គំនូសផែនដីដ៏គួរឲ្យភ្ញាក់ផ្អើលឃើញដំណើររបស់អ្នកដំណើរវូហានដែលអាចធ្វើឲ្យរីករាលឆ្លងវីរុស Coronaដល់ទីក្រុង៤០០កន្លែងនៅទូទាំងពិភពលោក ព័ត៌មានអន្តរជាតិ By Admin - February 13, 2020 0 319 គំនូសផែនដីដ៏គួរឲ្យភ្ញាក់ផ្អើលមួយបង្ហាញពីវិធីដែលវីរុស Coronaប្រភេទថ្មីអាចរីករាលដាល់ចេញពីចំណុចស្នូលនៅទីក្រុងវូហានទៅកាន់កន្លែងផ្សេងទៀតនៅលើពិភពលោក ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវ ស្របពេលដែលវីរុសនេះ បានសម្លាប់មនុស្សជាង១ពាន់នាក់នៅទូទាំងពិភពលោក។ នេះបើយោងតាមទិន្នន័យផ្តល់ជូនដល់រដ្ឋាភិបាលចិនបានឲ្យដឹងកាលពីល្ងាចថ្ងៃចន្ទ។មនុស្សសរុប១០៣នាក់បានស្លាប់ត្រឹមរយៈពេល១ថ្ងៃគត់នៅក្នុងខេត្តហ៊ូប៉ីប្រទេសចិន កាលពីថ្ងៃចន្ទ ដែលជាចំនួនស្លាប់ខ្ពស់បំផុតក្នុងរយៈពេល២៤ម៉ោង ចាប់តាំងពីការរីករាលដាលឆ្លងវីរុសនេះ បានចាប់ផ្តើមឡើងកាលពីចុងខែធ្នូ។វាបានកើតមានឡើងនៅថ្ងៃតែមួយ ពេលដែលក្រុមអ្នកឯកទេស និងក្រុមអ្នកវិទ្យាសាស្ត្រអង្គការសុខភាពពិភពលោក WHO បានធ្វើដំណើរមកដល់ប្រទេសចិន ដើម្បីជួយដល់ក្រុមមន្ត្រីនៅទីនោះក្នុងការទប់ស្កាត់ និងសិក្សាលើការរីករាលដែលបច្ចុប្បន្នបានឆ្លងដល់មនុស្ស៤២.៧២៩នាក់នៅទូទាំងពិភពលោក។ ផែនទីបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Southampton នេះដែរ ឃើញមនុស្ស៦ម៉ឺននាក់ក្នុងចំណោមមនុស្សសរុប៥លាននាក់ដែលបានធ្វើដំណើរចេញពីទីក្រុងវូហាន ចាប់តាំងពីការចាប់ផ្តើមការរីករាលដាល ហើយនិងមុនពេលដែលទីក្រុងមួយនេះ ត្រូវបានបិទទាំងស្រុង។ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យតាមដានទូរស័ព្ទដៃ ហើយនិងឧបករណ៍តាមដានជើងហោះហើរ ដើម្បីតាមដានដានដំណើររបស់អ្នកដំណើរ។លទ្ធផលនេះ បង្ហាញពីខ្សែក្រហមតភ្ជាប់ទៅកាន់បណ្តាទីក្រុង៣៨២កន្លែងផ្សេងទៀតនៅក្នុងប្រទេសចិន និងបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក។កាលពីចុងសប្តាហ៍កន្លងទៅ ករណីស្លាប់លើកដំបូងមកលើជនជាតិអាមេរិកដោយសារតែវីរុស Coronaប្រភេទថ្មី ត្រូវបានរាយនៅក្នុងទីក្រុងអ៊ូហាន រដ្ឋធានីនៃខេត្តហ៊ូប៉ី ជាកន្លែងដែលគេមានជំនឿបានឆ្លងមកកាន់មនុស្ស។បច្ចុប្បន្នករណីឆ្លងត្រូវបានគេបញ្ជាក់ថា មាននូវតាមបណ្តាប្រទេសយ៉ាងហោច២៤ផ្សេងទៀត បើទោះបីជាមានករណីស្លាប់២នាក់កើតឡើងនៅក្រៅប្រទេសចិនក៏ដោយ។នៅលើនាវាកម្សាន្តដែលគេចតចោល និងដាក់ឲ្យនៅឯកកោក្នុងប្រទេសជប៉ុន មនុស្សយ៉ាងហោច១៣៦នាក់ បានឆ្លងវីរុស Coronaដែលរួមទាំងពលរដ្ឋអាមេរិក២៣នាក់ ពោលគឺការធ្វើតេស្តមនុស្សផ្ទុកវីរុសនេះ បានកើនឡើងទ្វេដងសម្រាប់យប់ថ្ងៃអាទិត្យ។ ទោះបីជាយ៉ាងណាក៏ដោយករណីថ្មីនៃការឆ្លងវីរុសដែលបានរាយការណ៍ជារៀងរាល់ថ្ងៃនៅក្នុងប្រទេសចិន បានធ្លាក់ចុះ ហើយការរឹតបន្តឹងការធ្វើដំណើរនៅតាបណ្តាប្រទេសជាច្រើន ហាក់ដូចជាមានស្ថិរភាពឡើងវិញ ប៉ុន្តែក្រុមអ្នកជំនាញសុខាភិបាលសកលលោក បានធ្វើការក្រើនរំឭកថា ការរីករាលឆ្លងនេះ នៅមិនទាន់បញ្ចប់នៅឡើយទេ៕