ឡាវ និងមីយ៉ាន់ម៉ា ក្លាយជាប្រទេសតំបន់អាស៊ានចុងក្រោយ រកឃើញអ្នកឆ្លងកូវីដ-១៩

ព័ត៌មានអន្តរជាតិ
0
844

រហូតមកដល់វេលាម៉ោង៤ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា)  ប្រទេសឡាវ និងមីយ៉ាន់ម៉ា ក្លាយជា​ប្រទេស នៅ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍ ឬហៅកាត់ អាស៊ាន ចុង​ក្រោយគេ រកឃើញ មានអ្នកឆ្លងវីរុស​រលាក​ផ្លូវដង្ហើម​ប្រភេទថ្មី ឬ​វីរុស​​កូរ៉ូណា (កូវីដ-១៩)។

ក្នុងចំណោមបណ្ដាប្រជាជាតិ​អាស៊ាន​នោះ គឺប្រទេស​ម៉ាឡេស៊ី​មានអ្នកឆ្លង​រហូត​ដល់​ ១៦២៤​នាក់។ ក្នុង​ចំណោម​​​អ្នកឆ្លងទាំងអស់ មានអ្នកឆ្លងថ្មីចំនួន១០៦នាក់ អ្នកព្យាបាល​បានជាសះស្បើយ​ចំនួន១៨៣នាក់ និងស្លាប់​ចំនួន​១៦នាក់។ រីឯប្រទេសថៃវិញ មាន​ករណីឆ្លងថ្មី ចំនួន១០៦ ធ្វើឲ្យប្រទេសនេះមាន​ចំនួនអ្នកឆ្លង​កើនឡើង​ដ​​ល់៨២៧នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ​ចំនួន​៥២នាក់ និងស្លាប់៤នាក់។

ដោយឡែកឥណ្ឌូនេស៊ីវិញ មានអ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងរហូតដល់៦៨៦នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន៣០នាក់។ ប៉ុន្ដែប្រទេសនេះ មានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ច្រើន​ជាង​គេបំផុត ​នៅក្នុង​តំបន់​អាស៊ាន ដោយមានអ្នកស្លាប់កើនឡើងរហូតដល់​៥៥នាក់។

ប្រទេសសិង្ហបុរី មានអ្នកឆ្លងថ្មីចំនួន៥៤នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់៥៥៨នាក់ ហើយក្នុងចំណោមអ្នក​ឆ្លង​វីរុសកូវីដ-១៩ទាំងនោះ មាន១៥៦នាក់​ព្យាបាល​ជាសះស្បើយ និង២នាក់បានស្លាប់។ រីឯប្រទេសហ្វីលីពីន មានអ្នកឆ្លងថ្មី​ចំនួន៩០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លង​កើន​​ឡើង រហូតដល់៥៥២នាក់។ ប៉ុន្ដែក្នុងចំណោមអ្នកជំងឺទាំងនោះព្យាបាលបានជាសះ​ស្បើយ ចំនួន២០នាក់ និងមាន​អ្នកស្លាប់កើន​ឡើង៣៥នាក់។

ដោយឡែក ប្រទេសវៀតណាម​មានអ្នកឆ្លងកើន​ឡើង​ដល់១៣៤នាក់ និងព្យាបាល​ជាសះ​ស្បើយ​​ចំនួន​១៧​នាក់។​ ប្រទេសប៊្រុយណេ មានអ្នកឆ្លង១០៤នាក់ និងមានអ្នកព្យាបាល​ជាសះ​ស្បើយ​​ចំនួន២នាក់។ កម្ពុជា​មាន​អ្នក​ឆ្លងកើនឡើងដល់៨៧នាក់ និងមានអ្នកជាសះស្បើយ ចំនួន២នាក់។

ជាមួយគ្នានេះឡាវ និង​មីយ៉ាន់ម៉ា ជាប្រទេសចុងក្រោយ នៅក្នុងតំបន់អាស៊ាន  ទើបនឹង​រកឃើញ​មាន​ឆ្លងវីរុស​កូវីដ-១៩ ក្នុងនោះឡាវមានអ្នកឆ្លង២នាក់ និងមីយ៉ាន់ម៉ា មានអ្នកឆ្លងចំនួន៣នាក់។

បើគិតត្រឹមវេលាខាងលើនេះ បណ្ដាប្រជាជាតិអាស៊ានទាំង១០ មានអ្នកឆ្លងវីរុសកូវីដ-១៩ បន្ដកើន​ឡើង​រហូត ដល់​៤៥៨១នាក់ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់​ចំនួន​១១២នាក់ និងអ្នកព្យាបាលបានជាសះ​ស្បើយ​​ចំ​​នួន​៤៦៤នាក់៕