ឆេះនាវានេសាទនៅកូរ៉េខាងត្បូង បាត់ខ្លួនវៀតណាម៥នាក់

ព័ត៌មានអន្តរជាតិ
0
647
នាវានេសាទមួយគ្រឿងបានជួយគ្រោះអគ្គិភ័យ​ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យលិច និងបាត់ខ្លួន​នាវិក​៦នាក់ ក្នុងនោះជនជាតិ​វៀតណាមចំនួន៥នាក់។ ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង៣ និង​១៨នាទីទៀបភ្លឺ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅភាគខាងត្បូង នៃសមុទ្រកូរ៉េខាងត្បូង មានចម្លាយប្រហែល ៧២គីឡូម៉ែត្រ រវាងកោះអូឌូ (Udo) និងកោះជេជូ (Jeju)។

មន្រ្ដីសន្តិសុខ​ការពារដែនសមុទ្រកូរ៉េខាងត្បូង បានប្រកាសថា ​នៅក្នុងហេតុការណ៍ឆេះនាវានេសាទនោះ បានបាត់ខ្លួននាវិកចំនួន៥នាក់ ជាជនជាតិវៀតណាម។ នាវានេសាទមួយគ្រឿងដែលរងការឆាបឆេះ​ ​មាន​នាវិក​​ទាំងអស់ចំនួន៨នាក់​ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង​ ចំនួន៣នាក់ និងជនជាតិវៀតណាម​៥នាក់​។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍ឆេះនាវាចំណុះ២៩តោននោះ បានបាត់​ខ្លួន​នាវិក​​ចំ​នួន​៦នាក់ ក្នុងនោះមានជនជាតិវៀតណាម​៥នាក់​ និងកូរ៉េខាងត្បូងម្នាក់។ ប៉ុន្ដែ
ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ មានតែជនជាតិកូរ៉េខាងត្បូង ចំនួនពីរនាក់ប៉ុណ្ណោះ ដែលបានសង្គ្រោះទាន់ពេលវេលា រួចផុតពីសេចក្ដីស្លាប់។

ដោយឡែកក្រុមអ្នកជួយសង្រ្គោះនៅតែស្វែងរកអ្នកដែលបានបាត់ខ្លួនបន្តទៀត ដោយពួកគេសង្ឃឹមថា ជនរង​គ្រោះអាចនឹងនៅរស់។ ចំពោះមូលហេតុ នៃការឆេះនាវានោះ ក៏អាជ្ញាកូរ៉េខាងត្បូង មិនបានបញ្ជាក់​នៅឡើយដែរ៕