គ្រូពេទ្យថៃខ្លាចឆ្លងកូវីដ-១៩ ប្រើមនុស្សយន្ដព្យាបាលអ្នកជំងឺ

ព័ត៌មានអន្តរជាតិ
0
564

ដោយសារកន្លងមក មានគ្រូពេទ្យនៅតាមបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោក​បាន​ឆ្លង​កូវីដ-១៩ ទើប​គ្រូ​ពេទ្យថៃបានសម្រេចចិត្តប្រើប្រាស់មនុស្សយន្ត «រ៉ូបូត» សម្រាប់ជួយ​តាមដាន និងព្យាបាលអ្នកជំងឺ នៃ​កូវីដ-១៩។

បណ្ដាផ្សព្វផ្សាយថៃ បានឲ្យដឹងថា មនុស្សយន្ដរ៉ូបូតនិនចានេះអាចជួយ​សម្រួល​ការងារ​ជា​ច្រើន​ជំនួសក្រុមគ្រូ​ពេទ្យ ដូចជា វាស់កម្ដៅឲ្យអ្នកជំងឺ និងព្យាបាលអ្នកជំងឺជាដើម។ ក្រៅពី​នេះនៅលើរ៉ូបូតនិនចា​នេះមាន​អេក្រង់​សម្រាប់ឲ្យក្រុមគ្រូពេទ្យអាចសន្ទនា ឬសាកសួរអំពីអាការផ្សេងរបស់អ្នកជំងឺបានថែមទៀតផង។

ប្រភព័ត៌មានដដែល បានបន្ដថា មុនពេលដំបូង មនុស្សយន្ដនេះ គឺប្រើប្រាស់សម្រាប់តែមើល និងថែ​ទាំអ្នក​ជំងឺ​តែ​ប៉ុណ្ដោះ។ ប៉ុន្ដែដោយសារតែក្រុម​គ្រូពេទ្យមានការ​ខ្លាចឆ្លងវីរុស​ដ៏កាច​សាហាវ​នេះ ទើបក្រុមនិស្សិតជំនាញ មកពីសាកលវិទ្យាល័យចូឡាឡុងកន នៅទីក្រុងបាងកក បានសម្រេចបន្ថែមមុខងាររបស់មនុស្សយន្ត សម្រាប់​បម្រើ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ 
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសថៃ មានមន្ទីរពេទ្យចំនួន៤កន្លែង បានប្រើ​ប្រាស់​មនុស្ស​យន្ដនេះ ហើយទៅថ្ងៃខាងមុខ ថៃនឹងដាក់មនុស្សយន្ដដ៏ទំនើបនេះ នៅតាមមន្ទីរពេទ្យចំនួន១០ទៀត។
បើគិតត្រឹមវេលាម៉ោង៥ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ថៃមានអ្នកឆ្លងកូវីដ-១៩ សរុបកើន​ឡើងដល់​៩៥០​នាក់ ឈរលំដាប់ទីពីរ នៃអ្នកឆ្លងកូវីដ-១៩ នៅតំបន់អាស៊ាន បន្ទាបពីប្រទេស​ម៉ាឡេស៊ី ។

ក្រសួង​សុខាភិបាលថៃ បានប្រកាសថា គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា មានអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន១០៧​នាក់​បន្ថែមទៀត។ ប៉ុន្ដែបើនិយាយពីតំបន់អាស៊ានទាំង១០ប្រទេស មានអ្នក​ឆ្លងកូវីដ-១៩ សរុប ៤៨៦២ ក្នុង​នោះ​មានស្លាប់១១៣នាក់ និងជាសះស្បើយ៤៨២នាក់៕