ឆ្នាំ​2020​នេះ​អង់គ្លេស នឹង​លាតត្រដាង​បង្ហាញ​នូវ​ឯកសារ​ស្តីពី​រឿងរ៉ាវ​ថាសហោះ​

សង្គមប្លែកៗ
0
339
…​ជុំវិញ​រឿងរ៉ាវ​ថាសហោះ នៅតែ​ជា​ក្តី​ចម្ងល់​មួយ​របស់​មនុស្ស​ផង​ទាំងឡាយ​ក្នុង​ពិភពលោក​ដណ្តឹងសួរ​គ្នា​ថា​…​តើ​ថាសហោះ​មាន​ពិត​ឬ ក៏​គ្រាន់តែ​ជាការ​និទាន​ប្រឌិត​? កាលពី​ចុងឆ្នាំ​២០១៩ ប្រទេស​កាណាដា​បាន​បញ្ចេញ​នូវ​ឯកសារ​រាប់ម៉ឺន​ច្បាប់ ពាក់ព័ន្ធ​ទៅនឹង​ការប្រទះឃើញ UFO ឬ​យើង​និយម​ហៅថា «​ថាសហោះ​» ដើម្បី​ឲ្យ​ក្រុម​អ្នកសិក្សា​ធ្វើការ​ស្វែងយល់ និង​វិភាគ​រក​ការពិត​ដោយ​ខ្លួនឯង​។ ហើយ​សម្រាប់​ដើមឆ្នាំ​២០២០ នេះ​វិញ​រដ្ឋាភិបាល​អង់គ្លេស​ក៏បាន​សម្រេចចិត្ត​ធ្វើ​ដូច​កាណាដា​ដែរ ដោយ​ក្រសួងការពារជាតិ​អង់គ្លេស នឹង​បញ្ចេញ​ឯកសារ​ផ្លូវការ​ទាំងឡាយ ទៅកាន់​សាធារណជន បន្ទាប់ពី​មន្ត្រី​រដ្ឋាភិបាល​បានរៀបចំ​ចងក្រង អស់​ជាង​មួយ​ទសវត្សរ៍​មកហើយ​។​ ប៉ុន្តែ​ក្រសួងការពារជាតិ​អង់គ្លេស​នៅ​មិនទាន់​បញ្ជាក់ថា តើ​ខ្លួន​នឹង​បញ្ចេញ​ឯកសារ​អំពី UFO នៅពេលណា​ឲ្យ​ប្រាកដ​នោះឡើយ ដោយបាន​ត្រឹម​អះអាងថា គឺ​នៅក្នុង​ឆ្នាំ​២០២០ តាមរយៈ​វែបសាយ​ផ្លូវការ gov.uk ដើម្បី​ឲ្យ​គ្រប់គ្នា​មិនថាតែ​ប្រជាជន​អង់គ្លេស​នោះឡើយ អាច​ចូលទៅ​ឆែក និង​ស្វែងយល់​ដោយ​ខ្លួនឯង​។ សម្រាប់​ឯកសារ​ទាំងនោះ គឺ​ទំនងជា​មិន​ខុស​អំពី​ឯកសារ​នៅ​កាណាដា​នោះឡើយ ដោយ​រឿងរ៉ាវ​ជាច្រើន​ករណី នឹងត្រូវ​ប្រមូលផ្តុំ​ចូលគ្នា ហើយ​គ្មាន​ការបញ្ជា​ក់ថា UFO ឬ​ជីវិត​ភព​ផ្សេង​មាន​ពិត ឬ​មិន​ពិត​នោះឡើយ ប៉ុន្តែ​បណ្តា​អ្នកសិក្សា​អាច​ខិតខំ​ស្រាវជ្រាវ​ឯកសារ​ដែលមាន​ប្រភព​ច្បាស់លាស់​ទាំងអស់​នេះហើយ​ធ្វើការ​វិភាគ និង​ស្វែងយល់​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​។​គួរ​បញ្ជាក់ថា ការសម្រេច​របស់​រដ្ឋា​ភិ​បាល​អង់គ្លេស​ខាងលើនេះ គឺ​បាន​កើតមានឡើង​បន្ទាប់ពី​ស្ថាប័ន​ព័ត៌មាន​មួយ​របស់​អង់គ្លេស​ឈ្មោះ PA Media បាន​ដាក់សំណើ​ផ្លូវការ​មួយ ស្នើសុំ​ការបញ្ចេញ​ឯកសារ​នានា​អំពី UFO អនុលោម​តាមច្បាប់​ស្តីអំពី​សេរីភាព នៃ​ការទទួលបាន​ព័ត៌មាន (Freedom of Information Act)​។​ មន្ត្រី​របស់​ក្រសួងការពារជាតិ​អង់គ្លេស​បានសម្រេច​ថា វា​ជាការ​ប្រសើរ​បើសិនជា​យើង​បញ្ចេញ​ឯកសារ​ទាំងអស់នេះ អំពី​ការប្រទះឃើញ UFO ជាជាង​រក្សា​ទុកជា​ឯកសារ​សម្ងាត់​ជាតិ​៕