ​មួយរូប នៅ​ហាង​កាត់សក់ XB Hair Professional ដែលមាន​ទីតាំង​ក្នុង​ទីក្រុង Changhua កោះ​តៃវ៉ាន់ ។​ថ្មីៗ​នេះ រូបគំនូរ​របស់លោក​កំពុង ទទួលបាន​នូវ ការកោតសរសើរ​យ៉ាង​ខ្លាំង តាមរយៈ​រូបភាព​និង​វីដេអូ​ឃ្លី​ប គូរគំនូរ​សក់ របស់លោក បន្ទាប់ពី​ត្រូវបាន​បង្ហោះ​ចែកចាយ​សុះសាយ​លើ​បណ្តាញ​សង្គម រហូត​ថែមទាំង​ត្រូវបាន​សារព័ត៌មាន​មួយចំនួន យក​ចុះផ្សាយ​ថែម​ទៀតផង​។​លោក Allen មិន​ត្រឹម​តែមាន​ស្នាដៃ​កាត់សក់​ឲ្យ​ភ្ញៀវ បាន​យ៉ាង​ស្រស់ស្អាត ជាមួយនឹង​ការច្នៃ​ស្ទា​យ៍​ម៉ូត​សក់​ប្លែកៗ ទៅតាម​ចំណង់​ចំណូលចិត្ត​ភ្ញៀវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វីដែល​រឹតតែ​ជា​ភាព​ទាក់ទាញ​សម្រាប់​លោក​នោះ គឺ​ជំនាញ​ពិសេស ដោយ​ច្នៃ​យក​កម្ទេច​សក់​ភ្ញៀវ ទៅ​រោយ​គូរ​ចេញ​ជា​គំនូរ ។​នៅក្នុង​នោះ មាន​គំនូរ​សក់​ជាច្រើន​ដែល​លោក Allen បាន​គូរ រួមមាន​ដូចជា រូប​សត្វ​តោ រូប​តួអង្គ​ប្រុស​ស្រី​ក្នុង​រឿង​កប៉ាល់​ទី​តា​និ​ច (Titanic) រូប​ស្ដេច​ស្វា ស៊ុន អ៊ូ​ន​ខុង និង​រូប​តួអង្គ​ក្នុង​រឿង Venom (​លោក Tom Hardy) ជាដើម​។​បន្ថែម​លើ​នេះ ស្នាដៃ​គំនូរ​សក់​ចុងក្រោយ​ដ៏​រាង​ស្មុគស្មាញ​បន្តិច នៃ​តួអង្គ​ចំនួន​៣ ដែល​លោក Allen ទើបបាន​គូរ​កាលពី​ថ្មីៗ​កន្លងទៅនេះ គឺ​រូប​វីរបុរស Liu Bei, Guan Yu និង Zhang Fey ដែល​មើលទៅ​គឺ​ពិតជា​ស្រស់ស្អាត និង​ទាក់ភ្នែក​តែម្តង​។​ ​ចំពោះ គំនូរ​តួអង្គ​វីរបុរស​៣​នាក់​ខាងលើនេះ លោក Allen បាន​ចំណាយពេល​យូរ​ជាងគេ​ក្នុង​ការធ្វើ ទម្រាំ​តែ​បានសម្រេច​លេចចេញ​ជា​រូបរាង អស់​ពេល​ជាង ៦​ម៉ោង​ឯណោះ ហើយ​ចុងក្រោយ​បានត្រឹមតែ​ថតរូប​ប៉ុន្មាន​សន្លឹក មុនពេល​ឈូស​ចោល​ប្រមូល​កម្ទេច​សក់​ទុក​វិញ​។​ទាក់ទង​នឹង​ស្នាដៃ​គំនូរ​សក់​នេះដែរ លោក Allen គ្រាន់តែ​និយាយថា អ្វីដែល​លោក​ធ្វើ​នេះ គឺ​គ្រាន់តែ​ចង់​ធ្វើ​អ្វីដែល​ប្លែក ដែល​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​របស់លោក ក្នុងការ​បំផុសគំនិត​នៃ​សិល្បៈ​តែប៉ុណ្ណោះ ដែល​មិន​ខុសពី​គំនូរ​ខ្សាច់​នោះឡើយ ៕