ក្រុម​អ្នកស្រាវជ្រាវ​ទើប​រកឃើញ​ភព​ថ្មី​មួយ​ស្រដៀង​គ្នា​ទៅនឹង​ភពផែនដី​

វិទ្យាសាស្ត្រ
0
446
​កាលពី​ឆ្នាំ​២០១៦ ក្រុម​តារាវិទូ​បាន​រកឃើញ​ភព Proxima b ដែល​អាចមាន​លទ្ធភាព​ទ្រទ្រង់​ជីវិត ហើយ​ភព​នេះ​ធ្វើដំណើរ​វិលជុំ​វិញ​ផ្កាយ Proxima Centauri ដែលមាន​ចម្ងាយ​ត្រឹមតែ​៤.២​ឆ្នាំ​ពន្លឺ​ពី​ផែនដី​។ ឥឡូវនេះ ក្រុម​អ្នកស្រាវជ្រាវ​បានទទួល​សញ្ញា​ទី​២ ដែល​គេ​ជឿថា​មាន​ភព​ធំ​មួយ​ដែល​ស្រដៀង​នឹង​ភពផែនដី កំពុង​វិលជុំ​វិញ​ផ្កាយ​ដដែល​នេះ​ផងដែរ​។ ផ្កាយ Proxima Centauri គឺជា​ផ្កាយ​ដែល​នៅ​ជិត​ព្រះអាទិត្យ​របស់​យើង​ជាងគេ ហើយ​ផ្កាយ​នេះ​ស្ថិតក្នុង​ប្រព័ន្ធ​តារា​ភ្លោះ Alpha Centauri​។ ​កាលពីពេល​ថ្មីៗ​នេះ របកគំហើញ​ថ្មី​មួយ​បាន​បង្ហាញថា ភព​ទី​២​នេះ​ដែលមាន​ឈ្មោះថា Proxima c គឺ​អាចជា​ភពផែនដី​ធំ ពីព្រោះ​ម៉ាស់​របស់​វា​មាន​ទំហំ​ធំ​ជាង​ភពផែនដី​របស់​យើង ប៉ុន្តែ​វា​មាន​ទំហំ​តូច​ជាង​ភព​អ៊ុយ​រ៉ា​នុស​និង​ភព​ណិ​ប​ទូ​ន​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា ភព​ថ្មី​មួយ​នេះ​អាច​ចំណាយពេល​៥.២​ឆ្នាំ​នៃ​ផែនដី ទើប​អាច​វិល​ជុំវិញ​ផ្កាយ​របស់​វា​បាន​មួយ​ជុំ​។ គួរ​រម្លឹក​ផងដែរ​ថា ភព Proxima b ដែលជា​ភព​រកឃើញ​ដំបូង​គេ​នៃ​ផ្កាយ Proxima Centauri គឺមាន​ទំហំ​តូច​ជាង​៦​ដង​និង​នៅ​ជិត​ផ្កាយ​របស់​វា​៣០​ដង​ជាង​ភព​ថ្មី Proxima c ហេតុដូច្នេះ​ទើប​នាំ​ឲ្យ​វា​មាន​សីតុណ្ហភាព​ក្ដៅ​ជាង​ភព​ថ្មី នេះ​បើតាម​សម្ដី​របស់​ក្រុម​អ្នកស្រាវជ្រាវ​។ បើ​និយាយ​ពី​ភព​ទាំងពីរ​នៃ​ផ្កាយ Proxima Centauri វិញ ភព Proxima b ស្ថិតក្នុង​តំបន់​ដែល​អាច​ទ​ទ្រង់​ជីវិត​ដូចគ្នា ប៉ុន្តែ​ភព​នេះ​ស្ថិតនៅក្រោម​កត្តា​មិនសូវ​អំណោយផល ដូចជា​វាទ​ទួល​កាំរស្មី UV និង​កាំរស្មី X ដែលមាន​អាំង​តង់​ស៊ី​តេ​១០០​ដង​នៃ​អ្វីដែល​ភពផែនដី​របស់​យើង​បានទទួល​ពី​ព្រះអាទិត្យ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ភព​ថ្មី​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ ពីព្រោះ​ការសិក្សា​បន្ថែម​អាច​នឹង​បង្ហាញ​ពី​របៀប​ភព​ដែលមាន​ម៉ាស់​ទាប​អាច​កកើតឡើង​នៅ​ជុំវិញ​ផ្កាយ​ដែលមាន​ម៉ាស់​ទាប​ដូចនេះ​៕ ​