
រដ្ឋធានីគៀវ៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោក (បច្ឆិមលោក) កំពុងតែបង្កើននូវការផ្គត់ផ្គង់គ្រឿងចម្បាំង ជួយដល់ក្រុងគៀវ នោះ អ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ី បានអួតអាងពីកម្លាំងទាហានរបស់ខ្លួន ប្រើប្រាស់មីស៊ីល បាញ់ចម្ងាយឆ្ងាយ វាយប្រហារកម្ទេចឃ្លាំងស្ដុកគ្រឿងយុទ្ធោបករណ៍ ដែលផ្គត់ផ្គង់ដោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ នៅជិតព្រំដែនប៉ូឡូញ។
សារព័ត័មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ថា ទាហានរុស្ស៊ី បានអះអាងថា កាលពីថ្ងៃពុធ ពួកគេបានប្រើប្រាស់មីស៊ីល បាញ់ចម្ងាយឆ្ងាយ កម្ទេចឃ្លាំងស្ដុកគ្រឿងសព្វាវុធ នៅតំបន់ខាងលិច ទីក្រុងល្វីវ (Lviv) ប្រទេសអ៊ុយក្រែន។ គោលដៅវាយប្រហារនោះ គឺជាឃ្លាំងស្ដុកគ្រឿងសព្វាវុធ ផ្គត់ផ្គង់ដោយអង្គការណាតូ។
លោក អ៊ីហ្គ័រ កូណាសែនកូវ (Igor Konashenkov) អ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា កម្លាំងទាហានរុស្ស៊ី បានប្រើប្រាសមីស៊ីលកាលីប (Kalibr) វាយប្រហារ កម្ទេចឃ្លាំងស្ដុកអាវុធ នៅជិតទីក្រុងហ្សូឡូឈីវ (Zolochiv) ស្ថិតក្នុងតំបន់ល្វីវ (Lviv) ជិតព្រំដែនប្រទេសប៉ូឡូញ ដែលជាសមាជិករបស់អង្គការណាតូ។
លោក Konashenkov បានបញ្ជាក់ថា ការវាយប្រហារនេះ សំដៅទៅលើកាំភ្លើងផ្លោងហូវីតហ្ស៊ើរ ប្រភេទ 777 ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ត្រូវរក្សាទុកនៅទីនោះ។ ក្រៅពីនេះ យន្តហោះចម្បាំង ចំនួន៤គ្រឿង ក៏ត្រូវបានកងទ័ពរុស្ស៊ី បំផ្លាញនៅកន្លែងផ្សេងទៀផងដដែរ។ ស្របគ្នានេះ រុស្ស៊ី បានវាយប្រហារតាមផ្លូវអាកាស បំផ្លាញ«ប្រព័ន្ធការពារដែនអាកាស»របស់អ៊ុយក្រែន នៅក្នុងអាកាសយានដ្ឋានយោធាមួយកន្លែង ស្ថិតក្នុងតំបន់ភាគខាងត្បូង ទីមីកូឡេវ (Mykolaiv)។
ទោះជាយ៉ាងណា មន្ដ្រីយោធាអ៊ុយក្រែន នៅមិនទាន់បានធ្វើអត្ថាធិប្បាយភ្លាមៗ ជុំវិញការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ី អួតអាងអំពីការវាយប្រហារ ទៅលើឃ្លាំងស្ដុកអាវុធហ្សូឡូឈីវ (Zolochiv) នោះទេ៕