ផែនការអាជីវកម្ម​ស្តង់ដារ​ត្រូវមាន​អ្វីខ្លះ​?

អាជីវកម្ម
0
188
​ផែនការអាជីវកម្ម​ប្រៀបធៀប​ដូចជា​ត្រីវិស័យ​សម្រាប់​បង្ហាញ​ផ្លួ​វ​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម និង​ដំណើរការ​អាជីវកម្ម​មួយ​ឲ្យ​ទទួលបាន​ជោគជ័យ​។ ផែនការអាជីវកម្ម​ល្អ​ប្រៀបដូចជា​កូនសោរ​សម្ងាត់​ក្នុងការ​ធ្វើ​ឲ្យ​អាជីវកម្ម​ដំណើរការ​រលូន និង​អាចជួយ​អ្នក ឲ្យ​ស្វែងរក​អ្នក​វិនិយោគិន​មក​ដាក់ទុន​។


​ ​ផែនការអាជីវកម្ម​មា​ន ២ ប្រភេទ​ធំៗ គឺ​៖
•​ ​ផែនការអាជីវកម្ម​បែប​បុរាណ ៖ មាន​លក្ខណៈ​លម្អិត​រៀបរាប់​អំពី​អាជីវកម្ម​មាន​ច្រើន​ទំព័រ
•​ ​ផែនការអាជីវកម្ម​បែប​ទំនើប ៖ មាន​លក្ខណៈ​សង្ខេប​អំពី​ផែនការអាជីវកម្ម​ដោយ​ដាក់ចូល​តែ​ចំណុច​សំខាន់ៗ របស់​អាជីវកម្ម​តែប៉ុណ្ណោះ​។

​នៅក្នុង​ថ្ងៃនេះ សូម​លើកយក​ផែនការអាជីវកម្ម​បែប​បុរាណ​មក​រៀបរាប់​ដោយសារតែ​វា​មាន​ភាព​លម្អិត​ជាង​។ ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់ៗ ដែល​ត្រូវមាន​ក្នុងការ​សរសេរ​ផែនការអាជីវកម្ម​៖
1.​ ​សេចក្តី​សង្ខេប​របស់​ក្រុមហ៊ុន (Executive Summary)
​ក្នុង​ចំណុច​នេះ គឺជា​ការសរសេរ​រៀបរាប់​ខ្លីៗ​អំពី​អាជីវកម្ម​ដូចជា ចក្ខុវិស័យ បេសកកម្ម សកម្មភាព អាជីវកម្ម​ដែល​ចង់​សម្តៅ​ទៅលើ​អាជីវកម្ម​ជា​ការលក់​ផលិតផល ឬ​ផ្គត់ផ្គង់​សេវាកម្ម​ផ្នែក​អ្វី​ជាដើម​។ ក្នុងនេះ គេ​ក៏​អាច​សរសេរ​អំពី​ប្រវត្តិ និង​តួនាទី​ម្ចាស់​អាជីវកម្ម (​សម្រាប់​ក្រុមហ៊ុន​ធំ​) សេចក្តី​សង្ខេប​នេះ​មិនគួរ​សរសេរ​លើសពី ០២​ទំព័រ​នោះទេ​។

2.​ ​ផលិតផល ឬ​សេវាកម្ម
​អ្នក​អាច​សរសេរ​អំពី​ផលិតផល ឬ​សេវាកម្ម​ដែល​អាជីវកម្ម​អ្នកផ្តល់​ឲ្យ​ដោយមាន​បញ្ជាក់​អំពី​តម្លៃ ប្រ​យោ​ជ​ន៏​ដែល​អតិថិជន​នឹង​ទទួលបាន​។ នៅក្នុង​ចំណុច​នេះ អ្នក​ក៏​អាច​រៀបរាប់​អំពី​ដំណើរការ ក្នុង​ការផលិត ឬ​ការផ្គត់ផ្គង់​ដើម្បី​ឲ្យ​បាន​ទៅ​ដល់ដៃ​អ្នកប្រើប្រាស់​។​

3.​ ​វិភាគ​ទីផ្សារ
​អាជីវកម្ម​មួយ​អាច​ជោគជ័យ​លុះត្រាតែ​មានការ​វិភាគ​ទៅលើ​ផ្នែក​ទីផ្សារ​ឲ្យ​បាន​ត្រឹមត្រូវ​។ ក្នុង​ផ្នែក​នេះ គួរតែមាន​រៀបរាប់​អំពី​ចំណុចខ្លាំង និង​ខ្សោយ​របស់​អាជីវកម្ម​អ្នក ស្ថានភាព​ទីផ្សារ​លើ​វិស័យ នេះ អតិថិជន​គោលដៅ និង​វិធី​ដើម្បី​ជ្រៀតចូល​ទីផ្សារ​បាន​។

4.​ ​យុទ្ធសាស្ត្រ​ទីផ្សារ​
​យុទ្ធសាស្ត្រ​ទីផ្សារ​សម្តៅទៅ​លើ​ថា​តើ​អាជីវកម្ម​មាន​តិច​និក​អ្វីខ្លះ​ដើម្បី​ទាក់ទាញ និង​រក្សា​អតិថិជន និង​ក្បួន​ដែល​ធ្វើ​ឲ្យ​កើន​អតិថិជន​កាន់តែច្រើន​។ វិធីសាស្ត្រ​ទីផ្សារ​ដែល​អាច​នឹង​ប្រើប្រាស់​មានដូចជា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​ការធ្វើ​ប្រ​ម៉ូ​សិន​ផ្សេងៗ គួរតែមាន​សរសេរ​ប​ញ្ជូ​ល​នៅក្នុង​ទីនេះ​។

5.​ ​ហិរញ្ញវត្ថុ
​កំណត់​គោលដៅ​ហិរញ្ញវត្ថុ​ដែល​អាជីវកម្ម​គួរ​ឈានទៅដល់​នៅក្នុងពេល​កំណត់​មួយ​ពឹង​ផ្អែកទៅលើ ស្ថានភាព​ជាក់ស្តែង​ដោយ​មិន​រំពឹង​ខ្ពស់​ខ្លាំងពេក​។ ក្នុងនោះដែរ សរសេរ​ចំណុច​បន្ថែម​ទាក់ទង​នឹង​ការរៀបចំ​បែងចែក​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​សំខាន់ៗ របស់​អាជីវកម្ម និង​ចំណាយ​ដែល​មិនបាន​គ្រោងទុក​មួយចំនួន​។​
​ ​ទាំងនេះ​គ្រាន់តែ​ជា​ចំណុច​សំខាន់ៗ​ទូទៅ​ដែល​ផែនការអាជីវកម្ម​ស្តង់ដារ​ភាគច្រើន​យកមកប្រើ​ប្រាស់ លោកអ្នក​អាច​ប្រើប្រាស់​ការសរសេរ​បែប​ផ្សេង​បាន​ឲ្យ​តែ​អ្នកមាន​ភាពងាយស្រួល​ស​ម្រា​ប់​ខ្លួនឯង​៕

​ប្រភព​៖ Investopedia