រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ជនពិការ​ខ្លះ​ក៏មាន​សមត្ថភាព​ខ្ពស់

ព្រឹត្តិការណ៍ថ្មីៗ
0
143

(​ភ្នំពេញ​)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​កោតសរសើរ​ចំពោះ​ជនពិការ​មួយចំនួន ដែលមាន​សមត្ថភាព​ខ្ពស់ ដែល​សូម្បីតែ​មនុស្ស​មាន​កាយសម្បទា​ពេញលេញ ក៏​ពុំមាន​សមត្ថភាព​ស្មើ​ពួកគាត់​ផងដែរ​។​
​ថ្លែង​នៅក្នុង​កម្មវិធី​ប្រឡង​សំនៀង​ជនពិការ​កម្ពុជា ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​២ នា​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២ ម្សិលមិញ លោក​រដ្ឋមន្ត្រី​បានលើកឡើង​ដូច្នេះ​ថា​៖ «​ជនពិការ​ខ្លះ​ក៏មាន​សមត្ថភាព​ខ្ពស់ ដែល​សូម្បីតែ​យើង ដែលមាន​កាយសម្បទា​ពេញលេញ ក៏​ពុំមាន​សមត្ថភាព​ស្មើ​ដែរ​»​។​
​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បន្ថែមថា ជនពិការ និង​ជន​មាន​ពិការភាព មិនមែនជា​បន្ទុក​រប​ស់​សង្គមជាតិ​នោះទេ ពីព្រោះ​ពួកគាត់​ក៏មាន​លទ្ធភាព ក្នុង​ការរស់នៅ​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង និង​មាន​សមត្ថភាព​ក្នុងការ​បំពេញការងារ​ដូច​មនុស្ស​ធម្មតា​ដែរ អ្វីដែល​យើងទាំងអស់គ្នា​ត្រូវធ្វើ គឺ​ជួយ​គាំទ្រ និង​ការពារ​ពួកគាត់​ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​នូវ​សិទ្ធិ សេរីភាព​ស្របច្បាប់​។​
​ឆ្លៀត​ក្នុងឱកាស​នោះ លោក ខៀវ កាញារីទ្ធ បាន​ថ្លែងអំណរគុណ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​អនុញ្ញាតឱ្យ​ក្រសួង​ព័ត៌មាន​រៀបចំ​កម្ម​វី​ធី​ប្រឡង​សំនៀង​ជនពិការ​នេះ​ឡើង និង​អរគុណ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​សហការ​រៀបចំ ជាពិសេស​អរគុណ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បាន​អនុញ្ញាតឱ្យ​អង្គពិធី​នេះ បានរៀបចំ​ប្រព្រឹត្តទៅ​នៅ​សាលសន្និសីទ​ចតុមុខ​៕