ស្ត្រី​ថៃ​ម្នាក់ ខឹង​ប្ដី​មាន​ស្រី​ច្រើន ជួល​ជនដៃដល់​ទៅ​ប្រ​-​ល័​-​យ ជីវិត​

ព័ត៌មានអន្តរជាតិ
0
819


​រាជធានី​បាងកក​៖ ស្ដ្រី​ម្នាក់ ខឹង​នឹង​ប្ដី​របស់​នាង តែងតែ​បោកប្រាស់ និង លួចលាក់​មាន​ស្ដ្រី​ជាច្រើន​នាក់​ផ្សេងទៀត ទើប​ចុងក្រោយ សម្រេច​ចិ​ត្ដ​ជួល​ជនដៃដល់ ទៅ​ប្រល័យ​ជីវិត​ប្ដី​របស់ខ្លួន ប៉ុន្ដែ​គំនិត​ដ៏​អាក្រក់ ពី​ការប៉ុនប៉ង​ឆក់យក​ជីវិត​របស់​អ្នកដទៃ​នោះ គឺ​មិនអាច​គេ​ផុត ពី​ប៉ូលិស​បានឡើយ​។​

​សារព័ត៌មាន​ថៃ Chaing Rai Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​១៦ ខែមិថុនា ថា ក្រោយពេល​ចាប់ខ្លួន​រួចមក ស្ដ្រី​ជាប់ចោទ វ័យ​៤១​ឆ្នាំ បាន​សារភាព នៅ​ចំពោះ​ប៉ូលិស​ថា គាត់​ពិតជា​បាន​ជួល​ជនដៃដល់ ទៅ​សម្លាប់​ប្តី​របស់ខ្លួន​មែន​។ អំពើ​ឃាត​កម្មនេះ បានកើត​ឡើង ក៏​ដោយសារតែ​នាង​ខឹង​នឹង​ប្ដី​របស់គាត់ បង្កើត​ទំនាក់ទំនង​ស្នេហា​របស់​ជាមួយ​ស្ត្រី​ដទៃ​ច្រើនពេក ហើយ​តែងតែ​មក​ធ្វើបាប​រាងកាយ​គាត់ ជា​ញឹកញាប់​។​

​ស្ដ្រី​ជាប់ចោទ បាន​អះអាង​ទៀតថា គាត់ និង ប្ដី​របស់គាត់ បានរួម​រស់នៅ​ជាមួយគ្នា អស់​រយៈពេល​១១​ឆ្នាំ​កន្លងមកហើយ​។ ប៉ុន្ដែ​ប្ដី​របស់គាត់ តែងតែ​បោកប្រាស់​គាត់ ហើយ​លួច​ទៅ​មាន​ស្ដ្រី​ផ្សេង​ជាច្រើន​នាក់​។ ថ្វីបើ​គាត់​ស្រឡាញ់​ប្ដី​ខ្លាំង​យ៉ាងណាក៏ដោយ តែ​គាត់​នៅតែ​ភ័យខ្លាច​ថា ថ្ងៃ​ណាមួយ​ប្ដី​របស់គាត់ នឹង​សម្លាប់​គាត់​ចោល ព្រោះ​គេ​មាន​កាំភ្លើង​។ ដោយសារតែ​ការព្រួយបារម្ភ អំពី​សុវត្ថិភាព​អាយុជីវិត​ខ្លួនឯង​បែបនេះ ទើប​គាត់​ជួល​ជនដៃដល់ ក្នុងតម្លៃ​១​សែន​បាត (​ប្រាក់​ថៃ​) ឬ​ស្មើនឹង​២៨៥០​ដុល្លារ​សហរដ្ឋអាមេរិក ឲ្យ​លួច​សម្លាប់​ប្ដី​របស់គាត់​ចោល​តែម្ដងទៅ​។

​ប៉ូលិស​ថៃ បាន​អះអាងថា ប៉ូលិស​ផ្នែក​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច បាន​ចាប់ខ្លួន​ស្ដ្រី​ជាប់ចោទ​ឈ្មោះ ចា​រឿន​ស្រី ថុង​ខាម (Charoensri Thongkham ) អាយុ​៤១​ឆ្នាំ នៅមុខ​ហាង​ម៉ាស្សា​បែប​ប្រពៃណី​ថៃ​មួយកន្លែង ស្ថិតក្នុង​សង្កាត់​បាង​ខែ​ន (Bang Khen) ទីក្រុង​បាងកក កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែមិថុនា​។ ស្ដ្រី​ជាប់ចោទ ត្រូវបាន​តុលាការ​ចេញ​ដីកា បង្កា​ប់​ឲ្យ​ចាប់ខ្លួន ក្រោម​ការចោទប្រកាន់ ពីបទ​រៀបចំ និង ធ្វើជា​មេខ្លោង នៃ​អំពើ​ឃាតកម្ម​ទៅលើ​ប្ដី​របស់គាត់ ចោរកម្ម ព្រមទាំង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​៕