ស្លាប់១១២នាក់ នៅតំបន់អាស៊ាន មានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងជាង៤៥០០នាក់

ព័ត៌មានអន្តរជាតិ
0
352

បើគិតត្រឹមវេលាម៉ោង៤ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) បណ្ដាប្រទេស​ នៅ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍ ឬហៅកាត់ អាស៊ាន មានអ្នកឆ្លងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬ​វីរុស​​កូរ៉ូណា (កូវីដ-១៩) កើនឡើងរហូតដល់៤៥៨១នាក់ ដោយមានអ្នកស្លាប់ចំនួន១១២នាក់ និងអ្នកព្យាបាលបានជាសះស្បើយ​ចំ​​នួន​៤៦៤នាក់។

ក្នុងចំណោមបណ្ដាប្រជាជាតិ​អាស៊ាន​នោះ គឺប្រទេស​ម៉ាឡេស៊ី​មានអ្នកឆ្លង​រហូត​ដល់​ ១៦២៤នាក់។ ក្នុង​ចំណោម​អ្នកឆ្លងទាំងអស់ មានអ្នកឆ្លងថ្មីចំនួន១០៦នាក់ អ្នកព្យាបាល​បានជាសះស្បើយ​ចំនួន១៨៣នាក់ និងស្លាប់​ចំនួន​១៦នាក់។ រីឯប្រទេសថៃវិញ មាន​ករណីឆ្លងថ្មី ចំនួន១០៦ ធ្វើឲ្យប្រទេសនេះមាន​ចំនួនអ្នកឆ្លង​កើនឡើង​ដ​​ល់៨២៧នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ​ចំនួន​៥២នាក់ និងស្លាប់៤នាក់។

ដោយឡែកឥណ្ឌូនេស៊ីវិញ មានអ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងរហូតដល់៦៨៦នាក់ ក្នុងនោះ​អ្នកជា​សះស្បើយចំនួន៣០នាក់។ ប៉ុន្ដែប្រទេសនេះ មានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ច្រើន​ជាង​គេបំផុត ​នៅក្នុង​តំបន់​អាស៊ាន ដោយមានអ្នកស្លាប់កើនឡើងរហូតដល់​៥៥នាក់។

ប្រទេសសិង្ហបុរី មានអ្នកឆ្លងថ្មីចំនួន៥៤នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់៥៥៨នាក់ ហើយក្នុងចំណោមអ្នក​ឆ្លង​វីរុសកូវីដ-១៩ទាំងនោះ មាន១៥៦នាក់​ព្យាបាល​ជាសះស្បើយ និង២នាក់បានស្លាប់។ រីឯប្រទេសហ្វីលីពីន មានអ្នកឆ្លងថ្មី​ចំនួន៩០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លង​កើន​​ឡើង រហូតដល់៥៥២នាក់។ ប៉ុន្ដែក្នុងចំណោមអ្នកជំងឺទាំងនោះព្យាបាលបានជាសះ​ស្បើយ ចំនួន២០នាក់ និងមាន​អ្នកស្លាប់កើន​ឡើង៣៥នាក់។

ដោយឡែក ប្រទេសវៀតណាម​មានអ្នកឆ្លងកើន​ឡើង​ដល់១៣៤នាក់ និងព្យាបាល​ជាសះ​ស្បើយ​​ចំនួន​១៧​នាក់។​ ប្រទេសប៊្រុយណេ មានអ្នកឆ្លង១០៤នាក់ និងមានអ្នកព្យាបាល​ជាសះ​ស្បើយ​​ចំនួន២នាក់។ កម្ពុជា​មាន​អ្នក​ឆ្លងកើនឡើងដល់៨៧នាក់ និងមានអ្នកជាសះស្បើយ ចំនួន២នាក់។

ជាមួយគ្នានេះឡាវ និង​មីយ៉ាន់ម៉ា ជាប្រទេសចុងក្រោយ នៅក្នុងតំបន់អាស៊ាន  ទើបនឹង​រក​ឃើញ​​មាន​ឆ្លងវីរុស​កូវីដ-១៩ ក្នុងនោះឡាវមានអ្នកឆ្លង២នាក់ និងមីយ៉ាន់ម៉ា មានអ្នកឆ្លង​ចំនួន៣នាក់៕