សំណួរ-ចម្លើយ វីរុស​កូ​រ៉ូ​ណា (​កូ​វីដ​១៩ / COVID-19)៖ ចំណេះដឹង​ឪពុកម្តាយ​គួរស្វែងយល់​

ព័ត៌មានអន្តរជាតិ
0
3714
[wai id="5"]


[wai id="7"]
តើ​អ្វី​ទៅជា​វីរុស​កូ​រ៉ូ​ណា “ ប្រភេទ​ថ្មី “ ?
​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (CoV) គឺជា​វីរុស​ថ្មី​នៃ​អម្បូរ​វីរុស​កូ​រ៉ូ​ណា​។​
​ជំងឺ​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា ជំងឺ​វីរុស​កូ​រ៉ូ​ណា​ឆ្នាំ​២០១៩ (​កូ​វីដ​១៩/COVID-19) ដែល​ពាក្យកាត់ “CO” តំណាងឱ្យ​ពាក្យ corona (​កូ​រ៉ូ​ណា​) “VI” តំណាងឱ្យ​ពាក្យ virus (​វីរុស​) និង “D” តំណាងឱ្យ​ពាក្យ disease (​ជំងឺ​)​។ កាលពីមុន ជំងឺ​នេះ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា "​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ឆ្នាំ​២០១៩" ឬ "2019-nCoV"​។​
​វីរុស COVID-19 គឺជា​វីរុស​ថ្មី​មួយ​ដែលមាន​ទំនាក់ទំនង​ទៅនឹង​អម្បូរ​នៃ​វីរុស​ដូចគ្នា​នឹង​ជម្ងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (SARS) និង​ប្រភេទ​ជំងឺ​ផ្តាសាយ​ទូទៅ​មួយចំនួនទៀត​។​

​តើ​វីរុស COVID-19 រីក​រាលដាល​យ៉ាងដូចម្តេច​?
​វីរុស​នេះ​ត្រូវបាន​ចម្លង​តាមរយៈ​ការប៉ះពាល់​ផ្ទាល់​ទៅនឹង​ដំណក់​ទឹកតូចៗ​ដែល​ចេញពី​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​អ្នក​ដែល​បាន​ឆ្លង​វីរុស (​តាមរយៈ​ការ​ក្អក និង​កណ្តាស់​) និង​ការ​ប៉ះ​ទៅលើ​ផ្ទៃ​នានា​មាន​វីរុស​។ វីរុស COVID-19 អាច​រស់នៅ​ផ្ទៃ​ខាងក្រៅ​បានជា​ច្រើន​ម៉ោង ប៉ុន្តែ​ថ្នាំ​សម្លាប់​វីរុស​ទូទៅ​អាច​ប្រើ​ដើម្បី​សម្លាប់​វា​បាន​។​
ពាណិជ្ជកម្ម

​តើ​វីរុស​កូ​រ៉ូ​ណា​មាន​រោគសញ្ញា​អ្វីខ្លះ​?
​រោគសញ្ញា​អាចជា​គ្រុនក្តៅ ក្អក និង​ថប់ដង្ហើម​។ ក្នុងករណី​ធ្ងន់ធ្ងរ​ជាង​នេះ ការឆ្លង​វីរុស​នេះ​អាច​បណ្តាលឱ្យ​កើត​ជំងឺ​រលាក​សួត ឬ​ពិបាក​ដកដង្ហើម​។ កាន់តែ​កម្រ ជំងឺ​នេះ​អាច​បណ្តាលឱ្យ​ស្លាប់​បាន​។ រោគសញ្ញា​ទាំងនេះ​ស្រដៀង​នឹង​ជំងឺ​ផ្តាសាយ (influenza) ឬ ជំងឺ​ផ្តាសាយ​ទូទៅ​ដែល​កើតមាន​ច្រើនជាង COVID-19 ។ នេះ​ជា​មូល​ហេតុដែល​តម្រូវឱ្យមាន​ការធ្វើ​តេស្ត​ដើម្បី​បញ្ជាក់ថា អ្នកណាម្នាក់​ពិតជា​មាន​ផ្ទុក​វីរុស COVID-19​។ វា​ជាការ​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា វិធានការ​ការពារ​សំខាន់ៗ​គឺមាន​លក្ខណៈ​ដូចគ្នា​ដូចជា​លាងដៃ​ឱ្យបាន​ញឹកញាប់ និង​រក្សា​អនាម័យ​ផ្លូវដង្ហើម (​ខ្ទប់មាត់​នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កែងដៃ ឬ​ក្រដាស​ជូត​មាត់ និង​បន្ទាប់មក​បោះចោល​ក្រដាស​ជូត​មាត់​ក្នុង​ធុងសំរាម​បិទ​ជិត​)​។ ដូចគ្នានេះដែរ មាន​ថ្នាំ​បង្ការ​សម្រាប់​ការពារ​ជំងឺ​ផ្តាសាយ ដូច្នេះ​អ្នក​ត្រូវ​ចងចាំ​ថា​អ្នក និង​កូនៗ​ត្រូវ​ទៅ​ចាក់​ថ្នាំ​បង្ការ​ឱ្យបាន​ទៀងទាត់​។

​តើ​ខ្ញុំ​អាច​ជៀសវាង​ហានិភ័យ​នៃ​ការឆ្លង​វីរុស​នេះ​បាន​យ៉ាងដូចម្តេច​?
​នេះ​គឺជា​វិធី​បង្ការ​ទាំង​បួន​ដែល​អ្នក និង​គ្រួសារ​អាចអនុវត្ត ដើម្បី​ជៀសវាង​ការឆ្លង​៖
1.​ ​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ឬ​ប្រើ​ទឹក​លាងដៃ​ដែលមាន​ជាតិ​អាល់កុល​
2.​ ​ខ្ទប់មាត់ និង​ច្រមុះ​របស់​អ្នក​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាស​ជូត​មាត់ នៅពេល​ក្អក​ឬ​កណ្តាស់ ហើយ​បោះចោល​ក្រដាស​ជូត​មាត់​ទៅក្នុង​ធុងសំរាម​បិទ​ជិត​។​
3.​ ​ជៀសវាង​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ដែលមាន​រោគសញ្ញា​ដូចជា ផ្តាសាយ ឬ​គ្រុនក្តៅ​
4.​ ​ទៅ​ជួប​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ក្តៅខ្លួន ក្អក ឬ​មាន​អារម្មណ៍​ថា​ពិបាក​ដកដង្ហើម​។​

​តើ​ខ្ញុំ​គួរ​ពាក់​ម៉ាស់​ពេទ្យ​ឬទេ​?
​ម៉ាស់​ពេទ្យ​ត្រូវបាន​ណែនាំ​ឱ្យប្រើ​ប្រាស់ ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ផ្លូវដង្ហើម (​ក្អក ឬ​កណ្តាស់​) ដើម្បី​ការពារ​អ្នកដទៃ​។ ប្រសិនបើ​អ្នក​គ្មាន​រោគសញ្ញា​អ្វី​ទេ នោះ​អ្នក​មិនចាំបាច់​ពាក់​ម៉ាស់​ឡើយ​។​
​ប្រសិនបើ​ពាក់​ម៉ាស់ អ្នក​ត្រូវ​ប្រើប្រាស់ និង​បោះចោល​វា​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​របស់​វា និង​ជៀសវាង​ការកើនឡើង​ហានិភ័យ​នៃ​ការចម្លង​វីរុស​។​
​ការប្រើប្រាស់​ម៉ាស់​តែមួយ​មុខ​គត់​នៅ​មិន​គ្រប់គ្រាន់​ឡើយ​ដើម្បី​បញ្ឈប់​ការចម្លង ប៉ុន្តែ​អ្នក​ត្រូវអនុវត្ត​រួមផ្សំ​ជាមួយនឹង​ការលាង​ដៃ​ឱ្យបាន​ញឹកញាប់ ខ្ទប់មាត់​ពេល​កណ្តាស់ និង​ក្អក ហើយ​ជៀសវាង​ការប៉ះពាល់​ដោយផ្ទាល់​នឹង​អ្នកមាន​រោគសញ្ញា​ដូចជា ផ្តាសាយ (​ក្អក កណ្តាស់ និង​គ្រុនក្តៅ​) ។​

​តើ​វីរុស COVID-19 ប៉ះពាល់​លើ​កុមារ​ដែរឬទេ​?
​នេះ​គឺជា​វីរុស​ថ្មី​មួយ ហើយ​យើង​មិនទាន់​ដឹង​ច្បាស់​ថា​វា​ប៉ះពាល់​ដល់​កុមារ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​យ៉ាងដូចម្តេច​នោះទេ​។ យើង​ដឹងថា​វា​អាច​ឆ្លងទៅ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មាន​ករណី​តិចតួច​ណាស់​ដែល​បាន​រាយការណ៍​អំពី​ការឆ្លង​វីរុស COVID-19 ទៅលើ​កុមារ​។ វីរុស​នេះ​កម្រ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ណាស់ ដែល​មកទល់ពេលនេះ ភាគច្រើន​នៃ​ការស្លាប់​គឺ​កើតឡើង​តែ​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ដែលមាន​ជំងឺ​ប្រចាំកាយ​រួចទៅហើយ​ប៉ុណ្ណោះ​។​

​តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្តេច​ប្រសិនបើ​កូន​របស់ខ្ញុំ​មាន​រោគសញ្ញា​នៃ​វីរុស COVID-19 ?
​សូម​សុំ​យោបល់​ពី​ពេទ្យ ប៉ុន្តែ​ត្រូវ​ចងចាំ​ថា​នៅពេលនេះ​គឺជា​រដូវ​កាល​នៃ​ជំងឺ​ផ្តាសាយ​នៅ​តំបន់​អឌ្ឍគោល​ខាងជើង ហើយ​រោគសញ្ញា​នៃ​វីរុស COVID-19 ដូចជា​ក្អក ឬ​គ្រុនក្តៅ​អាច​ស្រដៀង​គ្នា​នឹង​ជំងឺ​គ្រុនផ្តាសាយ ឬ​ផ្តាសាយ​ធម្មតា ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​។​
​សូម​បន្ត​ធ្វើតាម​ការអនុវត្ត​ន៍​ល្អៗ​នៃ​ការលាង​សម្អាត​ដៃ និង​អនាម័យ​ផ្លូវដង្ហើម​ដូចជា​លាងដៃ​ឱ្យបាន​ទៀងទាត់ និង​នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​ឱ្យបាន​ទៀងទាត់ ដូច​ដ្នេះ​កូន​របស់​លោកអ្នក​ត្រូវបាន​ការពារ​ពី​វីរុស និង​បាក់តេរី​ដែល​បង្ក​ជំងឺ​ផ្សេងៗ​។​
​ដូចគ្នា​នឹង​ជំងឺ​ផ្លូវដង្ហើម​ដទៃទៀត​ដូចជា​ជំងឺ​គ្រុនផ្តាសាយ​ជាដើម សូម​ស្វែងរក​ការព្យាបាល​ឱ្យបាន​ឆាប់រហ័ស ប្រសិនបើ​អ្នក​ឬ​កូន​របស់​អ្នកមាន​រោគសញ្ញា​ទាំងនេះ ហើយ​ព្យាយាម​ជៀសវាង​ការធ្វើដំណើរ​ទៅកាន់​កន្លែង សាធារណៈ ( ដូចជា​កន្លែងធ្វើការ សាលារៀន មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​) ដើម្បី​ការពារ​ការឆ្លង​រាលដាល​ដល់​អ្នកដទៃ​។​

​តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ប្រសិនបើ​មាន​សមាជិកគ្រួសារ​មាន​រោគសញ្ញា​ទាំងនេះ​?
​អ្នក​គួរ​ស្វែងរក​ការព្យាបាល​ឱ្យបាន​ឆាប់រហ័ស ប្រសិនបើ​អ្នក​ឬ​កូន​របស់​អ្នកមាន​មាន​អាកា​រៈ​ដូចជា គ្រុនក្តៅ ក្អក ឬ​ពិបាក​ដកដង្ហើម​។ សូម​ទូរស័ព្ទ​ប្រាប់​ជាមុន​ដល់​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក ប្រសិនបើ​អ្នក​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ដែល​ត្រូវបាន​គេ​រាយ​ការ​អំពី​ការឆ្លង​វីរុស COVID-19 ឬ​ប្រសិនបើ​អ្នក​បាន​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​តំបន់​មួយ​ក្នុងចំណោម​តំបន់​ទាំងនេះ ហើយ​មាន​រោគសញ្ញា​ផ្លូវដង្ហើម​។​

​តើ​ខ្ញុំ​គួរ​យក​កូន​ចេញពី​សាលារៀន​ដែរឬទេ​?
​ប្រសិនបើ​កូន​របស់​អ្នកមាន​រោគសញ្ញា​ទាំងនេះ សូម​ស្វែងរក​ការព្យាបាល និង​ធ្វើតាម​ការណែនាំ​ពី​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​។ បើ​មិន​ដូច្នោះ​ទេ សូមឱ្យ​កូន​របស់​អ្នក​សម្រាក​នៅផ្ទះ​ខណៈពេល​ពួកគេ​មាន​រោគសញ្ញា​ទាក់ទង​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ធម្មតា ហើយ​ត្រូវ​ជៀសវាង​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​សាធារណៈ​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លងទៅ​អ្នកដទៃ​។​
​ប្រសិនបើ​កូន​របស់​អ្នក​គ្មាន​រោគសញ្ញា​ដូចជា​គ្រុនក្តៅ ឬ​ក្អក​នោះទេ វា​ជាការ​ប្រសើរ​បំផុត​ក្នុង​ការបន្ត​ឱ្យ​កូនៗ​ទៅ​សាលារៀន លើកលែងតែ​មានការ​ណែនាំ​អំពី​សុខភាព​សាធារណៈ ឬ​សេចក្តីប្រកាស​ព្រមាន​អំពី​ហានិភ័យ ឬ​ការ​ផ្តល់យោបល់​ផ្លូវការ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​សាលារៀន​របស់​កូនៗ​អ្នក​។​
​ជំនួស​ឱ្យ​ការមិន​ឱ្យ​កូនៗ​ទៅ​សាលារៀន សូម​បង្រៀន​ពួកគេ​នូវ​ការអនុវត្ត​ល្អ​ខាង​អនាម័យ​ដៃ និង​ផ្លូវដង្ហើម​នៅ​សាលារៀន និង​កន្លែង​ផ្សេងទៀត ដូចជា​លាងដៃ​ឱ្យបាន​ញឹកញាប់ (​សូម​មើល​នៅ​ខាងក្រោម​) ខ្ទប់មាត់​នៅពេល​ក្អក ឬ​កណ្តាស់​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាស់​ជូត​មាត់ ហើយ​បន្ទាប់មក​បោះចោល​ក្រដាស់​ជូត​មាត់​ទៅក្នុង​ធុងសំរាម បិទ​ជិត កុំ​ប៉ះ​ភ្នែក មាត់ ឬ​ច្រមុះ ប្រសិនបើ​ពួកគេ​មិនបាន​លាងដៃ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ​។​

​តើ​វិធី​ណា​ដែល​ល្អ​បំផុត​ក្នុងការ​លាងដៃ​ឱ្យបាន​ត្រឹមត្រូវ​?
​ជំហាន​ទី ១: ផ្សើម​ដៃ​ជាមួយ​ទឹក (​ទឹក​ហូរ​ដូចជា​ទឹក​ម៉ាស៊ីន​)
​ជំហាន​ទី ២៖ ប្រើ​សាប៊ូ​ឱ្យបាន​គ្រប់គ្រាន់​ទៅលើ​ដៃ​សើម​
​ជំហាន​ទី ៣៖ ដុស​គ្រប់​ផ្ទៃ​ដៃ រួមទាំង​ខ្នងដៃ ចន្លោះ​ម្រាមដៃ និង​ក្រោម​ក្រចក យ៉ាងហោចណាស់ ២០​វិនាទី​។​
​ជំហាន​ទី ៤៖ លាងជម្រះ​ដៃ ឱ្យបាន​ស្អាត​ជាមួយ​ទឹក (​ទឹក​ហូរ​ដូចជា​ទឹក​ម៉ាស៊ីន​)
​ជំហាន​ទី ៥៖ ជូ​តដៃ​ដោយ​ប្រើ​ក្រណាត់​ស្អាត ឬ​កន្សែង​ដែល​ប្រើ​បានតែ​ម្តង​
​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាពិសេស​មុនពេល​ញ៉ាំ​អាហារ បន្ទាប់ពី​ញី​សម្បោរ ក្អក ឬ​កណ្តាស់ និង​បន្ទាប់ពី​ទៅ​បន្ទប់ទឹក​។​
​ប្រសិនបើ​អ្នក​គ្មាន​សាប៊ូ និង​ទឹក​ទេ សូម​ប្រើ​ទឹក​លាងដៃ​ដែលមាន​ជាតិ​អាល់កុល​យ៉ាងតិចណាស់ ៦០ ភាគរយ ។ អ្នក​ត្រូវតែ​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹកជា​និច្ច ប្រសិនបើ​ដៃ​អ្នក​កខ្វក់​។​

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ចម្លង​វីរុស​កូ​រ៉ូ​ណា​ទៅ​កូន​ក្នុង​ផ្ទៃ​ដែរឬទេ​?
​នៅពេលនេះ មិនទាន់មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​កំណត់ថា​វីរុស​នេះ​ត្រូវបាន​ចម្លង​ពី​ម្តាយ​ទៅ​កូន​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ ឬ​មាន​ផលប៉ះពាល់​ជា​សក្តានុពល​ដែល​អាច​កើតមាន​ចំពោះ​ទារក​នោះទេ​។ បញ្ហា​នេះ​កំពុង​ត្រូវបាន​ស្រាវជ្រាវ​នៅពេល​បច្ចុប្បន្ន​។ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​បន្ត​អនុវត្តតាម​វិធី​បង្ការ​សមស្រប​ដើម្បី​ការពារ​ខ្លួន​ពី​ការប៉ះពាល់​នឹង​វីរុស ហើយ​ត្រូវ​ស្វែងរក​ការព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា ក្តៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម​។​

​តើ​ម្តាយ​អាច​បំបៅ​ដោះ​កូន​បាន​ដែរឬទេ ប្រសិនបើ​គាត់​បាន​ឆ្លង​វីរុស​នេះ​?
​ម្តាយ​ទាំងអស់​ដែល​ស្ថិតនៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់ និង​មាន​ហានិភ័យ ហើយ​ដែល​កើតមាន​រោគសញ្ញា​គ្រុនក្តៅ ក្អក ឬ​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការព្យាបាល ឱ្យបាន​ឆាប់រហ័ស និង​ធ្វើតាម​ការណែនាំ​ពី​អ្នក ផ្តល់​សេវា​ថែទាំ​សុខភាព​។​
​ដោយ​គិតពី​អត្ថប្រយោជន៍​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ និង​ការ​មិនសូវ​ចម្លង​វីរុស​ផ្លូវដង្ហើម​ផ្សេងៗ​ដោយសារ​ទឹកដោះ​ម្តាយ អ្នក​ម្តាយ​អាច​នៅ​បន្ត​បំបៅកូន​ដោយ​ទឹកដោះ​ទន្ទឹមគ្នា​នឹង​ការបន្ត​អនុវត្ត​វិធី​បង្ការ​ចាំបាច់​នានា​។​
​ចំពោះ​ម្តាយ​ដែលមាន​រោគសញ្ញា​ហើយ តែ​នៅមាន​សុខ​ភាពល្អ​គ្រប់គ្រាន់​ក្នុងការ​បំបៅ​ដោះ​កូន វិធី​បង្ការ​រួមមាន ការពាក់​ម៉ាស​នៅពេល​ស្ថិត​នៅក្បែរ​កូន (​រួមទាំង​ពេល​បំបៅ​ដោះ​កូន​) លាងដៃ​មុន និង​ក្រោយពេល​ប៉ះពាល់​កូន (​រាប់បញ្ចូល​ទាំង​ការ​បំបៅ​ដោះ​) និង​ការសម្អាត​/​ការសម្លាប់​វីរុស​លើ​ផ្ទៃ​ដែល​កខ្វក់ ដែល​វិធី​បង្ការ​នេះ​គួរតែ​ត្រូវបាន​អនុវត្ត​ដូចគ្នា​ចំពោះ​អ្នកណាម្នាក់​ដែល​ត្រូវបាន​បញ្ជាក់​ឬ​សង្ស័យថា​មាន​ឆ្លង​វីរុស COVID-19 ហើយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ រួមទាំង​ចំពោះ​កុមារ​ផងដែរ​។​
​ប្រសិនបើ​ម្តាយ​មាន​ជំងឺ​ធ្ងន់ធ្ងរ គាត់​គួរតែ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​បញ្ចេញ​ទឹកដោះ ហើយ​បញ្ចុក​កូន​ដោយ​ប្រើ​កែវ និង​/​ឬ ស្លាបព្រា​ស្អាត​វិញ ខណៈពេលដែល​ត្រូវតែ​បន្ត​អនុវត្ត​វិធីសាស្ត្រ​បង្ការ​ការឆ្លង​វីរុស​ដដែល ។​

​តើ​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (​យូ​នី​សេ​ហ្វ​) កំពុង​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​លើ​បញ្ហា​នេះ​?
​ការឆ្លើយតប​បច្ចុប្បន្ន​របស់​យូ​នី​សេ​ហ្វ​ផ្តោតលើ​ការគាំទ្រ​រដ្ឋាភិបាល​ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែល​មកទល់ពេលនេះ មាន​ករណី​ឆ្លង​ជាច្រើន​ត្រូវបាន​រាយ​ការ​។ ចាប់តាំងពី​ថ្ងៃទី​២៩ ខែមករា​មក យូ​នី​សេ​ហ្វ​បាន​បញ្ជូន​សម្ភារ​ផ្គត់ផ្គង់​ចំនួន​១៣​តោន ក្នុងនោះ​រួមមាន​សម្លៀកបំពាក់​ការពារ ម៉ាស់ វ៉ែនតា និង​ស្រោមដៃ​សម្រាប់​បុគ្គលិក​សុខាភិបាល​ប្រើប្រាស់​។ ការដឹកជញ្ជូន​បន្ថែម​គឺ​ស្ថិតនៅក្នុង​គម្រោង​បន្តបន្ទាប់ ហើយ​យូ​នី​សេ​ហ្វ​កំពុង​កំណត់​ទីតាំង​សម្ភារ​ផ្គត់ផ្គង់​ជាមុន​នៅក្នុង​គោលដៅ​សំខាន់ៗ​នានា​។​
​ដោយ​មើលឃើញ​ពី​លក្ខណៈ​ដែល​មិនអាច​ទាយ​ទុកជាមុន​បាន​នៃ​វីរុស និង​ការរីក​រាលដាល​ជា​បន្តបន្ទាប់ យូ​នី​សេ​ហ្វ​ក៏​កំពុង​សហការ​ជាមួយ​រដ្ឋាភិបាល​នានា សម​ភាគី​អង្គការ​សុខភាព​ពិភពលោក និង​ដៃគូ​ដទៃទៀត​ក្នុងការ​រៀបចំ​ផែនការ​បម្រុង​ក្នុង​តំបន់​ផ្សេងទៀត ជាពិសេស​នៅក្នុង​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ និង​សមត្ថភាព​នៅមានកម្រិត​ក្នុងការ​ទប់ទល់​នឹង​ការផ្ទុះ​ជំងឺ​ជា​ទ្រង់ទ្រាយ​ធំ​។​
​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ យូ​នី​សេ​ហ្វ​បាន​អំពាវនាវ​សុំ​ថវិកា​ចំនួន ៤២,៣ លាន​ដុល្លារ ដើម្បី​បង្កើន​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ឡើង​នៃ​វីរុស COVID-19 ។ ថវិកា​បឋម​នឹង​គាំទ្រ​ដល់​ការងារ​របស់​យូ​នី​សេ​ហ្វ​ក្នុងការ​កាត់បន្ថយ​ការឆ្លង​វីរុស និង​រួមមាន​ការពង្រឹង​ការទំនាក់ទំនង​អំពី​ហានិភ័យ និង​ការតាមដាន​ដោះស្រាយ​បញ្ហា​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដូចនេះ​កុមារ ស្ត្រី​មាន​ផ្ទៃពោះ និង​ក្រុមគ្រួសារ​របស់​ពួកគេ នឹង​ដឹង​ពី​វិធី​ការពារ​ការរីក​រាលដាល​នៃ​វីរុស COVID-19 និង​កន្លែង​ដែល​ពួកគេ​អាច​ស្វែងរក​ជំនួយ​បាន​៕ប្រភព៖unicef.org
[wai id="6"]