គម្រោង​ព្រលានយន្តហោះ​អន្ដរជាតិ​សៀមរាប​អង្គរ​ថ្មី​កំពុង​ជួប​បញ្ហា​

សេដ្ឋកិច្ច
0
539


​ព្រលានយន្តហោះ​អន្ដរជាតិ​សៀមរាប​អង្គរ​ថ្មី កំពុង​ជួប​បញ្ហា​ខ្វះខាត​អគ្គិសនី និង​ទឹកស្អាត​ប្រើប្រាស់ អំឡុងពេល​កំពុងដំណើរកា​រ​សាងសង់​។ នេះ​ជាការ​លើកឡើង​របស់​ក្រុមហ៊ុន ដែល​វិនិយោគ​សាងសង់ ប្រាប់​រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៉ី​វិល​។​

​លោក ស៉ី​ន ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល បាន​ថ្លែងថា នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន អាកាសចរណ៍​ស៊ីវិល បានទទួល​ជួប​ជាមួយ​លោក លូ វេ​ង ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ ដើម្បី​សុំ​កិច្ច​ជួយ​អន្តរាគមន៍​។​
​លោក​បាន​បញ្ជាក់ថា ដំណើរការ​សាងសង់​ព្រលានយន្តហោះ​សៀមរាប​អង្គរ​ថ្មី​នេះ គឺ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៣​តែម្ដង ប៉ុន្ដែ​ក្រុមហ៊ុន​សាងសង់​ព្រលានយន្តហោះ​នេះ បាននិងកំពុង​ជួប​ឧបសគ្គ ដូចជា​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់ មិនមាន​បណ្ដាញ​ត​ភ្ជាប់​ទឹកស្អាត សម្រាប់​ប្រើប្រាស់​លើ​ការសាងសង់ និង​មិនមាន​បណ្ដាញ​សម្រាប់​ត​ភ្ជាប់​អគ្គិសនី​ប្រើប្រាស់ និង​ការសាងសង់​ព្រលានយន្តហោះ​ជាដើម​។

​លោក​លើកឡើង​ទៀតថា ប្រភព​ផ្គត់ផ្គង់​ទឹកស្អាត និង​អគ្គិសនី នៅ​ព្រលានយន្តហោះ គឺមាន​២​ប្រភព ដោយ​ទី​១៖ អាច​យក​ពី​ទី​រួម​ខេត្តសៀមរាប និង​ទី​២ អាច​យក​ពី​ខេត្តបន្ទាយមានជ័យ ដែលមាន​ចម្ងាយ​១៨០​គីឡូម៉ែត្រ​។​
​លោក​ថា “​ចំពោះ​បញ្ហា​ប្រឈម​នេះ លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ ក៏បាន​ទទួលយក​សំណើរ ហើយ​បាន​សន្យាថា​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ ដើម្បី​កុំ​ឲ្យ​ខកខាន​ដល់​ដំណើរការ សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ហើយ​លោក​ក៏​ដាក់សំណើ​ទៅ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​អគ្គិសនី ក្នុង​ការជួយ​ព​ន្លឿ​ន​ការសាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ឲ្យ​ទាន់ពេលវេលា​។​

​គួរ​បញ្ជាក់ដែរថា ព្រលានយន្តហោះ​ថ្មី​ដែល​គ្រោង​ចំណាយ​ប្រាក់ ៨៨០ លាន​ដុល្លារ​នេះ​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៧៥០ ហិកតា​នៅ​ស្រុក​សូទ្រនិគម ជាយក្រុង​សៀមរាប​។ គម្រោង​នេះ​នឹង​ត្រូវបាន​សាងសង់ ៣ ដំណាក់កាល​។
​ក្រុមហ៊ុន​នឹង​វិនិយោគ​ជាង ៥០០ លាន​ដុល្លារ សម្រាប់​ដំណាក់កាល​ទី ១ និង ២ ដែល​នឹង​អាច​ឲ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​ទំហំ​មធ្យម និង​ចម្ងាយ​ឆ្ងាយ​ដូចជា​យន្តហោះ Boeing 737 និង​យន្តហោះ Airbus A320 ចុះចត​បាន​។ ទឹកប្រាក់ ៣០០ លាន​ដុល្លារ​ផ្សេងទៀត​នឹងត្រូវ​បម្រុង​ទុក​សម្រាប់​ដំណាក់កាល​ទី ៣​។​