អាមេរិកនៅតែបន្ដចោទប្រកាន់ចិន លាក់បាំងព័ត៌មានកូវីដ-១៩

ព័ត៌មានអន្តរជាតិ
0
6110

ចាប់តាំងពីទឹកដីអាមេរិកបានរងការរាតត្បាតដោយវីរុសកូវីដ-១៩ ហើយមានមនុស្សជាង​៦៥ពាន់នាក់ បាន​ឆ្លង វីរុសនេះ ក្នុងនោះមានអ្នកស្លាប់ជាង៩៣០នាក់​នោះមក​អាមេរិក​បាន​មួម៉ៅ ហើយ​ចោទ​ប្រកាន់​ចិន​​ជា​អ្នក​លាក់​បាំង​ព័ត៌មាន​ជុំវិញរឿងវីរុសដ៏កាចសាហាវនេះ ដោយប្រធានាធិបតីអាមេរិក បាន​ហៅ​កូវីដ-១៩​ជា «វីរុសចិន» ថែម​ទៀត​ផង។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីកន្លងទៅថ្មីៗនេះ បានចោទប្រកាន់ចិន ជាអ្នក បាំងនូវ ព័ត៌មាន​ពិតស្ដីអំពីវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា (កូវីដ-១៩) ទើបបង្កឲ្យវីរុសដ៏កាច​សាហាវ នេះបន្ដឆ្លងរាតត្បាតពាសពេញពិភពលោកបែបនេះ។ លោក ត្រាំ បាហៅវីរុសកូវីដ-១៩ ថា «វីរុសចិន»។ ប៉ុន្ដែការហៅរបស់លោកប្រធានាធិបតី ត្រូវបាន​បណ្ដា​​មេដឹកនាំពិភពលោកទាំងមូល ថ្កោលទោសលោក ត្រាំ ដោយរួមទាំងអង្គការសុខភាព​ពិភពលោក (WHO)) ផងដែរ។
ស្របគ្នានេះដែរ លោក ម៉ៃឃ៍ ប៉ូមប៉េវ (Mike Pompeo) រដ្ឋមន្រ្ដីការបរទេសអាមេរិក ក៏បាន​ចោទ​ប្រកាន់ចិន ពីការលាក់បាំងព័ត៌មាន ពាក់ព័ន្ធនឹងកូវីដ-១៩។ អ្វីដែលោករដ្ឋមន្រ្ដីថ្លែង គឺស្រដៀងគ្នាទៅនឹងលោក​ប្រធានាធិបតីអាមេរិក  ដូណាល់ ត្រាំ បានលើកឡើង។ លោក ត្រាំ បានថ្លែងថា ប្រសិនបើចិនមិនបាន​លាក់បាំងព័ត៌មានស្ដីអំពីវីរុសនេះ គឺអាមេរិកនឹងស្កាត់បាន​តាំងពីដំបូងមកម៉្លេះ។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា លោក Mike Pompeo បានរិះគន់ថា រដ្ឋាភិបាលទីក្រុង​ប៉េកាំង បានបដិសេធការចែករំលែកព័ត៌មាន ដែលពិភពលោកត្រូវការជាចាំបាច់ ដើម្បី​ស្វែង​រកវិធានាការនានា សម្រាប់ទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩។

លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានរំឭកឡើងវិញថា  ដោយសារតែ​ចិនមិន​បាន​ចែក​រំលែកព័ត៌មាន ទើបបង្កឲ្យមានការឆ្លងរាលដាល នៅពាសពេញពិភពលោកបែបនេះ។

ចាប់តាំងពីផ្ទុះឡើង នៃវីរុសកូវីដ-១៩នោះមក អាមេរិកបានខឹងសម្បា រករឿង ហើយទម្លាក់​កំហុស​ទៅលើចិន រហូត។  បើគិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) នៅលើទឹកអាមេរិក មាន​អ្នកឆ្លងវីរុសកូវីដ-១៩ ៦៥៦៥២នាក់ (ឆ្លងថ្មី ចំនួន១០៧៩៦) ។ ក្នុង​ចំណោម​អ្នកជំងឺ​ទាំង​នោះ មាន​អ្នក​ព្យាបាល​បាន​​ជា​​សះស្បើយ ៣៩៤នាក់ និងស្លាប់៩៣១នាក់៕