អនុប្រធានាធិបតីអ៊ីរ៉ង់ កើតជំងឺកូរ៉ូណាប្រភេទថ្មី

ព័ត៌មានអន្តរជាតិ
0
795

អនុប្រធានាធិបតីអ៊ីរ៉ង់ បានធ្វើតេស្ដរកឃើញមានផ្ទុកវីរុសកូរ៉ណា ឬកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ​២០២០ ខណៈប្រទេសនេះ កំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដល់ នៃជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី ហើយទាំងមន្រ្ដីរដ្ឋាភិបាល និងប្រជាពលរដ្ឋកំពុងតែភ័យខ្លាច ហើយព្រួយបារម្ភកាន់តែខ្លាំងឡើង​។

លោកស្រី ម៉ាស៊ូមេហ៍ អេបតាការ ( Masoumeh Ebtakar) អនុ ប្រធានាធិបតីអ៊ីរ៉ង់ ទទួលបន្ទុកការងារស្រ្ដី និងគ្រួសារ ត្រូវបាន ធ្វើតេស្ដរកឃើញ មានផ្ទុកនូវវីរុសកូរ៉ូណា។ លោកស្រីក្លាយជា​មន្រ្ដីជាន់ខ្ពស់របស់អ៊ីរ៉ង់លើក​ដំបូងបង្អស់ ផ្ទុកនូវវីរុសរលាកផ្លូវ​ដង្ហើម​ប្រភេទថ្មី។ លោកស្រី ធ្លាប់ចូលរួមប្រជុំជាមួយលោក​ប្រធានាធិបតីអ៊ីរ៉ង់ ហាស្សាន់ រ៉ូហានី និងគណៈរដ្ឋមន្រ្ដី ហើយ​មន្រ្ដីជាច្រើនរូបផ្សេងទៀត កាលពីថ្ងៃទី២៦ ខែកុម្ភ:។

បណ្ដាញផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា ក្រោយពេលធ្វើតេស្​ដរកឃើញវីរុសកូរ៉ូណារួចមក លោកស្រី​អនុប្រធានាធិបតី បាន​សម្រាកព្យាបាលជំងឺ នៅក្នុងភូមិគ្រឹះរបស់លោកស្រី។ ដោយ​ឡែកអ្នកដែលធ្លាប់​នៅក្បែរ ឬមានទំនាក់ទំនងការងារ​ជាមួយ​លោកស្រី ក៏កំពុងស្វះស្វែងទៅធ្វើតេស្ដផងដែរ។

ទោះជាយ៉ាងណាការពិនិត្យឃើញមានវីរុសនៅលើមន្រ្ដីជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ីរ៉ង់បែបនេះ ធ្វើឲ្យគេគិតថា ក្រៅពីលោកស្រី​អនុ​ប្រធានាធិបតី គឺមានលោកប្រធានាធិបតីអ៊ីរ៉ង់ និងមន្រ្ដីជាន់ខ្ពស់​ដទៃ​ទៀត ក៏អាចនឹងឆ្លង​វីរុស​ដ៏កាចសាហាវនេះផងដែរ ព្រោះមន្រ្ដី​ជាន់​ខ្ពស់​ទាំងអស់នោះ មានទំនាក់ទំនងគ្នាជាមួយនឹងលោកស្រី​អនុប្រធានាធិបតី។ កាលពីថ្ងៃទី២៥ ខែកុម្ភ:កន្លងទៅថ្មីៗនេះ លោក អ៊ីរ៉ាច ហារីឈី (Irah Harirchi) អនុរដ្ឋ​មន្រ្ដី​ក្រសួង​​សុខាភិ​បាល​អ៊ីរ៉ង់ ក៏ធ្វើតេស្ដរកឃើញមានផ្ទុកវីរុសកូរ៉ូណាផងដែរ។

បើគិតត្រឹមថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងប្រទេសអ៊ីរ៉ង់ មានអ្នកឆ្លងវីរុសកូរ៉ូណា ចំនួន២៤៥នាក់ និងមានអ្នកស្លាប់​ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន២៦នាក់៕