ថៃ​ក្លាយជា​ប្រទេស​ទីមួយ​នៅក្នុង​អាស៊ី​ដែល​អនុញ្ញាត​ឲ្យ​ដាំ និង​ប្រើប្រាស់​កញ្ឆា​

ព័ត៌មានអន្តរជាតិ
0
201
រាជធានី​បាងកក​៖ ប្រទេស​ថៃ​បាន​ដក​កញ្ឆា​ពី​ក្នុង​បញ្ជី​ឈ្មោះ​គ្រឿងញៀន​ខុសច្បាប់​កាលពី​ថ្ងៃទី ១០ ខែមិថុនា​កន្លងទៅនេះ​។ អាជ្ញាធរ​ថៃ​បាន​វាយតម្លៃថា​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​នៅក្នុង​ចំណីអាហារ​ដោយ​ស្របច្បាប់​នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ប្រទេស​ដែល​បាន​ធ្លាក់ចុះ​ក្នុងអំឡុងពេល កូ​វីដ​។ ​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៨ ប្រទេស​ថៃ​បានអនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ចំពោះ​ការស្រាវជ្រាវ និង​ប្រើប្រាស់​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​។

​ចំពោះ​ការដាំ​កញ្ឆា​នៅតាម​ផ្ទះ​គឺ​ត្រូវបាន​កំណត់​មិន​ឲ្យ​លើសពី ៦​ដើម​ក្នុង​មួយ​ផ្ទះ និង​ត្រូវសុំ​សិទ្ធ​ក្នុង​ការដាំ​ពី​អាជ្ញាធរ​ផងដែរ​។ ចំណែកឯ​ចំការ​ដាំ​ដើម​កញ្ឆា​ក៏ត្រូវ​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​ក្នុង​ការដាំដុះ​ដើម​ប្រទេស​នេះ​។ ភោជនីយដ្ឋាន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​នៅក្នុង​ចំណីអាហារ និង​ភេ​ស​ជ្ជះ​។

​គេ​វាយតម្លៃថា ការដក​កញ្ឆា​ពី​សារធាតុ​ញៀន​ខុសច្បាប់​គឺជា​រឿង​ល្អ​មួយ​ដែល​ជួយ​រកប្រាក់​ចំណូល ១៥ ពាន់​លាន​បាត​ពី​ពេលនេះ​ដល់​ឆ្នាំ ២០២៦​។ ដើម្បី​ជំរុញ​កសិករ​ថៃ​ក្នុង​ការដាំ​ដើម​កញ្ឆា រដ្ឋាភិបាល​ថៃ​បានផ្តល់​កូនដើម​កញ្ឆា ១​លាន​ដើម​ដោយ​ឥតគិតថ្លៃ ជា​លទ្ធផល​មាន​មនុស្ស​ជាង​មួយ​សែន​នាក់​ហើយ​ចុះឈ្មោះ​នៅក្នុង​កម្មវិធី​ដើម្បី​សុំ​ដាំ​ដើម​កញ្ឆា​។​


​ដើម្បី​គ្រប់គ្រង​ការប្រើប្រាស់​កញ្ឆា​មិន​ឲ្យ​លើស​កម្រិត អាជ្ញាធរ​ថៃ​នៅតែ​បន្ត​ដាក់​កម្រិត​ចម្រាញ់​យកជាតិ​ញៀន​ពី​កញ្ឆា​មិន​ឲ្យ​លើសពី ០,២% ជា​រឿង​ខុសច្បាប់ បន្ថែមទៀត​ការជក់​កញ្ឆា​នៅតាម​ផ្ទះ ឬ​តាម​ទីសាធារណៈ​នៅតែ​ចាត់ទុកជា​សកម្ម​ភាពខុស​ច្បាប់​នឹង​អាច​ពិន័យ​ជា​ប្រាក់ ៧៨០ ដុល្លារ និង​អាចជា​ប់ព​ន្ធា​គារ ៣​ខែ​។ ជាមួយគ្នានេះដែរ អ្នកទោស​ជាប់ទាក់ទង​នឹង​ការជួញដូរ និង​ប្រើប្រាស់​កញ្ឆា​ជាង ៤០០០ នាក់​នឹង​ត្រូវបាន​ដោះលែង​នាពេល​ខាងមុខនេះ​៕

​ប្រភព ៖ CNN