រយៈពេល​៨​ថ្ងៃសោះ ឥណ្ឌា​នាំចេញ​កើនឡើងជាង​ ៩​ពាន់​លាន​ដុល្លារ​

សេដ្ឋកិច្ច
0
81
​រដ្ឋធានី​ញូ​វ​ដេលី​៖ មន្ដ្រី​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌា បាន​អះអាងថា ចន្លោះ​ពីថ្ងៃ​ទី​១-៧ ខែមិថុនា ឆ្នាំ​២០២២ ការនាំចេញ​របស់​ប្រទេស​ខាងត្បូង​មួយ​នេះ បាន​កើនឡើង ដល់ ២៤,១៨​ភាគរយ ឬ​ស្មើនឹង ៩,៣៩​ពាន់​លាន​ដុល្លារ ដោយសារ​មានដំណើរ​ការល្អ នៅក្នុង​វិស័យ​ជាច្រើន មានដូចជា វិស្វកម្ម ត្បូង និង​គ្រឿងអលង្ការ ហើយ​ផលិតផល​ប្រេង​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២១ មាន​ត្រឹមតែ​៧,៥៦​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​សារព័ត៌មាន Business Today បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៨ ខែមិថុនា ។


​ដោយឡែក ការនាំ​ចូល​វិញ នៅក្នុង​រយៈពេល​១​សប្ដាហ៍​ដំបូង នៃ​ខែមិថុនា នេះ កើនឡើង ដល់​៧៧​ភាគរយ ឬ​ស្មើនឹង​១៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​
​ឥណ្ឌា បាន​នាំចេញ​ត្បូង និង​គ្រឿងអលង្ការ កើនឡើង​៨៤,៣​ភាគរយ ខណៈ​ផលិតផល​វិស្វកម្ម កើន​២៥,៧​ភាគរយ ហើយ​ផលិតផល​ប្រេង កើន​២០,៤​ភាគរយ និង ការនាំចេញ​ទំនិញ​អេឡិចត្រូនិក បាន​កើនឡើង ៧៣,៥ ភាគរយ​។ ក្រៅពីនេះ ឥណ្ឌា​ក៏បាន​នាំចូល​ទំនិញ​សំខាន់ៗ​ជាច្រើន​ទៀត រួមមាន ប្រេង ប្រេង​ឆៅ ធ្យូងថ្ម កូកាកូឡា មាស និង សារធាតុ​គីមី​។​


​ការនាំចេញ​ទំនិញ​របស់​ឥណ្ឌា បាន​កើនឡើង ១៥,៤៦​ភាគរយ ឬ​ស្មើនឹង ៣៧,២៩​ពាន់​លាន​ដុល្លារ នៅក្នុង​ខែឧសភា ដោយសារ​ដំណើរ​ការល្អ នៅក្នុង​វិស័យ​ផ្សេងៗ រួមទាំង ផលិតផល​ប្រេង ទំនិញ​អេឡិចត្រូនិក និង សារធាតុ​គីមី​។ ដោយឡែក​ការនាំ​ចូល​វិញ នៅក្នុង​រយៈពេល​ដូចគ្នានេះ កើនឡើង​៥៦,១៤​ភាគរយ ឬ​ស្មើនឹង ៦០, ៦២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​