ក្រសួងសុខាភិបាល​រក​ឃើញ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ម្នាក់​

សុខភាព
0
593

​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ម្នាក់ ខណៈ​អ្នកជា​សះស្បើយ​មិនមាន​នោះទេ​។​
​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នេះ គឺជា​ស្ត្រីជន​ជាតិចិន អាយុ ២៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើ ដំណើរ​មកពី​ប្រទេស​អារ៉ាប់ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ ២០២១​។​
​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូបនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។​
​គិត​ត្រឹម​ថ្ងៃទី​១៩​កុម្ភៈ កម្ពុជា​រកឃើញ អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៤៨៤​នាក់​។ ក្នុងនោះ មាន​៤៧០​នាក់ បានជា​សះស្បើយ និង​១៤​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា​។ ដោយឡែក ចំពោះ​ពលរដ្ឋ​ខ្មែរ​ជិត​៤​ពាន់​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ គិត​ចាប់ពី​ថ្ងៃទី​១០ កុម្ភៈ នៃ​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​មក​។

​សូមជម្រាបថា តួលេខ​ពលរដ្ឋ​ខ្មែរ ដែល​បាន​ចាក់​វ៉ា​ក់កូ​វីដ​-១៩ ខាងលើនេះ គឺ​មិនបាន​រាប់បញ្ចូល​នូវ​ចំនួន​កងកម្លាំង​ទ័ព​នានា ដែល​បាន​ចាក់​វ៉ាក់សាំង​នេះឡើយ​។ វ៉ាក់សាំង​កូ​វីដ​-១៩​ប្រភេទ​ស៊ី​ណូ​ហ្វា​ម ចំនួន​៦០​ម៉ឺន​ដូ​ស​របស់​ចិន បាន​ដឹក​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​៧​កុម្ភៈ ឆ្នាំ​២០២១ ដោយមាន​៣០​ម៉ឺន​ដូ​ស ប្រគល់ឱ្យ​ក្រសួងសុខាភិបាល និង​៣០​ម៉ឺន​ដូ​ស​ទៀត ប្រគល់ឱ្យ​ក្រសួងការពារជាតិ​៕