[wai id="9"]

កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងនៅថា វីរុសបម្លែងថ្មីមានប្រភពនៅឥណ្ឌា ឥឡូវត្រូវ បានរកឃើញថា ឆ្លងរាលដាលដល់ ១៧ប្រទេសហើយ។នេះបើយោងតាមការចុះផ្សាយ Channelnewsasia កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។
ពាណិជ្ជកម្ម
មេរោគកូរ៉ូណាវីរុសថ្មី ទម្រង់បំប្លែងខ្លួន B.1.617 ឬដែលគេហៅជាទូទៅថា កូវីដ១៩ទម្រង់បំប្លែងខ្លួនមានប្រភពមកពីឥណ្ឌា ត្រូវបានអ្នកជំនាញរកឃើញ មាននៅក្នុងគម្រូហ្សេណូមចំនួន ១២០០បំណែក នៅតាមប្រទេសចំនួនយ៉ាងហោច១៧ប្រទេស។ នៅក្នុងការប្រកាស របស់អង្គការសុខភាពពិភពលោក នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ គឺភាគច្រើននៃ កូវីដ១៩ទម្រង់ បំប្លែងខ្លួនថ្មីនេះ មានវត្តមាននៅឥណ្ឌា ជាទីដែលវាបានលេចរូបរាងឡើងមុនដំបូងបង្អស់។ មួយចំនួនធំទៀត គឺមាននៅសិង្ហបុរី សហរដ្ឋអាមេរិក និង អង់គ្លេស។ ដោយឡែកប្រទេសផ្សេងទៀតនៅអឺរ៉ុប ដូចជាបែលហ្ស៊ិក ស្វ៊ីស ក្រិក និងអ៊ីតាលី ក៏គេបាន រកឃើញ វត្តមានរបស់កូវីដ១៩ទម្រង់បំប្លែងខ្លួន មកពីឥណ្ឌានេះដែរ។
អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានបញ្ជាក់ថាវីរុសបំប្លែងខ្លួនថ្មី «B.1.617» ត្រូវបានរកឃើញកាលពី ចុងឆ្នាំ២០២០។ «B.1.617» ជាវីរុសបំប្លែងខ្លួនទ្វេដង ហើយត្រូវបានគេរាយការណ៍ដំបូងកាលពីថ្ងៃទី២៤ ខែមីនា នៅពេលវាត្រូវបានគេរកឃើញពីសំណាកមនុស្សច្រើនជាង២០០នាក់ នៅក្នុងរដ្ឋ Maharashtra។ ក្រុមអ្នកជំនាញផ្នែកសិក្សាពីការឆ្លងរាលដាលនៃវីរុសបានឱ្យដឹងថា «វីរុសបំប្លែងខ្លួនទ្វេដង» ចង់សំដៅទៅលើវីរុសបំប្លែងថ្មីមួយ ដែលមានលំនាំនៃវីរុសបំប្លែងខ្លួនថ្មីចំនួន២ត្រូវបានកំណត់អត្តសញ្ញាណរួចហើយ។ ដូចជាក្នុងករណី «B.1.617» មានលំនាំវីរុស បំប្លែងខ្លួនថ្មីចំនួន២ដូចជា E484Q និង L452R។
គួរបញ្ជាក់ដែរថា នៅប្រទេសឥណ្ឌា ស្ថានភាពពេលនេះ គួរឲ្យព្រួយបារម្ភបំផុត ដោយចំនួនអ្នកឆ្លងថ្មី និងអ្នកស្លាប់ បានកើន ឡើងជាលំដាប់។ ២៤ម៉ោងចុងក្រោយ មានអ្នកឆ្លងកូវីដ១៩ ចំនួនប្រមាណ៣សែន៥ម៉ឺននាក់ នៅឥណ្ឌា។ ចំណែកមនុស្ស ស្លាប់វិញ គឺមានជាង៣ពាន់នាក់ ដែលនេះគឺជាកម្រិតខ្ពស់បំផុត។ មនុស្សស្លាប់ច្រើនពេកជារៀងរាល់ថ្ងៃ ដែលសូម្បីតែទីឈាបនដ្ឋាន ដុតសព ក៏ត្រូវខូចខាត បែកប្រេះ ដោយសារតែទប់នឹងកំដៅដុតឥតឈប់ ប៉ុន្មានថ្ងៃមកនេះ។ គ្រួសារសពខ្លះ ត្រូវគេតម្រូវឲ្យយកអុស មកដោយខ្លួនឯង ដើម្បីបូជាសព ដោយសារពុំមានអុសគ្រប់គ្រាន់៕