មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​ច្រានចោល​ផែនទី​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​ដែល​គូសវាស​ដោយ​លោក​ដូ​ណា​ល់​ត្រាំ​

ព័ត៌មានអន្តរជាតិ
0
481
…​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​មានទំនាស់​មើលមុខ​គ្នា​អត់​ត្រង់​ហើយ​ក្លិន​ផ្សែង​រំសេវ​ឈ្ងៀម​ដាក់គ្នា​ទៅវិញទៅមក​រាប់​ទសវត្ស​មកហើយ បន្ត​មកដល់​សព្វថ្ងៃនេះ​មិនដឹង​ជាមាន​ស្នាមញញឹម​គ្រវី​ទង់​សន្តិភាព​ដាក់គ្នា​នៅពេលណា​នោះទេ​។​កន្លងៗ​មក​អាមេរិកកាំង​ដែលជា​បងធំ​នៅ​ពី​ក្រោយខ្នង​អ៊ីស្រាអែល​បានដាក់​ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជាច្រើន​រួចមកហើយ​…​ប៉ុន្តែ​ត្រូវ​ប៉ា​ឡេ​ស្ទី​ន​ទាត់ចោល​ក៏​ព្រោះតែ​ផែនទី​បង្ហាញ​ដែល​គូសវាស​ដោយ​អាមេរិកកាំង​ផ្តល់​ប្រយោជន៍​ឲ្យ​តែ​ទៅខាង​អ៊ីស្រាអែល​ប៉ុណ្ណោះ​។ ជាថ្មី​ម្តងទៀត ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ា​ហ៍​ម៉ូដ អាប់​បាស់ បានបញ្ជាក់​សាជាថ្មី​នូវ​ការបដិសេធ ចំពោះ​ផែនការ​សន្តិភាព​មជ្ឈិម​បូព៌ា ដែល​ត្រូវបាន​លោក​ផ្ទាល់​ដាក់ឈ្មោះ​ឲ្យ​ថា «​សំណើ​អ៊ីស្រាអែល​-​អាមេរិក​»​។ នេះ​បើតាម​ការដកស្រង់​ចេញផ្សាយ ពី សារព័ត៌មាន​ចិន​ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​។​ ​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ផែនការ​អាមេរិក​នៅ​មជ្ឈិមបូព៌ា នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ លោក​ប្រធានាធិបតី​រូបនេះ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បានមក​រក​អ្នកនេះ ក្នុងនាម​ឲ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង ១៣​លាន​នាក់ ដើម្បី​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​មួយ​ពិតប្រាកដ​នេះ​ជា​អ្វីដែល​យើង​ចង់បាន​។ ថ្ងៃនេះ​ខ្ញុំ​មក​ទីនេះ ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ថា ពួកយើង​គឺ​បដិសេធ​ចំពោះ​សំណើ​របស់​អ៊ីស្រាអែល​-​អាមេរិក ជាដាច់ខាត​»​។​ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបដិសេធ ចំពោះ​គម្រោងការ​នេះដែរ ដោយ​លោក​បាន​លើកឡើងថា ផែនការ​នេះ​វា​គ្រាន់តែ​លទ្ធផល នៃ​ជំហាន​ឯកតោភាគី​របស់​អាមេរិក និង​អ៊ីស្រាអែល​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​ផែនការ​នេះ​ទៀតសោត វា​បាន​រំលោភ​លើ​ភាពស្របច្បាប់​អន្តរជាតិ និង​គំនិត​ផ្តួចផ្តើម​សន្តិភាព​អារ៉ាប់​។ លោក​បាន​សង្កត់ធ្ងន់ថា «​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​មិន​ប្រឆាំងនឹង​ប្រជាជន​ជ្វី​ប​ទេ​... ការតស៊ូ​របស់​យើង មិនមែន​ដើម្បី​ប្រឆាំងនឹង​ពួក​ជ្វី​ប​ទេ​។ ការតស៊ូ និង​ការប្រយុទ្ធ​របស់​យើង គឺ​ប្រឆាំងនឹង​ជន​ណា ដែល​បំពាន​លើ​ទឹកដី​របស់​យើង​ប៉ុណ្ណោះ​»​។​លោក​ប្រធានាធិបតី​អាប់​បាស់​បាន​លើកឡើងថា លោក​ត្រៀមខ្លួន​រួចរាល់​ជាស្រេច ដើម្បី​ផ្តើម​ការចរចា​ជាមួយ​ភាគី​អ៊ីស្រាអែល ដរាបណា​លោក​អាច​ស្វែងរក​ដៃគូ​ពិតប្រាកដ សម្រាប់​សន្តិភាព​នៅ​អ៊ីស្រាអែល​។​ ​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​ខែ​កុ​ម្ហះ ត្រូវបាន​ស្នើសុំ​ដោយ​ភាគី​ទុយ​នី​ស៊ី និង​ឥណ្ឌូណេស៊ី បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​២៨ ខែមករា កន្លងទៅនេះ បានបង្ហាញ​ផែនការ​សន្តិភាព​មជ្ឈិម​បូព៌ា​មួយ ដែលមាន​ភាពចម្រូងចម្រាស​ខ្លាំង និង​ត្រូវបាន​គេ​មើលឃើញថា កាន់តែ​បង្ហាញ​ការគាំទ្រ​របស់​អាមេរិក ចំពោះ​អ៊ីស្រាអែល​ខ្លាំង​ឡើងៗ​៕