ហេតុអ្វី​បានជា​ព្រហ្មចារី ត្រូវបាន​សង្គម​ផ្តល់​តម្លៃ​ខ្លាំង​ម្ល៉េះ ជាពិសេស​សម្រាប់​គូរ​ស្វាមីភរិយា​ថ្មី​ៗ ? តើ​ព្រហ្មចារី​បាន​ឆ្លុះបញ្ចាំង​អ្វី​អំពី​អត្តចរិត​របស់​បុគ្គល​ម្នាក់ៗ ?

សុខភាព
0
4227


[wai id="7"]
​តាំងតែ​ពី​ដើម​រៀងមក​សង្គម​ខ្មែរ​ច្រើន​គិតដល់​នារី​ជាសំខាន់​។​ភាពជា​ស្ត្រី ត្រូវ​សង្គម​យកចិត្តទុកដាក់​និង​ឱ្យ​តម្លៃ​ខ្លាំងណាស់​ហើយ​ជាពិសេស គឺមាន​ភាព​បរិសុទ្ធ​ក្រមុំ​ព្រហ្មចារី​នេះ​តែម្តង​។ ដូចជា​ពេល​គេ​ដើររក​ដណ្តឹងប្រពន្ធ​គឺ​គេ​ត្រូវការ​ចង់បាន​នារី​ក្រមុំ​ព្រហ្មចារី​។ រហូតមកដល់​សព្វថ្ងៃ​នេះ មន្ទីរពេទ្យ ឬ​កន្លែង​ខ្លះ មាន​សេវាកម្ម​ដេរ​ភ្ជាប់​សន្ទុះ​ព្រហ្មចារី ដែលមាន​តម្លៃ ដល់​ទៅ​រាប់សិប​រយ​ដុល្លារ​ឯណោះ​។​

​ប៉ុន្តែ​ចំពោះ​បុរស​វិញ​មនុស្ស​ក្នុងសង្គម​ខ្មែរ​ជាទូទៅ​ហាក់ដូចជា​ភ្លេច ឬ​មិនបាន​ខ្វល់ខ្វាយ​ថា​បុរស​នោះបាន​រក្សា​ភាព​បរិសុទ្ធ​សម្រាប់​អនាគត​ភរិយា ទេ​ឬ​យ៉ាងណា​? ហេតុដូច្នេះ​ហើយ​ទើប​បុរសៗ​មួយចំនួន​ពុំ​ខ្វល់​នឹង​រក្សាខ្លួន​ឱ្យនៅ​បរិសុទ្ធ​ហើយ​គិតតែ​ពី​សប្បាយ​នឹង​រឿង​កាមគុណ​។​មិនតែប៉ុណ្ណោះ​ពេល​ចង់​រៀបការ ពួកគេ​ថែមទាំង​ចង់បាន​ប្រពន្ធ ជា​នារី​ក្រមុំ​ព្រហ្មចារី ទៀតផង​។​



​ព្រហ្មចារី​នៅតែ​ជា​រូបភាព​ចាំបាច់​អ្នកផ្តល់​បទ​សម្ភាស​ន៏​បានផ្តល់​មតិ​ផ្សេងៗ​ពីគ្នា​។ អ្នកខ្លះ​បាន​និយាយថា ព្រហ្មចារី​មិនមាន​អ្វី​សំខាន់​ទេ​ប៉ុន្តែ​អ្នក​ខ្លះទៀត​បញ្ចេញ​ទស្សនៈ​ផ្ទុយទៅវិញ​ថា ព្រហ្មចារី​នៅតែមាន​សារៈសំខាន់​សម្រាប់​គូរ​ស្វាមីភរិយា​ថ្មី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថ្មីៗ ។ លោក សុខ មេត្តា អាយុ​៥៨​ឆ្នាំ ជា​មន្ត្រីរាជការ​ម្នាក់ នៅតែ​អោយ​តម្លៃ​លើ​ព្រហ្មចារី​ដដែល​។ បុរស​ដែលមាន​គំនិត​អភិរក្ស​រូបនេះ​បាន​រម្លឹកថា កាលពី​ដើមឡើយ មុននឹង​រកប្រពន្ធ​អោយបាន​ល្អ​នោះ គេ​ត្រូវការ​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​តាម​ពិនិត្យ​ពូជ​វង្ស​សាវតារ​បស់​កូនក្រមុំ​យ៉ាងយូរ​។ ការតាមដាន​នេះ​គឺ​ដើម្បី​ចង់ដឹងថា​តើ​កូនស្រី​នោះ​ជា​មនុស្ស​យ៉ាងដូចម្តេច​? ធ្លាប់មាន​គេ​ចូល​ស្តីដណ្តឹង​ឬ​អត់​? ធ្លាប់មាន​សេ្ន​ហា​លួចលាក់​ឬទេ​? បន្ទាប់ពី​ក្រេប​កាហ្វេ​មួយ​ក្អឹ​ក​ហើយ លោក មេត្តា បាន​ឆ្លើយ​ដោយ​ខ្លួនឯង​ថា​៖«​បើ​គេ​ដឹងថា​នាង​ធ្លាប់មាន​ស្នេហា​ជាមួយ​បុរស​ណា​ហើយ​នោះ គេ​ពិតជា​ដកឃ្លា​ពិចារណា​មួយរយៈ បន្ទាប់មក​គេ​និយាយ​យ៉ាងខ្លី​ថា គេ​ខ្លា​ចនាង​ជ្រុលខ្លួន​ប្រាណ​ជាមួយ​បុរស​នោះ​»​។

​អ្នកស្រី​ម្នាក់ទៀត​នៅ​អង្គុយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លោក សុខ មេត្តា ដែរ​នោះបាន​និយាយថា​៖«​កាលពី​ដើមឡើយ​បន្ទាប់ពី​រៀបការ​ហើយ​បើ​ប្តី​ដឹងថា​ប្រពន្ធ​គ្មាន​ភាព​បរិសុទ្ធ​បញ្ហា​នឹង​កើតឡើង​ភ្លាម​ពេលខ្លះ​ឈានទៅដល់​ការចែក​ផ្លូវ​គ្នា​ក៏មានដែរ​»​។ ស្ត្រី​ស្ថិតក្នុង​វ័យ ៦០ ឆ្នាំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​បាន​បន្តទៀតថា​៖«​បើ​គ្មាន​ព្រហ្មចារី បុរស​គិតថា​ប្រពន្ធ​ខ្លួន​មាន​សា​ហាយ​ឬ​មិន​ស្មោះត្រង់​នឹង​ខ្លួន​។ កាលពីដើម គេ​ត្រូវការ​ស្ត្រី​ព្រហ្មចារី​ទាំង​កាយ ទាំង​ចិត្ត មា​ន័យ​ថា បរិសុទ្ធ​ទាំង​កាយ​និង​បរិសុទ្ធ​ទាំង​ចិត្ត​»​។​
​ការស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា​ការ​មាន​ឈាម​ក្នុងអំឡុងពេល​រួមភេទ​ដំបូង​របស់​ប្តី​ប្រពន្ធ​មិនអាច​វាយតម្លៃ​លើ​ការ​មាន​ឬ​គ្មាន​ព្រហ្មចារី​យ៍​នោះឡើយ ហើយ​បើទោះជា​មានការ​ហូរឈាម ក៏​វា​អាច​នឹង​មិនមែន​ដោយសារ​ការ​រហែក​សន្ទះ​ព្រហ្មចារី​យ៍​តែ​ម្យ៉ាង​នោះដែរ​។



អ្វី​ទៅជា​សន្ទះ​ព្រហ្មចារី​? សន្ទះ​ព្រហ្មចារី​គឺជា​ភ្នាស​នៅ​ជុំវិញ​ទ្វារមាស​របស់​ស្ត្រី ដែលជា​ធម្មតា​មាន​រន្ធ​មួយ​ដែលមាន​ទំហំ​និង​រូបរាង​ខុសគ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ម្នាក់​។ សន្ទះ​ព្រហ្មចារី​មាន​វត្តមាន​នៅក្នុង​រាងកាយ​របស់​មនុស្ស​ស្រី​តាំងពី​កំណើត ប៉ុន្តែ​វា​នឹង​កាន់តែ​ស្ដើង និង​ងាយ​ដាច់​រហែក​ពេល​ស្ត្រី​ចាប់ផ្ដើម​ពេញវ័យ​។ តើ​សន្ទះ​ព្រហ្មចារី​មាន​រូបរាង​ដូចម្ដេច​? សន្ទះ​ព្រហ្មចារី​មាន​ភាពខុសគ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ម្នាក់ និង​ត្រូវបាន​បែងចែក​មាន​៤​ប្រភេទ​គឺ​៖ - សន្ទះ​ព្រហ្មចារី​ធម្មតា​៖ នេះ​គឺជា​ប្រភេទ​សន្ទះ​ព្រហ្មចារី​ទូទៅ​បំផុត​ក្នុងចំណោម​ស្ត្រី ដែល​ក្នុងនោះ​វា​មាន​រូបរាង​ដូច​ព្រះ​ច័ន្ទ​ពាក់កណ្តាល ដែល​គ្របដណ្តប់​ផ្នែក​ខ្លះ​របស់​ទ្វារមាស​។ - សន្ទះ​ព្រហ្មចារី Microperforate៖ សន្ទះ​ព្រហ្មចារី​នេះ​គ្របដណ្តប់​ទ្វារមាស​ទាំងមូល​ដោយ​មានតែ​រន្ធ​តូច​មួយ​ប៉ុណ្ណោះ​។ - សន្ទះ​ព្រហ្មចារី Septate៖ ប្រភេទ​នៃ​សន្ទះ​ព្រហ្មចារី​យ៍​ដែលមាន​រន្ធ​ពីរ​។ - សន្ទះ​ព្រហ្មចារី Imperforate៖ នេះ​គឺជា​ពេល​សន្ទះ​ព្រហ្មចារី​គ្របដណ្តប់​តំបន់​ទ្វារមាស​ទាំងមូល​ដោយ​គ្មាន​រន្ធ​អ្វី​ទាំងអស់ ដែល​ធ្វើ​ឲ្យ​ឈាមរដូវ​មិនអាច​ហូរ​ចេញ​បាន បណ្តាលឱ្យ​ឈឺពោះ​ញឹកញាប់ ហើយ​ជាធម្មតា​តម្រូវឱ្យ​មានកា​រ​ព្យាបាល​ដោយ​វះកាត់​។ ស្ត្រី​អាច​ដឹងថា​សន្ទះ​ព្រហ្មចារី​នាង​ជា​ប្រភេទ​អ្វី​បាន​ឬទេ​? អ្នក​អាច​ដឹងថា​អ្នកមាន​សន្ទះ​ព្រហ្មចារី​ប្រភេទ​ណា​បាន លុះត្រាតែ​មានការ​ត្រួតពិនិត្យ​តាម​វេជ្ជសាស្ត្រ​។ ការពិនិត្យ​នេះ​ក៏​នឹង​អាច​ឲ្យ​អ្នកដឹង​ដែរ​ប្រសិនបើ​អ្នក​មិនមាន​សន្ទះ​ព្រហ្មចារី​។



តើ​សន្ទះ​ព្រហ្មចារី​ដាច់​រហែក​ដោយសារ​អ្វី​? ជាធម្មតា​សន្ទះ​ព្រហ្មចារី​នឹងត្រូវ​ដាច់​ក្នុងអំឡុងពេល​រួមភេទ និង​បណ្តាលឱ្យ​ហូរឈាម​តិចតួច​។ ប៉ុន្តែ​សន្ទះ​ព្រហ្មចារី​ខ្លះ​ងាយ​នឹង​ដាច់​រហែក​តាមរយៈ​កត្តា​ផ្សេងៗ​ដូចជា​វ័យ ឬ​ការធ្វើសកម្មភាព​ខ្លាំងៗ ក៏ដូចជា​ការលេង​កីឡា​មួយចំនួន (​កាយសម្ព័ន្ធ​, ជិះសេះ​, ... )​។ ក្នុងនោះដែរ​ក៏មាន​សន្ទះ​ព្រហ្មចារី​មួយ​ប្រភេទ​ដែលមាន​សភាព​យឺត​យ៉ាងខ្លាំង​ផងដែរ​។ សន្ទះ​ព្រហ្មចារី​យ៍​ប្រភេទ​នេះ​អាច​យឺត​នៅពេល​រួមភេទ​គ្មាន​ការ​រហែក ប្រសិនបើ​រន្ធ​របស់​វា​មាន​ទំហំ​សមរម្យ​។ តែ​ប្រសិនបើ​រន្ធ​តូច មានន័យថា​អ្នកនឹង​មិនអាច​រួមភេទ​ឡើយ លុះត្រាតែ​មានការ​វះកាត់​តិចតួច​ដើម្បី​កាត់​ផ្នែក​ខ្លះ​នៃ​សន្ទះ​ព្រហ្មចារី​នេះ​ចេញ​។ ហូរឈាម​ពេល​រួមភេទ​បង្ហាញថា​ស្ត្រី​មាន​ព្រហ្មចារី​? នេះ​គឺជា​ការយល់ច្រឡំ​ដ៏​ធំ​មួយ​។ ស្ត្រី​ម្នាក់​អាច​ហូរឈាម​ក្នុងពេល​រួមភេទ​លើកដំបូង​របស់​នាង​ដោយសារ​តែមាន​ហេតុផល​ជាច្រើន​៖ ១. ប្រសិនបើ​នាង​មិន​ទទួល​បានការ​ដាស់​អារម្មណ៍ ឬ​មិនមាន​ទឹករំអិល​គ្រប់គ្រាន់​ក្នុងអំឡុងពេល​រួមភេទ ដែល​នាំ​ឲ្យ​មានការ​ដាច់ ឬ​រលាត់​ជាលិកា​យោនី​របស់​ស្ត្រី​។ ២. នៅពេលដែល​ភាគី​បុរស​សម្រុក​ខ្លាំង​ក្នុងពេល​រួមភេទ​ដែល​បណ្តាល​ឱ្យដាច់​រលាត់​ជាលិកា​ដែល​នៅ​ខាងក្នុង​ទ្វា​មាស​របស់​ស្ត្រី​។ ៣. ដោយសារ​ការឆ្លង​មេរោគ​។ ៤. ដោយសារ​ការ​ដាច់​រហែ​ក​សន្ទះ​ព្រហ្មចារី​។
[wai id="5"]