បាបកម្ម​ចាប់រំលោភ​ស្រី ក្រោយពី​ស៊ី​បាយ​គុក​អស់​៧​ឆ្នាំ​តុលា​ការចេញ​ប៉ាស្ព័រ​យកទៅ​ព្យួរ​-​កនៅ​ថ្ងៃទី​២២ មករា ខាងមុខនេះ​

ព័ត៌មានអន្តរជាតិ
0
337
…​នៅ​ប្រទេស​ឥណ្ឌា​រឿងរ៉ាវ​ចាប់រំលោភ​ស្ត្រីភេទ​ពួកឧក្រិដ្ឋជន​ដែល​ត្រូវ​ប៉ូលិស​ចាប់បាន​បញ្ជូនទៅ​តុលាការ​មានតែ​ផ្លូវស្លាប់​ប៉ុណ្ណោះ​។ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​តុលាការ​ប្រទេស​ឥណ្ឌា បានចេញ​សាលក្រម​ផ្ដន្ទាទោស កាត់ទោស​ប្រហារជីវិត ដោយ​ព្យួរ​ក​បុរស ០៤​នាក់ ពីបទ​រំលោភ និង​សម្លាប់​និស្សិត​សាកលវិទ្យាល័យ​ទីក្រុង​ញូ​ដេលី ម្នាក់ កាលពី​ឆ្នាំ​២០១២ ហើយ​ការប្រហារជីវិត​ជន​ទាំង​០៤​នាក់ នេះ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែមករា ខាងមុខនេះ​។​ ​នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៨ ខែមករា ឆ្នាំ​២០២០​នេះ​។​ករណី​រំលោភ និង​សម្លាប់​និស្សិត​ស្រី​ម្នាក់នេះ ដំបូង​ឡើយ​មនុស្ស​ចំនួន​០៦​នាក់​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ប្រហារជីវិត ពីបទ​រំលោភ​សម្លាប់​និស្សិត​ស្រី​ឈ្មោះ ជី​យ៉ូ​ទី ស៊ី​ង (Jyoti Singh) អាយុ​២៣​ឆ្នាំ ប៉ុន្តែ​ក្រោយមក​មនុស្ស​ម្នាក់​ត្រូវបាន​គេ​ដោះលែង​ឱ្យមាន​សេរីភាព និង​ម្នាក់ទៀត​បានធ្វើ​អត្តឃាត​អំឡុងពេល​ឃុំខ្លួន​រង់ចាំ​សវនាការ​។ ទើបតែ​នៅ​ថ្ងៃ​អង្គារ ទី​៧​មករា តុលាការ​ក្នុង​ទីក្រុង​ញូ​ដេលី បានចេញ​សាលក្រម​បង្គាប់ ឲ្យ​កាត់ទោស​ប្រហារជីវិត​អ្នកទោស​ទាំង​០៤​នាក់​ខាងលើ ដោយ​ព្យួរ​ក​បុរស នៅ​ថ្ងៃទី​២២ ខែមករា នៅវេលា​ម៉ោង ៧៖០០​នាទី​ព្រឹក ខាងមុខនេះ​។​ ​គួរ​បញ្ជាក់ថា កាលពី​ខែធ្នូ ឆ្នាំ​២០១២ និស្សិត Jyoti Singh និង​មិត្តភក្តិ​ប្រុស​ម្នាក់​របស់​នាង ក្រោយ​ចេញពី​ទស្សនា​ភាពយន្ត បាន​ជិះ​រថយន្ដក្រុង​មួយគ្រឿង ត្រឡប់មកផ្ទះ​វិញ ពេលនោះ​ក្រុម​ជនសង្ស័យ​ដែល​ជិះ​រថយន្ត​ជាមួយ បាន​ព្រួត​គ្នារ​វាយដំ​ពួកនាង និង​បាន​រំលោភ​នាង​តែម្ដង ហើយ​រូបនាង​បាត់បង់​ជីវិត​ក្រោយ​សម្រាក​ព្យាបាល​ក្នុង​មន្ទី​ពេទ្យ អស់​៤​យប់ ៤​ថ្ងៃ រីឯ​មិត្តភក្តិ​ប្រុស​របស់​នាង ត្រូវបាន​គេ​វាយ​ឱ្យ​របួសធ្ងន់​ផងដែរ ៕