សិង្ហ​បុរី​ប្រកាស​បង្វែរ​ទិសដៅ​ហោះហើរ ហ្វីលីពីន​បញ្ជារ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​អ៊ីរ៉ង់ ខណៈដែល​អាមេរិក​ហាម​មិន​ឲ្យ​មាន​ប្រតិបត្តិការ​នៅលើ​ដែនអាកាស​ពីលើ​អ៊ីរ៉ាក់ ក្រោយ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ
0
353
ក្រុមហ៊ុន​អាកាសចរ​សិង្ហ​បុរី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​បង្វែរ​ទិសដៅ​ហោះហើរ​រាល់​ផ្លូវ​ជើងហោះហើរ​គ្រប់​វ៉ុល​ទាំងអស់​ចេញពី​ដែនអាកាស​អ៊ីរ៉ង់​។​ការសម្រេចចិត្ត​បែបនេះ ក្រោយ​ពេលដែល​អ៊ីរ៉ង់ បាន​អះអាងថា ពួកគេ​បាន​បើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​មកលើ​កងកម្លាំង​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់ កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​សងសឹក​នឹង​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​សហរដ្ឋអាមេរិក មកលើ​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​អ៊ីរ៉ង់ លោក​កា​សេម សូ​ឡេ​ម៉ា​នី ដែល​ការស្លាប់​របស់លោក បាន​បង្កក្តី​កង្វល់​ដល់​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ជាង​មុន​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។​ ​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី បាន​និយាយ​នៅក្នុង​អ៊ី​ម៉ែ​ល​ដោយ​មិន​ផ្តល់​ហេតុផល​នៃ​ការ​បង្វែរ​ទិសដៅ​ហោះហើរ​ថា រាល់​ផ្លូវ​ជើងហោះហើរ​គ្រប់​វ៉ុល​ទាំងអស់​របស់​ក្រុមហ៊ុន​អាកាស​អាកាសចរណ៍​សិង្ហ​បុរី នឹងត្រូវ​បង្វែរ​ទិសដៅ​ហោះហើរ​ចេញពី​ដែនអាកាស​អ៊ីរ៉ង់​។​ខណៈពេល​នោះដែរ ប្រទេស​ហ្វីលីពីន បាន​បញ្ជា​ឲ្យ​មានការ​ជម្លៀស​ជា​ចាំបាច់​សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​ទាំងអស់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ក្រសួងការបរទេស​ហ្វីលីពីន​បាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ ក្រោយ​ពេលដែល​អ៊ីរ៉ង់ វាយប្រហារ​មកលើ​កង​កម្លាំង​អាមេរិក ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​អា​មេ​រិ​ក​សម្លាប់​ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់ កាលពី​សប្តាហ៍​មុន​។​លោក​អេ​ឌូ​អា​ដូ ម៉េ​ណេ​ស គឺជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន បាន​និយាយថា ការប្រកាសអាសន្ន​ក្នុង​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ទាំងមូល ត្រូវបាន​ធ្វើឡើង​ដើម្បី​អំពាវនាវ​ឲ្យ​មានការ​ជម្លៀស​ជា​ចាំបាច់​នូវ​ពលរដ្ឋ​ហ្វីលីពីន​ទាំងអស់​។​ដោយឡែក រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​សហរដ្ឋអាមេរិក​(FAA) បាន​អះអាង​ដែរ​ថា ពួកគេ​ហាមប្រាម​ក្រុមហ៊ុន​ដឹកជញ្ជូន​សហរដ្ឋអាមេរិក ពី​ការ​ប្រតិបត្តិការ​នៅក្នុង​ដែនអាកាស​ពីលើ​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ នៅក្នុង​តំបន់​ឈូង​សមុទ្រ​អូ​ម៉​ង់ និង​ដែនទឹក​ចន្លោះ​ប្រទេស​អ៊ីរ៉ង់ និង​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោយ​ពេលដែល​អ៊ីរ៉ង់ បាញ់​មី​ស៊ី​ល​វាយប្រហារ​មកលើ​កង​កម្លាំង​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ រួចមក​នោះ​។​ យោធា​សហរដ្ឋអាមេរិក បាន​និយាយថា ទីក្រុង​តេ​អេ​រ៉ង់ បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រាប់សិប​ដើម ចេញពី​ទឹកដី​អ៊ីរ៉ង់ មកលើ​មូលដ្ឋានទ័ព​យ៉ាងហោច​២​កន្លែង របស់​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។​FAA បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​សហរដ្ឋអាមេរិក បានចេញ​សេចក្តីជូនដំណឹង​ដល់​ក្រុម​អាកាសយានិក​នៅ​យប់​នេះ ថា​មិនត្រូវ​ប្រតិបត្តិការ​ក្នុង​ដែនអាកាស​ពីលើ​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ និង​ដែនទឹក​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស និង​ឈូង​សមុទ្រ​អូ​ម៉​ង់​ជាដាច់ខាត​៕