ចាប់ខ្លួនអ្នកបើកយន្ដហោះបុកគ្នា ស្លាប់អ្នកដំណើរ៣នាក់ និងរបួសជិត២០០នាក់

ព័ត៌មានអន្តរជាតិ
0
1613

អាកាសយានិកម្នាក់បើក​យន្ដហោះ​បង្កឲ្យមានគ្រោះថ្នាក់ ស្លាប់អ្នកដំណើរចំនួន៣នាក់ និង​រងរបួស​ជិត​២០០​នាក់​ នៅក្នុង​អាកាសយានដ្ឋានអន្ដរជាតិ ទីក្រុងអ៊ីស្ដែនប៊ុល Istanbul ត្រូវ​បាន​ចាប់​ខ្លួន តាម​បញ្ជា​របស់​តុលា​ការ នៃប្រទេសតួកគី។

សារព័ត៌មាន
Anadolu គ្រប់គ្រង​ដោយរដ្ឋតួកគី បានផ្សាយថា កាលថ្ងៃទី៥ ខែកុម្ភៈ អាកាស​យានិក បាន​បើក​យន្ដ​ហោះ បង្កឲ្យមានគ្រោះថ្នាក់ នៅក្នុង​អាកាសយាន​ដ្ឋាន​ទីក្រុង​អ៊ីស្ដែនប៊ុល ហើយ​គាត់​ត្រូវ​បាន​ចាប់ខ្លួន។ អាកាស​យានិក​ខាងលើ ត្រូវបាន​ចោទ​ប្រកាន់​ពីការសម្លាប់មនុស្សដោយអចេតនា និងបង្កឲ្យមានអ្នករងរបួស។

ប្រភពព័ត៌មាន​ដដែល បានបញ្ជាក់ថា យន្ដហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Pegasus Airlines​ មួយគ្រឿង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានរត់ខុសផ្លូវ បង្កឲ្យមានគ្រោះថ្នាក់ ខូចខាត​យន្ដ​ហោះ​ទាំង​ស្រុង នៅក្នុងអាកាសយានដ្ឋាន Sabiha Gokcen ទីក្រុងអ៊ីស្ដែនប៊ុល ប្រទេសតួកគី។ ហេតុការណ៍​ធ្លាក់​យន្ដ​ហោះនោះ បានបណ្ដាល ឲ្យអ្នកដំណើរ​១៨០នាក់ និងក្រុមអាកាសយានិករងរបួស។ ក្រៅពីនេះ ក៏មាន​អ្នកដំណើរ​៣នាក់ បានរងគ្រោះថ្នាក់ដល់អាយុជីវិត។


សារព័ត៌មាន Anadolu បានបញ្ជាក់ទៀតថា រដ្ឋអាជ្ញា​កំពុងតែ​ស៊ើបអង្កេត​លើករណី​គ្រោះថ្នាក់​យន្ដហោះ​ខាង​លើ។ ប៉ុន្ដែក្រោយពេលកើតហេតុភ្លាមៗ តុលាការ​មិនទាន់​បានចោទប្រកាន់នោះទេ ដោយសារតែ​អាកាស​យានិក កំពុងសម្រាកព្យាបាល នៅក្នុង​មន្ទីរពេទ្យ។ ប៉ុន្ដែក្រោយមក តុលាការទីក្រុង Istanbul បានចេញបញ្ជា​ឲ្យចាប់ខ្លួន​អាកាស​យានិកនោះតែម្ដង៕