រដ្ឋមន្ដ្រី​ម្នាក់​របស់​ប្រទេស​ដូ​មី​នី​កែន ត្រូវ​មិត្តភក្ដិ​បាញ់សម្លាប់​ក្នុង​ការិយាល័យ​

ព័ត៌មានអន្តរជាតិ
0
117
រដ្ឋធានី​សាន់​តូ​ដូ​មីន​ហ្គោ (Santo Domingo)៖ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន នៃ​សាធារណរដ្ឋ​ដូ​មី​នី​កែន ត្រូវបាន​មិត្តភក្ដិ​ដ៏​ជិតស្និទ្ធ តាំងពី​កុមារភាព ចូលទៅ​បាញ់សម្លាប់ ដល់​ក្នុង​ការិយាល័យ បណ្ដាល​ឲ្យ​ផ្អើល​ដល់​បុគ្គលិក​ពេញ​ក្រសួង​។​


​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៦ ខែមិថុនា ឆ្នាំ​២០២២ ថា រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន និង ធនធានធម្មជាតិ នៃ​ប្រទេស​ដូ​មី​នី​កែន លោក អ័​រ​ឡែ​ន​ដូ ច​ច មេ​រ៉ា (Orlando Jorge Mera) ត្រូវបាន​មិ​ត្ដ​ភក្ដិ​ដ៏​ជិតស្និទ្ធ ចូលទៅ​បាញ់សម្លាប់ នៅក្នុង​ការិយាល័យ​រប​ស់​គាត់​។

​ជាមួយគ្នានេះ ការិយាល័យ​របស់​ប្រធានាធិបតី​ដូ​មី​នី​កែន លោក លូ​ស អា​ប៊ី​ណា​ដឺរ (Luis Abinader) បាន​រាយការណ៍ កាលពី​ថ្ងៃ​ចន្ទ ថា លោក Orlando Jorge Mera រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន និង ធនធានធម្មជាតិ ត្រូវបាន​ជនដៃដល់​បាញ់សម្លាប់ នៅក្នុង​ការិយាល័យ​រប​ស់​គាត់​។ ជនសង្ស័យ ពាក់ព័ន្ធ​នឹង​អំពើ​ឃាត​កម្មនេះ ឈ្មោះ មី​ហ្គែ​ល ក្រូ​ស (Miguel Cruz) ហើយ​ជននេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​មិត្តភក្ដិ​របស់លោក​រដ្ឋមន្ដ្រី តាំងពី​កុមារភាព​មកម្ល៉េះ​។​


​មន្ដ្រី​ក្រសួងបរិស្ថាន និង ធនធានធម្មជាតិ​ដូ​មី​នី​កែន បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន ថា ពួកគេ​បានឮ​ស្នូរ​កាំភ្លើង យ៉ាងហោចណាស់ ចំនួន​៧​គ្រាប់ ចេញពី​ការិយាល័យ​របស់លោករ​ដ្ឋ​មន្ដ្រី​។ ចំណែក​ប៉ូលិស ក៏បាន​ហាមឃាត់​ការចូល​ទៅកាន់​អគារ​របស់​ក្រសួងទេសចរណ៍ ផងដែរ​។

​ដោយឡែក ជនសង្ស័យ ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា ប៉ូលិស​បាន​ចាប់ខ្លួន នៅ​ជិត​ព្រះវិហារ​គ្រឹ​ស្ដ ក្បែរ​ទីនោះ​ដែរ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​ដឹង អំពី​មូលហេតុ ឈានដល់​ការសម្លាប់​លោក​រដ្ឋមន្ដ្រី នៃ​ប្រទេស​ស្ថិតនៅលើ​ដែន​កោះ នៃ​សមុទ្រ​កា​រ៉ា​ប៊ី​ន (Caribbean) នេះ​នៅឡើយ​។​

​លោក អ័​រ​ឡែ​ន​ដូ ច​ច មេ​រ៉ា (Orlando Jorge Mera) ជា​សមាជិកគ្រួសារ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត នៅលើ​កោះ​មួយ​នេះ​។ គាត់​ជា​សមាជិក​ស្ថាបនិក នៃ​គណបក្ស​បដិវត្តន៍​ទំនើប ហើយក៏​ជា​មេធាវី​ម្នាក់ និង​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០២០​។​

​ឪពុក​របស់គាត់ ឈ្មោះ សាល់​វ៉ា​ឌ័​រ ច​ច ប្លែន​កូ (Salvador Jorge Blanco) ជា​អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​ដូ​មី​នី​កែន បាន​ឡើង កាន់តំណែង​កំពូល នៅលើ​ដែន​កោះ នៃ​សមុទ្រ​កា​រ៉ា​ប៊ី​ន ចន្លោះ​ពី​ឆ្នាំ​១៩៨២-១៩៨៦ ខណៈ​ប្រពន្ធ​របស់គាត់ ឈ្មោះ ឌី​លៀ ឡេ​ទី​ស្យា (Dilia Leticia) កាន់តំណែង ជា​អនុរដ្ឋមន្ដ្រី នៅក្នុង​រដ្ឋការ​របស់​លោក អា​ប៊ី​ណា​ដឺរ (Abinader)​។ រីឯ​កូនប្រុស​របស់ Jorge ក៏​ជា​សមាជិក នៃ​គណបក្ស​បដិវត្តន៍​ទំនើប​ផងដែរ​។ ចំណែក​ភរិយា​របស់​រដ្ឋមន្ត្រី ដែល​ត្រូវ​មិត្តភក្ដិ​បាញ់សម្លាប់ ឈ្មោះ ប៉ា​ទ្រី​ស្យា សែ​ល​ម៉ា វី​ល​ឡេ​ហ្គាស ហ្គា​ស្យា (Patricia Selma Villegas Garcia) បាន​កាន់តំណែង ជា​ឯកអគ្គរដ្ឋទូត​របស់​សាធារណរដ្ឋ​ដូ​មី​នី​កែន ប្រចាំ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​៕​