អតិផរណា​នៅ​ប្រទេស​អាល្លឺម៉ង់​កាន់​សភាព​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានអន្តរជាតិ
0
282
អាល្លឺម៉ង់ ៖ ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​ទៅនឹង​ប្រទេស​រុស្ស៊ី ជាពិសេស​ផលិតផល​ហ្គាស និង​ប្រេង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ជួប​បញ្ហា​អតិផរណា​ស្ទើរ​គ្រប់​ទីកន្លែង ដោយ​ក្នុង​នោះគេ​ជឿជាក់ថា ប្រទេស​អាល្លឺម៉ង់​កំពុង​ក្លាយទៅជា​ជនរងគ្រោះ​ធ្ងន់​ជាងគេ​មួយ​ក្នុងចំណោម​ប្រទេស​ផ្សេងទៀត​។ របាយការណ៍​ដែល​បានបង្ហាញ​ដោយសារ​ព័ត៌មាន​បរទេស​កាលពី​សប្ដាហ៍​កន្លងទៅ​នេះ​បាន​ឲ្យ​ដឹងថា វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី នឹង​បន្តធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​កាន់តែខ្លាំង​ឡើង​ចំពោះ​សេដ្ឋកិច្ច​របស់​ប្លុក​អឺរ៉ុប​ទាំងមូល ហើយ​ក្នុងនោះ គេ​បាន​ព្យាករណ៍​ថា​បញ្ហា​អតិផរណា​នៅក្នុង​ប្រ​ទស​អាល្លឺម៉ង់​នឹង​អាច​កើនឡើង​លើស​ការព្យាករណ៍​លើក​មុន​ដល់​ទៅ​ទ្វេដង​នៅត្រឹម​បំណាច់​ឆ្នាំ​២០២២​នេះ​។​

​តួលេខ​ព្យាករណ៍​បាន​បង្ហាញថា រដ្ឋាភិបាល​ទីក្រុង​ប៊ែ​រ​ឡាំង​នឹងត្រូវ​ប្រឈមមុខ​ទៅនឹង​ការកើនឡើង​នៃ​តម្លៃ​ទំនិញប្រើប្រាស់​ពី ៣,៣% ដែល​ធ្លាប់បាន​ព្យាករណ៍​កាលពី​ខែមករា​ទៅដល់ ៦,១% ប៉ុន្តែ​អាច​ត្រឡប់​មករក​ស្ថានភាព​ល្អប្រសើរ​វិញ​ត្រឹមតែ ២,៨​ភាគរយ​នៅក្នុង​ឆ្នាំ​២០២៣ ។ គិត​ត្រឹម​ខែមីនា​កន្លងមកនេះ អត្រា​អតិផរណា​ជាប្រចាំ​ឆ្នាំ​របស់​ប្រទេស​អាល្លឺម៉ង់​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​មួយ​មិន​ធ្លាប់មាន​ឡើយ​ក្នុង​រយៈពេល​៤​ទសវត្សរ៍​ចុងក្រោយ​ដែល​អ្នកជំនាញ​អះអាងថា​ដោយសារ​ការកើនឡើង​នៃ​តម្លៃ​ប្រេង និង​ហ្គាស​ក្នុង​គ្រា​ដែល​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​ពិសេស​លើ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ទណ្ឌកម្មសេដ្ឋកិច្ច​ជា​បន្តបន្ទាប់​ដោយ​លោកខាងលិច​ទៅលើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​


​បញ្ហា​មួយទៀត​នៅក្នុង​ប្រទេស​នៅពេលនេះ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បញ្ចេញ​កញ្ចប់​ជំនួយ​ប្រមាណ​ជា​១៦​ពាន់​លា​អឺរ៉ូ ឬ​ត្រូវជា​១៧,២​ពាន់​លាន​ដុល្លារ​រួចមកហើយ​ដើម្បី​ជួយ​ចំណាយ​ដល់​ការប្រើប្រាស់​ថាមពល​អគ្គិសនី និង​ហ្គាស​របស់​ប្រជាពលរដ្ឋ​ដោយសារតែ​តម្លៃ​ថាមពល​កំពុង​ហក់​ឡើង​យ៉ាងខ្លាំង​។ ការស្រាវជ្រាវ​រកឃើញ​ដែរ​ថា ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​១០​នាក់​បានសម្រេច​ចិត្ត​ផ្អាក​ការ​សន្សំ​លុយ​របស់ខ្លួន​ដើម្បី​ទូទាត់​លុយ​វិក័យប័ត្រ និង​កម្ចី ហើយ​មួយចំនួនទៀត​បង្ខំចិត្ត​ផ្អាក​ការធ្វើ​កម្ចី​តែម្ដង ខណៈដែល​អាជីវកម្ម​ប្រមាណ​ជា​៤០​ភាគរយ​នៅ​ទូទាំងប្រទេស​បាន​អះអាងថា​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​បញ្ហា​តម្លៃ​ថាមពល និង​៩០​ភាគរយ​គឺ​បាន​ត្រៀមខ្លួន​រួចទៅហើយ​ក្នុងការ​បង្កើន​តម្លៃ​ផលិតផល និង​សេវាកម្ម​៕